អានតួអត្ថបទ
បទយកការណ៍

កូវីដ១៩បង្អាក់ដំណើរ អ្នក ជំងឺ របេង ស្វែង រក សេវា ព្យាបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ស្ថានភាព​កូវីដ១៩ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រាំង​ស្ទះ​ដល់​កម្មវិធីជាតិ​ប្រយុទ្ធ​នឹងជំងឺ​របេង ដែល​ប៉ះពាល់​ដល់​ដំណើរ​ការ​រុករក​អ្នក​ជំងឺ​របេង​សេសសល់​ប្រមាណ​ជា​៣០​ភាគរយ ក្នុងចំណោម​អ្នក​ជំងឺ​សរុប​យ៉ាង​ហោច​៥​ម៉ឺន​នាក់។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​កម្មវិធី​ជាតិ​ ប៉ុណ្ណោះ​ទេ កូវីដ១៩ក៏​បាន​បង្អាក់​ដំណើរ​អ្នក​ជំងឺ​របេង ក្នុង​ការ​ស្វែង​រក​សេវា​ព្យាបាល​ដែរ។ នេះ​ក៏​ដោយ​សារ​តែ​របេង និង​កូវីដ អាការៈ​ជំងឺ​ស្រដៀង​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រូពេទ្យ​មួយ​ចំនួន​ខ្លាច​រអា​អ្នក​ជំងឺ​របេង។

រូបតំណាងនៃអាការៈរបេង
រូបតំណាងនៃអាការៈរបេង © Internet
ផ្សាយពាណិជ្ជកម្ម

«គេ​(ពេទ្យ)​អត់​មើល​ខ្ញុំទេ… ព្រោះ​គេ​ថា ស្ថានភាព​ខ្ញុំ​កូវីដ បន្ទាប់​ពី​ខ្ញុំ​ក៏​ទៅ​រក​គ្រូពេទ្យ [សុំ] ឲ្យ​ជួយ​មើល​ជំងឺដោយ​ប្រាប់​ថា លោក​គ្រូពេទ្យ​អើយ ខ្ញុំ​ទំនង​ជា​កើតរ​បេង​ហើយ ហើយ  ពេទ្យ ក៏ សួរ ត្រឡប់មកវិញថា អ៊ំឯង​ដឹង​មក​ពីណា? ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា ខ្ញុំ​មិន​ដឹ​ងទេ​ព្រោះ​នៅ​ក្នុង​ខ្លួន តែ​ខ្ញុំ​គ្រាន់​តែ​សង្ស័យ… ដល់​ហើយពេទ្យ​ថា អត់​ស្រួល​ទេ អ៊ំ​ឯង​ដឹង​តែ​កើត​កូវីដ​ហើយ​ ភ្លាម​នោះ គេ​ក៏​ហៅ​ឡាន​មក​យក​ខ្ញុំ​ជា​បន្ទាន់​ តែ​អ៊ំបដិសេធ​អត់​ឡើង [ឡាន] ទេ ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ តែ​អាការៈ​ខ្ញុំ​មិនមែន​កូវីដទេ ព្រោះ​ស្ដោះ​ទឹកមាត់​មក​ឈាម ក្អក​ក៏​ចេញ​ឈាម ហើយ​បើ​ក្អក​វិញ ចង់​លាន​ភ្នែក។» នេះ​ជា​ស្ថានភាព​ចំពោះ​មុខ​ដែល​អ្នកស្រី សារ៉ែន ជា​ឈ្មោះ​មិន​ផ្លូវការ ពើប​ប្រទះ​អំឡុង​ពេល​ទៅ​ស្វែង​រក​សេវា​ព្យាបាល​ជំងឺ​របង​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩ គំរាម​កំហែង​ខ្លាំង​កាល​ពី​គ្រា​មុន។

អន់ចិត្ត​ចំពោះ​ការ​យល់​ច្រឡំ​របស់​គ្រូពេទ្យ ស្រីស​ដែល​ជា​កូន​អ្នកស្រី​សារ៉ែន និង​ទទួល​បន្ទុក​មើល​ថែទាំ​ម្ដាយ ហើយ​ធ្លាប់​កើត​កូវីដ​និយាយ​ថា «ខ្ញុំ​ធ្លាប់​កើត​កូវីដ ខ្ញុំ​ដឹង​ថា កូវីដ​មាន​អាការៈ​បែប​ណា ​ហើយ​អាការៈម្ដាយ​ខ្ញុំ​មិនមែន​កើត​កូវីដ​ទេ។  បើ​មាន​មែន ម្ល៉េះ​ស្លាប់​បាត់​តាំង​ពី​យូរ​ហើយ ព្រោះគាត់​ឈឺស្រាប់។ តែ​ថា ទៅ​កាល​ហ្នុង (អំឡុង​ពេល​បិទ​ខ្ទប់​កាល​ពី​ឆ្នាំ​២០២១) កូវីដ​ផ្ទុះ​ខ្លាំង​ អ្នក​ណា​ក៏​ខ្លាច​ អ្នកណា​ក៏​បារម្ភ​ គ្រាន់តែ​ខ្ញុំ​ឆ្ងល់​ពេទ្យ​ស្រុក​ខ្ញុំ​ហ្នឹង អត់​ស្ដាប់​ហេតុ​ផល ហើយ​រើស​អើង​ខ្លាំង​មែន​ទែន។»

ក្រោយ​បដិសេធ​មិន​ទទួល​ការ​ព្យាបាល​ជំងឺ​របេង ស្រីស​ដឹក​ដៃ​ម្ដាយ​មក​ផ្ទះវិញ ហើយ​ក្រុមគ្រួសារ​និង​អ្នកស្រីសារ៉ែន​ខ្លួន​ឯង​ក៏ សម្រច​ជ្រើស​យក​ផ្លូវ​ធម៌​រំងាប់​អារម្មណ៍ ព្រោះ​គិត​ថា ជីវិត​នឹង​ស្លាប់​ដោយ​សារ​រាងកាយ​ចុះ​ទ្រុឌ​ទ្រោម។ «ពេលនោះ កម្លាំង​ខ្ញុំ​ចុះ​ខ្សោយ… ព្រោះ​អស់​សង្ឃឹម​ខ្លួន​ឯង​អត់ [រស់] ទេ ព្រោះ​មាត់ខ្ញុំ កូន​បញ្ច្រក់​ទឹក​លែង​ចូល​ហើយ​ហ្នឹង។»

ជីវិត​ដែល​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដោយ​សារ​ជំងឺ​របេង បាន​ប្រែ​ពី​អស់​សង្ឃឹម​ទៅ​ជា​ញញឹម នៅ​ពេល​អ្នកស្រីទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​វិញ បន្ទាប់​ពី​មាន​ការ​ជម្រុញ​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ពេទ្យ​ឯកជន​មួយ​កន្លែង​បាន​ប្រាប់​ថា អ្នកស្រី​ពិត​ជា​កើត​មាន​ជំងឺ​របេង​ប្រាក​ដមែន។ «ពេទ្យ​ឯកជន​ជួស​ឈាម​ក៏ឃើញ​របេង ហើយថា សួត​របស់​ខ្ញុំ [ហ្នឹង] មេរោគ​នឹង​ស៊ី​អស់​ក្នុង​ពេល​ដ៏ខ្លី បើ​មិន​ប្រញាប់​មក​ស្វែង​រក​សេវាព្យាបាល​ទេ។ ពេទ្យឯកជន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ស្វែង​រក​ថ្នាំ​របេង​នៅ​មន្ទីរពេទ្យ​ស្រុក​វិញ ព្រោះពេទ្យឯកជន​ក្នុងតំបន់​ខ្ញុំ​រស់​នៅ មិនមាន​ថ្នាំ​របេង​ទេ។ បន្ទាប់​ពី​មាន​សំបុត្រ​បញ្ជាក់​ពីពេទ្យ​ឯកជន ខ្ញុំ​ក៏​មក​យក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រដ្ឋ​រៀងរាល់​ពេល​កំណត់ ដែល​គិត​មក​ដល់​ខែ​កុម្ភះ​នេះ គឺ​មាន​រយៈ​ពេល​ពីរ​ខែ​កន្លះ​ហើយ សុខភាព​ក៏ល្អ​ប្រសើរ​វិញ។»

ជា​អ្នក​ខេត្ត​កណ្ដាល និង​ស្ដាប់​មើល​ទៅ​ជា​មនុស្ស​បាន​សម្ដី អ្នកស្រីសារ៉ែន មាន​វ័យ​៥៦​ឆ្នាំ។ អ្នក​ស្រី​ដាក់ការ​សង្ស័យ​ដោយ​ខ្លួនឯង​ថា ទំនង​ជា​កើត​មាន​ជំងឺ​របេង​ទឹក​នោម​ផ្អែម ព្រោះ​រាល់​ថ្ងៃ​អ្នក​ស្រី​កំពុងព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ ហើយ​កន្លង​មក​អ្នក​ជំនាញ​ផ្នែក​សុខភាព ក៏​បាន​ដាក់​ក្ដី​ព្រួយ​បារម្ភ​ពី​ប្រភេទជំងឺ​របេង​ទឹក​នោម​ផ្អែម

ដូចយើង​ដឹង​ហើយ​ថា ជំងឺ​កើត​លើ​មនុស្ស​គ្រប់វ័យ គ្រប់ឋានៈ ពណ៌សម្បុរ ឲ្យ​តែ​ប្រហែស​ខ្លួន។ ជាក់ស្ដែង​កុមារី​វ័យ​១០​ឆ្នាំ​ម្នាក់ ឈ្មោះម៉ាលី បាន​កើត​ជំងឺ​របេង​កូន​កណ្ដុរ​នៅ​កៀន​ត្រចៀក ដែល​ស្ដែង​ឡើងតាម​រយៈ​ការ​ក្ដៅ​ខ្លួន​ជាប់​ជា​ប្រចាំ។ លោកស្រី ឈឿន ធឿន ដែល​ជា​ជី​ដូន​របស់​ម៉ាលី​ឲ្យ​ដឹង​ថា ម៉ាលីចូល​ខ្លួន​ព្យាបាល​ជិត​៦​ខែ​ហើយ​គិត​មក​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០២២នេះ។ «ពេល​លេប​ថ្នាំ​របេង​ដំបូង​ វា (ម៉ាលី) ប្រាប់​ថា ធ្វើ​ទុក្ខ ដល់​បួន​ប្រាំ​ថ្ងៃ​ក្រោយ​មក​ក៏​ធូរ​ស្រាល​វិញ។»

មាន​រូបរាង​ស្គម តូចស្ដើង ម៉ាលី ត្រូវ​បាន​លោកស្រី ឈឿន ធឿន ចិញ្ចឹម​បី​បាច់​តាំង​ពី​តូច​ក្រូច​ឆ្មារ។ បើតាម លោកស្រី ឈឿន ធឿន ម៉ាលី​នាង​មាន​សុខភាព​ខ្សោយ​តាំង​ពី​កំណើត ហើយ​ពេល​បច្ចុប្បន្ន​នេះ កើត​ជំងឺ​របេង​ក្នុង​ពេល​ដែល​កូវីដ​កំពុង​វាយ​ឡុក​ទៀត មិន​បាន​ធ្វើ​ឲ្យ​អ្នកស្រីឈឿន ធឿន ញញឹម​ស្រស់ឡើយ  ដោយ​បញ្ហា​នៅ​ត្រង់​ថា ចង់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ តែ​ចាក់​មិន​បាន «ពេទ្យ​ថា ចាំ​ឲ្យ​ជា​របេងសិន ទើប​បាន​ចាក់​វ៉ាក់​សាំង​កូវីដ១៩​បាន។»

បច្ចុប្បន្ន​អាការៈ​របេង​របស់​កុមារី​ម៉ាលី​បាន​ធូរ​ស្បើយ​ច្រើន ក្រោយ​ប្រើ​ការ​ព្យាបាល​រយៈ​ពេល​ជិត​៦ខែ។ តែ​ទោះ​ជា​ធូរ​ស្បើយ នៅ​ពេល​គ្មាន​វ៉ាក់សាំង​ដែល​ជា​អាវុធ​ការពារ​ខ្លួន​ពី​ខាង​ក្នុង​លោកស្រី ឈឿន ធឿន នៅ​តែ​កង្វល់​និង​បង្កើន​អនាម័យ​ទ្វេ​ដង​ដល់​ចៅស្រី ដោយ​ពាក់ម៉ាស់​ជាប់​ជា​និច្ច និង​បង្កើន​ការ​លាង​ដៃជាប់​ជា​ប្រចាំ នៅ​ចំពោះ​ការ​រីករាល​ដាល​នៃ​មេរោគ​អូមីក្រុង។

ត្បិតថា​ របេង​ជា​ជំងឺ​ចាស់​វស្សា​និង​មិន​គ្រោះថ្នាក់​ខ្លាំង​ដូច​កូវីដ តែ​បើ​ប្រហែស​ខ្លួន​តែ​បន្តិច វា​អាច​កើតឡើង​មួយ​រំពេច។ នេះ​ជា​បទ​ពិសោធន៍​របស់កុមារា​ ហួ លីហួត មាន​អាយុ​១៦​ឆ្នាំ ដែល​កំពុង​តែ​កើត​មានរបេង​កូន​កណ្ដុរ​ក្នុង​ពោះវៀន។ អាការៈ​របេង​របស់​លីហួត ស្ដែង​ឡើង​តាមរយៈ​ការ​ចុក​ចុង​ដង្ហើម​និង​ថប​ដង្ហើម «ខ្ញុំ​កើត​ជំងឺ​របេង​ដោយសារ​អត់​ញាំ​បាយ​ព្រឹក ហើយ​ញាំ​តែ​ភេសជ្ជៈកំប៉ុង​ដូច​ជា ទឹក​ក្រូច​ជំនួស​ទៅវិញ។»

មិន​ធ្ងន់​ហើយ​ក៏​មិន​ស្រាល។​​ នេះ​ជា​អ្វី​ដែល​គ្រូពេទ្យ​ប្រាប់​មក​លីហួត ហើយ​ដូច​អ្នក​ជំងឺ​ឯទៀត​ដែរ លីហួត ត្រូវ​ប្រើ​ពេល​វេលា​ព្យាបាល​៦ខែ និង​ប្ដូរ​ទម្លាប់​មិន​ល្អ​ចេញ​ដោយ​ងាក​មក​បរិភោគ​អាហារ​ទៀង​ពេល​​និង​បញ្ឈប់​ការ​ទទួល​ទាន​ភេសជ្ជៈ​កំប៉ុង។ «ពី​មុន​មក​ខ្ញុំ​មិន​គិត​ថា វា​មិនមែន​ជា​ជំងឺ​របេង​ទេ… គិត​ថា ឈឺក្រពះ​ធម្មតា តែ​ញាំ​ថ្នាំ​ក្រពះ​ទៅ​ក៏​មិន​បាត់ ហើយ​យូរ​ទៅៗ​ក៏​ចេះ​តែ​ឈឺ​ទៅ​ក៏​ទៅពេទ្យ​ថត​បាន​ឃើញ​ថា ខ្ញុំកំពុង​កើត​មាន​ជំងឺ​របេង​កូន​កណ្ដុរ​ក្នុង​ពោះវៀន។»

តិច​ឬ​ច្រើន​របង​បាន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារា ដែល​មាន​រូបរាង​ស្គម និង​សម្បុរ​ស​ស្ដើង​រូបនេះ។ «ពេល​រៀន​ទៅ​មាន​អារម្មណ៍​ចុក​ទ្រូង​តិចៗ…តែ​សរុប​ទៅ​ធូរ​ស្រាល​បាន​ច្រើន​នៅ​ពេល​ដែល​លេបថ្នាំ​ជិត​៦​ខែ​មក​នេះ។» ខុស​ពី​ម៉ាលី លី​ហួត​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ១៩​ចំនួនបី​លើក​រួច​មកហើយ អំឡុង​ពេល​ព្យាបាល​រោគរបេង​នេះ។

អង្គការ​ខាណា​និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​និង​ហង់សិន ប៉ាន់​ប្រមាណថា អ្នក​ជំងឺ​របេង​មានចំនួន​ចន្លោះ​៤​ទៅ​៥ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០២១ ទាំង​ចំនួន​ជាក់ស្ដែង​និង​ចំនួន​កំពុង​ស្រាវជ្រាវ។ កម្ពុជា​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៣០​ដែល​មាន​បន្ទុក​ជំងឺ​របេង​នៅ​ខ្ពស់​នៅឡើ​យ។ នេះ​បើ​តាម​អង្គការសុខភាព​ពិភព​លោក។

ដោយ​ឡែក អត្រា​អ្នក​ស្លាប់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២១ មានចំនួន​៣,២​ភាគរយ​ក្នុង​ចំណោម​អ្នក​ព្យាបាលជាង​២​ម៉ឺន​នាក់ (២១៦៧២)។ ចំនួន​អ្នក​ស្លាប់៣,២ភាគរយនេះ មាន​ការ​កើន​ឡើង១,៨ភាគរយ បើធៀប​នឹង​ឆ្នាំ​២០២០។

អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ព្រមានថា របេង​នៅ​តែ​ជា​ជំងឺ​ឆ្លង​ដ៏​សាហាវ​ ដែល​បន្ត​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ នៅ​អំឡុង​ពេល​កូវីដ១៩  បន្ទាប់​ពី​របាយការណ៍​ស្ដីពី​របេង​សកលរបស់​អង្គការ​សុខភាព​ពិភព​លោក​ឆ្នាំ​២០២១បង្ហាញថា  វិបត្តិកូវីដ  បានធ្វើឲ្យ  ចំនួន  មនុស្ស  ស្លាប់ ដោយ  ជម្ងឺរបេង  កើនឡើង គួរឲ្យ  បារម្​។ ទន្ទឹម​នឹង​ការ​ស្លាប់​កើន​ឡើង វឌ្ឍនភាព​នៃ​ការស្រាវជ្រាវ​ជំងឺ​របេង​ក៏​មាន​ការ​ថយ​ចុះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វឌ្ឍនភាព​បញ្ចប់​ជំងឺ​នៅ​ឆ្នាំ២០៣០ ពោល​គឺ​ថយ​ក្រោយ​៨ឆ្នាំ។

លោកជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា
លោកជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា © FB

លោក  ជួប សុខចំរើន នាយក​ប្រតិបត្តិ​របស់​អង្គការ​ខាណា លើកឡើង​ថា ដើម្បី​បញ្ចប់​ជំងឺ​របេងទាំង​ស្រុង​បាន​លុះត្រា​តែ​អ្នក​កើត និង​អ្នក​ឈឺ​ទទួល​បាន​ការ​ព្យាបាល​ដូច​គ្នា។ ចំណែក​អ្នក​រស់​នៅ​ជាមួយ​អ្នកជំងឺ​របេង ក៏​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​បង្ការ​ជំងឺ​របេង​ដែរ។ «ទាំងនេះ​ជា​ចំណុច​សំខាន់ ប៉ុន្តែសាធារណ​ជន​ហាក់​ដូច​ជា​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ ទោះ​បី​ជា​ក្រសួង​សុខាភិបាល​បាន​ធ្វើការផ្សព្វផ្សាយ​ច្រើន​ហើយ​ក៏​ដោយ»។

លោក ជួប សុខចំរើន បន្ថែមថា ពីពេល​នេះ​ដល់​ឆ្នាំ២០៣០ ពេលវេលា​នៅ​មាន​មិន​ច្រើន​ទេ​សម្រាប់ប្រទេស​កម្ពុជា ក្នុង​ការ​បញ្ចប់​ជំងឺ​របេង។ ដំណាលគ្នានេះ ទិសដៅ​របស់​ពិភព​លោក​ដាក់​ចេញ​ក្នុង​ឆ្នាំ២០១៨ ឆ្ពោះ​ទៅ​រក​ការ​ព្យាបាល​មនុស្ស​ឲ្យ​បាន​៤០លាន​នាក់ និង​បង្ការ​៣០​លាន​នាក់​កុំឲ្យ​ឆ្លង​របេង​នៅឆ្នាំ២០២៣ ទំនង​ជា​មិន​បាន​សម្រេច ដោយ​សារ​ការរុកកួន​របស់​កូវីដ១៩។

គេ​មិន​អាច​ស្ដី​បន្ទោស​អ្នកណា​បាន​ទេ ក្រៅ​ពី​កូវីដ១៩​ដែល​បង្ក​ការ​រាំង​ស្ទះ​ដល់​កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ដែលប៉ះ​ពាល់​ដល់​ដំណើរ​ការ​រុករក​អ្នក​ជំងឺ​របេង​សេសសល់​ប្រមាណ​៣០​ភាគរយ​ទៀត។ «អ្នកជំងឺ​របេង​របស់​យើង​មួយ​ចំនួន​ដែល​មិន​ទាន់​រក​ឃើញ​បាន​បាត់​ ហើយ​បើ​ករណី​របេង​មិន​ទាន់​បាន​រុករក​ គឺវា​នឹង​បន្ត​ចម្លង​ទៅ​សហគមន៍ នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជំងឺ​របេង​មាន​ចំនួន​កាន់​តែ​ច្រើន ប្រសិន​បើ​យើង​មិន​ស្វះស្វែង​ស្រាវជ្រាវ​រក។» នេះ​ជា​ការ​ព្រមាន​របស់​លោក ឃុន គឹមអ៊ាម  នាយករង​នៃ​មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង​និង​ហង់សិន។

លោក ឃុន គឹមអ៊ាម នាយករងនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន។
លោក ឃុន គឹមអ៊ាម នាយករងនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន។ © FB

គ្រប់​គ្នា​ទទួល​យក​ហើយ​ថា គ្រប់​យ៉ាង​រអាក់​រអួល​ស្ទើរ​តែ​គាំង​លែង​ដំណើរ​ការ មនុស្ស​ខ្លាច​មនុស្ស គ្រូពេទ្យ​ដែល​ធ្លាប់​សង្គ្រោះ​មនុស្ស​ពី​សេចក្ដី​ស្លាប់​បែរ​ជា​ប្រកែក​មិន​ទទួល​យក​អ្នក​ជំងឺ បើ​ទោះ​បីជា​អ្នក​ជំងឺមួយ​ចំនួន​គ្រាន់​តែ​មាន​អាការៈ​ស្រដៀង​កូវីដ​ក៏ដោយ។ បញ្ហានេះ​លោក ឃុន គឹមអ៊ាម  ទទួល​ស្គាល់សម្រាប់​ការ​ព្យាបាល​មេរោគរ​បេង។ «បុគ្គលិក​មួយ​ចំនួន​របស់​យើង​ក៏​ភ័យ​បារម្ភ​ពី​ការ​ឆ្លង​កូវីដ១៩​ដែរ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​កើត​របេង​ហើយ​ប្រញាប់​ប្រញាល់​មក​ទទួល​ថ្នាំមណ្ឌល​សុខភាព​ដើម្បី​យក​ថ្នាំ​ទៅ​លេប។ ការ​លេប​ថ្នាំ​ទាន់​ពេល​ពី​ដើម​រហូត​ដល់​ចប់ ​អាច​ធានា​បាន​ថា ការ​ព្យាបាល​នឹង​ជា​សះ​ស្បើយ។»

សម្រាប់​អ្នកជំនាញ នៅ​ចំពោះមុខ​ការ​រីករាល​ដាល​មេរោគ​កូវីដ១៩ មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​មួយ​គួរ​ឲ្យចាប់​អារម្មណ៍ គឺ​ពលរដ្ឋ​ភាគ​ច្រើន​បាន​នាំ​គ្នា​ពាក់​ម៉ាស់ ដែល​ពី​មុន​មក​ទម្លាប់​នេះ ទោះ​មាន​ការ​ជម្រុញពី​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង ក៏​ពលរដ្ឋ​មិន​សូវ​ជា​ចាប់​អារម្មណ៍។

ពលរដ្ឋបានប្តូរឥរិយាបថមកពាក់ម៉ាសក្នុងវិបត្តិជំងឺកូវីដ-១៩
ពលរដ្ឋបានប្តូរឥរិយាបថមកពាក់ម៉ាសក្នុងវិបត្តិជំងឺកូវីដ-១៩ © សហការី

បើ​តាម​អង្គការ​សុខភាព​ពិភព របេង​ជា​មូល​ហេតុ​ចំបង​ទី​១៣​នៃ​ការ​ស្លាប់ និង​ជា​ឃាតករ​ឈាន​មុខ​គេ​ទី២ នៃ​ការ​ឆ្លង​លឿន​បំផុត​បន្ទាប់ពី​កូវីដ១៩។ ក្នុង​នោះ​កុមារ​អាយុ​ដល់​៥ឆ្នាំ ងាយ​ឆ្លង​របេង ខណៈ​មនុស្សចាស់​អាយុ​ចាប់​ពី​៥០​ឡើង​ទៅ ក៏​ងាយ​ប្រឈម​នឹង​ការ​ឆ្លងដែរ ប៉ុន្តែ​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ