អានតួអត្ថបទ
បទយកការណ៍

ក្រោយខកខានដោយសារ​វិបត្តិកូវីដ ក្រុមសៀកហ្វារត្រលប់មកសំដែងនៅប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីខកខានមិនបានសម្តែង ទៅតាមគម្រោង កាលពីឆ្នាំ២០២០ ដោយសារវិធានការបិទខ្ទប់ប្រទេសបារាំងដោយទាន់ហន់ ក្នុងកាលៈទេសៈកូវីដ សិល្បករខ្មែរ ១៣នាក់ របស់ក្រុមហ៊ុនហ្វារThe CambodianCircus ក្នុងខេត្តសៀមរាប ត្រូវចេញទៅសំដែងម្តងទៀត នៅខែ វិច្ឆិកា និងថ្ងៃទី ១៦​ខែធ្នូនេះ នៅប្រទេសបារាំង។ ផ្ទុយស្រឡះពីឆ្នាំមុន ដែលការសំដែងត្រូវលុបចោលទៅវិញ ដោយសារជំងឺកូវីដឆ្លងរាតត្បាតខ្លាំង អ្នករៀបចំកម្មវិធីសំដែងនៅប្រទេសបារាំង លោក ហ្សាវីយ៉េ ហ្គោបាំង Xavier Gobin ជឿជាក់មុតមាំថា កម្មវិធីសំដែងលើកនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ជឿជាក់ព្រោះថា មានមនុស្សជាច្រើននៅប្រទេសបារាំង ដែលបានទទួលចាក់វ៉ាក់សាំង ដើម្បីអាចចូលមើលកុនល្ខោន ការសំដែងទស្សនីយភាព ដោយសេរី ដូចមុនសម័យកូវីដ។

ក្រុមសំដែងសៀក​ ហ្វារ​មកពីខេត្ត​សៀមរាប​នឹង​សំដែង​នៅប្រទេស​បារាំង ពីខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ ២០២១
ក្រុមសំដែងសៀក​ ហ្វារ​មកពីខេត្ត​សៀមរាប​នឹង​សំដែង​នៅប្រទេស​បារាំង ពីខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ ២០២១ © Phare
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បារាំង ការសំដែង​ជាផ្លូវការ​របស់​សិល្បករ​សៀកខ្មែរ ក្រុមហ៊ុន​ហ្វារThe cambodian Circus នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ វិច្ឆិកា រហូត​ដល់​ថ្ងៃទី ១៦​ធ្នូ​ចុងឆ្នាំនេះ។ ប៉ុន្តែ នៅលើ​ទំព័រហ្វេសប៊ុក និង​វិបសៃតិ៍​របស់​ក្រុមហ៊ុន​ហ្វារ បាន​ប្រកាសផ្សព្វផ្សាយ​ដំណឹង​ស្តីពីការសំដែងសៀក​នៅទឹកដី​បារាំង តាំង​ពីដើម​ខែ​កញ្ញា។ លោក​ Xavier Gobin ធ្លាប់ធ្វើការ​ជាមួយ​សិល្បករសៀកហ្វារ ជាច្រើនឆ្នាំ ជា​ម្ចាស់ក្រុមហ៊ុន​Hors Jeu នៅប្រទេស​បារាំង ដែលទទួល​ចាត់ចែង ការសំដែងរបស់​ក្រុមសិល្បករ​សៀកខ្មែរ​លើកនេះ។ 

តាម​លោក​ Xavier Gobin​កម្មវិធី​សំដែង​លើកនេះ អាចរៀបចំ​ទៅបាន ដោយ​មកពីមានជាប់កិច្ចសន្យា​កាលពី​ឆ្នាំមុន។ គួររំលឹក​ថា បន្ទាប់ពី បាន​ធ្វើដំណើរមកដល់​បារាំង នៅ​អំឡុង​ខែ​តុលា ហាត់សម​បាន​២សប្តាហ៍ និង​រៀបតែ​ចេញ​សំដែង​លើ​ឆាក​ទៅហើយ រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​បិទខ្ទប់​ប្រទេស​ជាលើកទី២ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ។ ជាលទ្ធផល រោងល្ខោន ឆាកសំដែង​នានា ត្រូវ​បិទទ្វារ មិនអាច​ទទួល​សិល្បករខ្មែរ។ តាមការពន្យល់​របស់​លោក​ Xavier Gobin ទោះគ្មានការសំដែង រោងល្ខោន​មិនបាន​លុបចោល​ទាំងស្រុង នោះទេ គឺ​គ្រាន់តែ​លើកពេលតែប៉ុណ្ណោះ។ គេ​អាច​និយាយ​បានថា ការសំដែង​លើកនេះ គឺ​ធ្វើទៅតាម​កិច្ចសន្យា ចុះ កាលពី​ឆ្នាំមុន។

លោក Xavier Gobinមិនត្រឹមតែ​មិនបារម្ភ ផ្ទុយទៅវិញ សប្បាយចិត្តជាប់ ព្រោះថា រោងល្ខោន​ភាគច្រើន​បាន​ប្រាប់តែ​ដំណឹងល្អ​ស្តីពី​ចំនួន​សំបុត្រ​ដែលគេ​ចាប់លក់​រួចហើយ ដូចជា​នៅ​វិបសៃតិ៍ Cinema Théatre de choisy le roi ជាយក្រុង​ប៉ារីស​ជាដើម។

មានមនុស្ស​ទិញសំបុត្រ​បណ្តើរៗ ប៉ុន្តែ លោក​ Xavier Gobin​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​នៅបារាំង ចូល​មើល​ការសំដែង​របស់​សិល្បករខ្មែរ​ឲ្យបានច្រើន​ផងដែរ។ ហេតុអ្វីបានជា​គេ​ត្រូវ​ចំណាយថវិកា ចំណាយ​ពេលវេលា​ទៅ​មើល​ការសំដែង​របស់​សិល្បករហ្វារ។ ស្តាប់​លោក​ Xavier Gobin ដែល​ពិព័រណ៌នា​ជាភាសា​ខ្មែរ ប្រជាជន​ខ្មែរ ដែលរស់នៅ​ប្រទេស​បារាំង ប្រាកដ​ជា​នឹកចង់​ទៅ​មើល​ឲ្យឃើញ ​នឹងភ្នែក​ម្តង។

សាច់រឿង និងការសំដែង​បែបបង្កើតថ្មី អាចល្អ​ទាក់ទាញ ប៉ុន្តែ បើសិន​គេ​ដឹង​ពីប្រវត្តិ និង​រចនាសម្ព័ន្ធ សមាជិក ក្នុងក្រុមហ្វារ នោះគេរឹតតែច្បាស់​ក្នុងចិត្ត​ថា ការសំដែង​សៀក​របស់​ក្រុមសិល្បករខ្មែរ ហ្វារ The Cambodian Circus រឹតតែពិសេស។ 

លោក​ Xavier Gobin ​សង្ឃឹមថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពីការ​លក់​សំបុត្រ​ដើម្បី ជួយ​លើកទឹកចិត្ត​ការងារ​របស់​សិល្បករ​ដែល​អាក់ខានមិនបាន​សំដែង​ជាងមួយឆ្នាំមកហើយ នៅ​សៀមរាប ដោយសារ​តែ​វិបត្តិកូវីដ។ គ្មានការសំដែង សិល្បករ និង​ក្រុមគ្រួសារ​របស់ពួកគេ កំពុង ជួបការលំបាក​ផ្នែក​ថវិកា សម្រាប់​ទ្រទ្រង់ជីវិត។

ការលក់សំបុត្រ​មាន​នៅតាម​វិបសៃតិ៍​របស់​រោងល្ខោននីមួយៗ៖

GRANDE SYNTHE: 13 Nov 2021

NIORT – Moulin du Roc: 24 – 25 Nov 2021

CHOISY LE ROI – Théâtre Paul Eluard: 28 Nov 2021

MULHOUSE – La Filature: 30 Nov – 4 Dec 2021

CHAMBERY – Théâtre Malraux: 7 – 11 Dec 2021

VANNES – Scenes du Golfe: 14 Dec 2021

ARCACHON – L’Olympia: 17 Dec 2021

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ