អានតួអត្ថបទ
កូរ៉េ​ខាងជើង

កូរ៉េខាងជើង​អះអាង​ពី​សមត្ថភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដែលអាច​បំពាក់​លើ​មីស៊ីល

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​អះអាង​ថា ក្រុមអ្នក​វិទ្យាសាស្រ្ត​កូរ៉េ​ខាងជើង​បាន​ទទួល​ជោគជ័យ​ក្នុងការ​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូចល្មម​អាច​នឹង​បំពាក់​លើ​​មីស៊ីល​បាលីស្ទិក​បាន​ហើយ នៅ​ពេលនេះ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ​ហាក់ដូចជា​នៅតែ​មាន​មន្ទិល​សង្ស័យ​ច្រើន​នៅឡើយ លើ​ការ​អះអាង​នេះ។

North Korean leader Kim Jong Un (C) smiles as he guides a test fire of a new multiple launch rocket system in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang March 4, 2016.
North Korean leader Kim Jong Un (C) smiles as he guides a test fire of a new multiple launch rocket system in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang March 4, 2016. REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជាលើកទីមួយ​ទេ ដែល​កូរ៉េខាងជើង​អះអាងអំពី​​ភាព​ជឿន​លឿន ក្នុងការ​​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​អាចប្រើប្រាស់​វាយប្រហារ​លើ​គូសត្រូវ​របស់​ខ្លួន​បាន។ ក៏ប៉ុន្តែ នេះ​គឺ​ជាលើកទីមួយ ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​ប្រកាស​ច្បាស់ៗ អំពី​សមត្ថភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​មាន​ទំហំ​តូចល្មម​អាច​បំពាក់​លើ​មីស៊ីល​បាលីស្ទិក​បាន។

បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​ក៏​បាន​ចុះផ្សាយ​ផងដែរ​នូវ​រូបថតរបស់​លោក​គីម ជុងអ៊ុន ដែលកំពុងឈរក្បែរ​វត្ថុរាងស្វ៊ែរ​មួយ ដែល​គេ​អះអាង​ថា ជា​ប្រភេទ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទំនើបថ្មី ដែល​កូរ៉េ​ខាងជើង​ទើប​នឹង​ផលិត​បាន។ លោក​គីម ជុងអ៊ុន ក៏​បាន​អះអាង​ផងដែរ​ថា ក្បាលគ្រាប់​នុយក្លេអ៊ែរ​ថ្មី​នេះ គឺ​ជា​​ក្បាលគ្រាប់​ទែរម៉ូ​នុយក្លេអ៊ែរ (Thermonuclear) ឬ​គ្រាប់បែក​អ៊ីដ្រូសែន ដែល​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ដ៏ទំនើប និង​មាន​កម្លាំង​ផ្ទុះ​ខ្លាំងជាង​គ្រាប់បែក​នុយក្លេអ៊ែរ​ធម្មតា។

អ្នកជំនាញ​អន្តរជាតិ​​ខាងអាវុធ​នុយក្លេអ៊ែរ​វិញ​បាន​លើកឡើង​ថា វត្ថុរាងស្វ៊ែរ​ដែល​បង្ហាញ​នៅ​ក្នុង​រូបថតចុះផ្សាយ​ដោយ​សារព័ត៌មាន​កូរ៉េ​ខាងជើង គឺ​ពិតជា​មាន​រូបរាង​ដូច​ក្បាលគ្រាប់​នុយក្លេអ៊ែរ​សម្រាប់​ប្រើ​បំពាក់​លើ​មីស៊ីលបាលីស្ទិក​បានមែន ក៏ប៉ុន្តែ ទោះជា​យ៉ាងណា បើ​គ្រាន់តែ​សំអាង​លើ​រូបថតមួយសន្លឹកនេះ គេ​មិន​អាច​ធ្វើ​ការ​វិនិច្ឆ័យ​​​ថា ​តើ​នេះ​ជា​ក្បាលគ្រាប់នុយក្លេអ៊ែរ​ពិតប្រាកដ​មែន​ដែរ​ឬ​ក៏​យ៉ាងនោះទេ។

គួរបញ្ជាក់ថា រហូតមកទល់នឹង​ពេលនេះ អ្នក​ជំនាញ​ស្ទើរតែ​គ្រប់រូប​សុទ្ធតែ​ទទួលស្គាល់​ថា កូរ៉េ​ខាងជើង​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ​បាន​មែន ក៏ប៉ុន្តែ ក្បាលគ្រាប់ដែល​ផលិត​បាននេះ​មាន​ទំហំ​ធំ ដែល​មិន​អាច​បំពាក់​លើ​មីស៊ីល ដើម្បី​ធ្វើការ​វាយប្រហារ​ទៅលើ​គូសត្រូវ​បាន​នោះទេ។

បើទោះបីជា​មាន​ការអះអាង​ជាច្រើន​លើក​​ពី​សំណាក់​មេដឹកនាំ​កូរ៉េ​ខាងជើង អំពី​សមត្ថភាព​ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ​ទំហំតូច ក៏ប៉ុន្តែ គេនៅតែ​មាន​មន្ទិល​សង្ស័យ ដោយសារ​តែ​គេ​សង្កេតឃើញ​ថា នៅ​រាល់​ពេល​ដែល​កូរ៉េ​ខាងជើង​​​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន រួមទាំង​ការ​សាកល្បង​ថ្មីចុងក្រោយ កាល​ពីខែ​មករា​កន្លងទៅនេះ ​សុទ្ធតែ​ត្រូវ​បាន​ធ្វើឡើង ក្នុងរូបភាព​ជាការ​ចុចបំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ក្រោមដី​ទាំងអស់ ដោយ​ មិនឃើញ​​មាន​ការ​សាកល្បង​ដោយ​បំពាក់​ក្បាលគ្រាប់​នុយក្លេអែរ​លើ​មីស៊ីល​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ