អានតួអត្ថបទ

ក្រុមហ៊ុន​ Huawei គ្រោងប្តឹង​អាមេរិក​ទាក់ទងនឹង​ជម្លោះ​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​

ជម្លោះពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​ រវាង​អាមេរិក​ និង​ចិន​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន​ Huawei បានក្លាយទៅជា​បញ្ហា​ដ៏ក្តៅគគុក​ ប្រៀបបី​ដូចជា​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​។ មិនតែប៉ុណ្ណោះ​ ដោយសារតែ​បញ្ហានេះ​ នៅតែ​ស្មុគស្មាញ​ខ្លាំងឡើងៗ​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ ជាពិសេស​ដោយសារ​ទទួលរង​សំពាធ​យ៉ាងច្រើន​ រដ្ឋាភិបាលចិន​ និង​ក្រុមហ៊ុន​ Huawei ​កំពុង​រៀបចំ​គម្រោង​ប្តឹង​ប្រឆាំង​តបត​ទៅនឹង​សហរដ្ឋអាមេរិក​វិញ​។

ស្ត្រីម្នាក់ដើរកាត់ហាងលក់ទូរស័ព្ទដៃ Huawei មួយកន្លែង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២ មីនា ឆ្នាំ២០១៩។
ស្ត្រីម្នាក់ដើរកាត់ហាងលក់ទូរស័ព្ទដៃ Huawei មួយកន្លែង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២ មីនា ឆ្នាំ២០១៩។ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ព្រមទាំង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន​Huawei កំពុងតែ​រៀបចំ​ប្តឹង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ពាក់ព័ន្ធទៅនឹង​វិវាទ​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​រវាងគ្នា​ ដែល​កំពុងតែ​រីក​សាយភាយខ្លាំង​គួរឲ្យកត់​សម្គាល់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ Reuters​។

រហូតមកដល់ពេលនេះ​ ខាងក្រុមហ៊ុន​Huawei នៅរក្សា​ភាពស្ងប់ស្ងាត់​ និងនៅ​មិនទាន់​បានចេញមុខ​បកស្រាយ​ជាផ្លូវ​ការណា​មួយឡើយ​ ទាក់ទងនឹង​គម្រោង​ប្តឹង​ផ្តល់​ខាងលើនេះ​។ ក៏ប៉ុន្តែ​ បើតាម​សារព័ត៌មាន​ Reuters​ រដ្ឋាភិបាល​ចិន​ នឹង​រួមដៃគ្នា​ជាមួយ​Huawei ​ប្តឹង​រដ្ឋាភិបាលអាមេរិក​ ដោយសារតែ​ខឹង​ហើយ​ទ្រាំមិនបាន​តទៅទៀត​ ចំពោះ​សំពាធ​ធំៗពីរ​ ដែល​រដ្ឋបាល​លោកត្រាំ​ដាក់លើ​ Huawei​។

បើតាមប្រភព​ពី​ Reuters ដដែល​ បណ្តឹងទី១​ ចិន​អាចប្តឹង​អាមេរិក​ ពាក់ព័ន្ធនឹង​រឿង​ដែល​រដ្ឋាភិបាលទី​ក្រុងវ៉ាស៊ីនតោន​ សម្រេច​អនុម័ត​លើច្បាប់​ ហាមប្រាម​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​មិនឲ្យទិញ​ឧបករណ៍​ទូរស័ព្ទ​ពីក្រុមហ៊ុន​Huawei

ចំណែកបណ្តឹង​ទី២​វិញ​ ក្រុមហ៊ុន​ Huawei នឹង​តវ៉ា​ចំពោះ​អាមេរិក​ ដែល​កាលពីឆ្នាំទៅ​ បានសម្រេច​អនុម័ត​លើច្បាប់មួយ​ផ្សេងទៀត​ ដែល​តម្រូវ​ឲ្យមានការ​ត្រួតពិនិត្យលើ​ កិច្ចសន្យា​រវាង​រដ្ឋាភិបាល​អាមេរិក​ ជាមួយនឹង​ក្រុមហ៊ុន​ចិន​ ជាពិសេស​ហាមឃាត់​មិនឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​Huawei ឡើយ​។

ក្រៅពីនេះ​ សហរដ្ឋអាមេរិក​ក៏​បាន​អំពាវនាវឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ ឈប់ប្រើ​ឧបករណ៍​ និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Huawei ដែរ​ដោយ​បារម្ភខ្លាចពី​បញ្ហាសុវត្ថិភាព​។ នៅគ្រាកន្លងមក​ អាមេរិក​ធ្លាប់បាន​លើកឡើងថា​ គ្រឿងក្នុង​ទូរស័ព្ទ​របស់Huawei មាន​បំពាក់​ឧបករណ៍​ដើម្បីធ្វើចារកម្មឲ្យ​រដ្ឋាភិបាល​ចិន​។

យុទ្ធនាការ​របស់​អាមេរិក​ប្រឆាំងទៅនឹង​ ក្រុមហ៊ុន​ Huawei នៅ​មួយរយៈពេល​ចុងក្រោយ​នេះ​បានធ្វើឲ្យ​រដ្ឋាភិបាលចិន​ និង​ក្រុមហ៊ុន​ Huawei កើតទុក្ខ​មិនសុខចិត្ត​ជាខ្លាំង​។ មួយវិញទៀត​ គម្រោង​ប្តឹង​តបត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​រាំងខ្ទប់​ដំណើរ​រកស៊ី​របស់​ Huawei គឺជា​តឹកតាង​បញ្ជាក់ថា​ចិន​កំពុង​ក្រោកឈរ​តតាំង​នឹង​អាមេរិក​ដោយ​មិនខ្លាចរអា​អ្វីឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ