អានតួអត្ថបទ

លោកអាបេ​​ចង់ជួបប្រជុំ​ជាមួយលោកគីម​ ជុងអ៊ុន​ ដើម្បីដោះស្រាយ​បញ្ហាមិនទុកចិត្តគ្នា​

នាយករដ្ឋមន្ត្រីជប៉ុន​លោកស្ហីនហ្សូ​ អាបេ​ បាននិយាយ​នៅថ្ងៃចន្ទ​ ទី ២៨​ មករា​ នេះថា​ ជប៉ុន​ ប្រាកដ​នឹងអាច​បំបែក​នូវរាល់បញ្ហា​មិនទុកចិត្តគ្នា ​ជាមួយនឹង​ប្រទេសកូរ៉ខាងជើង​បាន​ ប្រសិនណាបើ​ លោក​អាច​ជួបចរចា​ទល់មុខគ្នា​ ជាមួយនឹង​លោកគីម ជុងអ៊ុន​។ បន្ថែមលើនេះ​ លោកអាបេ​ ក៏សង្ឃឹម​យ៉ាងមុតមាំ​ដែរថា​ ការជួប​ពិភាក្សា​ទ្វេភាគី​រវាងលោក​ និង​មេដឹកនាំកូរ៉េខាង​ជើង​គឺលោក​គីម ជុងអ៊ុន​ ក៏អាចនឹង​ស្តារទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ ដែលធ្លាប់តែមាន​ឈ្មោះក្នុងប្រវត្តិសាស្ត្រ​ថាជាសត្រូវនឹងគ្នានោះ​។

នាយករដ្ឋមន្ត្រីជប៉ុនលោកស្ហីនហ្សូ អាបេ
នាយករដ្ឋមន្ត្រីជប៉ុនលោកស្ហីនហ្សូ អាបេ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​នឹងខិតខំប្រឹងប្រែង​ ឲ្យអស់ពីចិត្ត​ពីថ្លើម​ ហើយ​មិនធ្វើឲ្យបាត់បង់​នូវរាល់ឳកាស​ ក្នុងការ​ដោះស្រាយឲ្យបាន​នូវភាពមិនទុកចិត្តគ្នា​ទៅវិញទៅមក​រវាងប្រទេសជប៉ុន​ និងកូរ៉េខាងជើងឡើយ​។ រូបខ្ញុំផ្ទាល់​ នឹងជួបទល់មុខគ្នា​ជាមួយលោកប្រធាន​គីម​ ជុងអ៊ុន​ …ដើម្បីដោះស្រាយ​បញ្ហាអាវុធនុយក្លេអ៊ែរ​ និងមីស៊ីល​ របស់កូរ៉េខាងជើង​ ព្រមទាំង​ការចាប់ពង្រត់ពលរដ្ឋជប៉ុន​នៅក្នុង​ទឹកដីកូរ៉េខាងជើង​”។ នេះ​ គឺជាការថ្លែង​របស់លោកស្ហីន​ ហ្សូអាបេ​ ធ្វើឡើង​ក្នុងពេល​បើកកិច្ចប្រជុំ​សភាជាតិ​។

ទោះបីជា​លោក​អាបេ​ បានលើកឡើងអំពី​គម្រោងជួបជាមួយ​ ប្រមុខដឹកនាំ​កូរ៉េខាងជើង​យ៉ាងណាក្តី​ ក៏ប៉ុន្តែ​លោកមិនបានបញ្ជាក់ប្រាប់អំពី​កាលបរិច្ឆេទ​ នៃ​កិច្ចប្រជុំ​ក៏កម្រនេះនៅឡើយទេ​។ តែទោះជាបែបនេះក្តី​ គេមើលឃើញថា​ លោក​អាបេ​ បានលើកឡើងពី​ផែនការ ជួបពិភាក្សានេះ​ គឺក្រោយពី​មានលេចឮដំណឹង ​អំពីជំនួបលើកទី២​ រវាងប្រធានាធិបតី​អាមេរិក​ គឺលោក​ដូណាល់ ត្រាំ​ និងលោក​គីម ជុងអ៊ុ​ ដែលគ្រោងនឹង​ប្រព្រឹត្តនៅចុងខែ​កុម្ភៈ​ ឆ្នាំ២០១៩ នេះ​។

សូមជ្រាបថា​ ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រីជប៉ុន​ ពីចេតនា​ចង់ផ្សះផ្សារ​ទំនាក់ទំនងជាមួយ​កូរ៉េខាងជើង​ នាខណៈនេះ​ គឺខុសគ្នាផ្ទុយស្រលះ​ ពីឆន្ទៈ​របស់លោក​កាលពីឆ្នាំកន្លងទៅ​។ កាលពីឆ្នាំ​ ២០១៨​ លោក​អាបេ​ បានថ្លែងដោយសម្តី​មុតមុត​ ក្នុងរដ្ឋសភា​ អំពីវិធានការក្តៅ ដើម្បីពត់​កូរ៉េខាងជើង​ឲ្យផ្លាស់ប្តូរ​គោលនយោបាយដឹកនាំ​ និងថា​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ​ និងមីស៊ីល​ របស់កូរ៉េខាងជើង​ គឺជាការ​គំរាមកំហែង​ដ៏សែនគ្រោះថ្នាក់បំផុត​។

សូមជ្រាបថា​ ទោះបីជា​ លោកអាបេ​ បានបង្ហាញពី​ចេតនាល្អ​ ទៅរក​របបដឹកនាំកូរ៉េខាងជើង​យ៉ាងណាក្តី​ តែរហូតមកដល់ពេលនេះ​ គេនៅមិនទាន់ឃើញ​លោកគីម ជុងអ៊ុន ​បញ្ចេញប្រតិកម្ម​ ថាចង់ជួប​លោកអាបេ​វិញ​ឬក៏អត់នោះទេ​។

ដោយឡែក​ រឿង​ដ៏គួរឲ្យកត់សម្គាល់​នោះ​ គឺថា​ គេតែងតែឃើញ​បណ្តាញសារព័ត៌មានរដ្ឋ​របស់កូរ៉េខាងជើង​ផ្សព្វផ្សាយយ៉ាងសកម្ម​អំពីទង្វើរបស់ជប៉ុន​ក្នុងសម័យសង្គ្រាម​ និង​ការបង្កើន​ថវិកា​លើវិស័យការពារជាតិ​របស់រដ្ឋាភិបាលជប៉ុននាពេលសព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ