អានតួអត្ថបទ
បទយកការណ៍

មនុស្សស្និទ្ធនឹងលោក កែម ឡី៖ លោកបណ្ឌិតធ្លាប់ប្រាប់កុំឲ្យរត់ចោលប្រទេស ទោះក្នុងកាលៈទេសៈអ្វីក៏ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ​គឺជា​ខួប​គម្រប់​៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​លោកបណ្ឌិត កែម ឡី​ នៅ​កណ្ដាលទី​ក្រុង​ភ្នំពេញ។ នៅ​ក្នុង​រយៈ​ពេល​​៥ឆ្នាំកន្លង​មក​នេះ អ្នក​និយម​ស្ដាប់​បទ​វិភាគ​របស់​លោក លែង​បាន​ឮ​សំឡេង​របស់​លោក កែម ឡី តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​ហើយ​។ ទោះ​លែង​បាន​ស្ដាប់​ពាក្យ​ពេចន៍​ថ្មីៗ​ក៏​ពិត​មែន តែ​ពាក្យ​បណ្ដាំ​ចាស់ៗ ត្រូវ​បាន​គាស់​រំលើង​មក​វិញ​ជាថ្មី​ដូច​ជា​ពាក្យ​ថា៖ «ខ្ញុំមិន​ដែល​គិត​ថា​ខ្លួន​ឯង​នៅ​មាន​ជីវិត​ទេ ក្រោយ​វិភាគ​ម្ដងៗ»។ នា​ឱកាស​ខួប៥ឆ្នាំនៃ​មរណភាព​លោក កែម ឡី អេង គីមហុង បាន​ជជែក​ជាមួយ​មនុស្សមួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធនឹង​លោក កែម ឡី។ អ្នក​ទាំង​នោះ​បាន​រំឭកពី​បណ្ដាំ​របស់​លោក កែម ឡី ដែល​ប្រាប់​ពួក​គេ​កុំ​ឲ្យ​រត់​ចោល​ប្រទេស ទោះ​ជាស្រុក​ទេស កើត​មាន​រឿង​អ្វី​ក៏​ដោយ។

លោក កែម ឡី ធ្លាប់អញ្ជើញមកបន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ
លោក កែម ឡី ធ្លាប់អញ្ជើញមកបន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ © RFI
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​៥​ឆ្នាំ​មុន​គេ​នៅ​តែ​ចង់​ចាំ​មិន​ភ្លេច​រូបភាព ​លោកបណ្ឌិត កែម ឡី បាន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ក្រហម​ឆ្អៅ​នៅ​​កណ្ដាលហាង​លក់​ទំនិញ​ក្រោម​ស្នា​ដៃ​បាញ់​ប្រហារ​របស់​ឃាតករ។ កាល​ណោះ​ភ្លាមៗក្រោយ​ទទួល​បាន​ដំណឹង​អំពី​ការ​ស្លាប់​របស់​លោក កែម ឡី មហាជនក្មេង ចាស់ ប្រុស ស្រី ជា​ច្រើន​រយនាក់​ដែល​និយម​ស្ដាប់​បទ​វិភាគ​របស់​លោក​បាន​សម្រុក​នាំ​គ្នា​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជាមួយ​នឹងសម្រែកសោក​សង្រេង​លាយ​ឡំ​ដោយ​ទឹក​ភ្នែក​ទាមទារ​យុត្តិធម៌​ជូន​លោក កែម ឡី។​ «កែម ឡី​ ស្លាប់​ព្រោះ​ជាតិខ្មែរ​ទេ! គាត់​ជា​បញ្ញា​វ័ន្ត​មួយ​រូប​ចេះ​ដឹងណាស់​ ហេតុអ្វី​បាន​ជា​មក​សម្លាប់​គាត់? គាត់​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​តែខ្មែរ​ទេ ម៉េច​បាន​មក​សម្លាប់​គាត់………? នៅ​ក្នុង​ទិដ្ឋភាព​នេះ​កាល​ពី​៥​ឆ្នាំ​មុន​ស្ថិត​នៅ​បរិវេណ​ការ៉ាស់សាំង​កាលតិច​ស្តុប​បូក​គោ មហាជន​និង​កម្លាំង​សមត្ថកិច្ច​កំពុង​បញ្ជ្រៀត​គ្នា​យ៉ាង​ណែន​ណាន់​តាន់​តាប់ ដោយ​អ្នក​ខ្លះ​ស្រែក​ស្ម័គ្រ​ចិត្ត​សែង​សព​លោក​កែម ឡី ដើម្បី​ឆ្ពោះ​ទៅ​កន្លែង​តម្កល់​នៅ​វត្ត​ចាស់​ខណ្ឌជ្រោយ​ចង្វារ ខណៈ​សព​បាន​បិទភ្នែក​ជិត​និង​បាន​រេ​ទៅ​រេ​មក​តាម​កម្លាំង​រុញ​ច្រាន។

ក្នុង​ពេល​អតីត​កាល​លោកបណ្ឌិត កែម ឡី ធ្លាប់​និយាយ​ថា សេចក្ដី​ស្លាប់​មិនមែន​ជា​រឿង​គួរ​ឲ្យខ្លាចសម្រាប់​លោក​ទេ។«វិភាគ​ម្ដងៗ​យើង​មិន​ដែល​គិត​ថា យើង​ត្រូវ​មាន​ជីវិត​ទេ​ព្រោះ​យើង​ស្ថិត​នៅ​ក្នុងប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ពស់​វែក​ច្រើន ​ឆ្លាម​ច្រើន ប៉ុន្តែ​បើ​យើង​នាំ​គ្នា​ខ្លាច​យើង​អត់​មាន​លទ្ធភាពផ្ដល់​គំរូ​ដល់​យុវជន​និង​កែប្រែ​ប្រទេស​យើងទេ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ។»

ក្បួនដង្ហែសពលោក កែម ឡី ទៅកាន់ស្រុកកំណើតក្នុងខេត្តតាកែវដែលមានមនុស្សចូលរួមដង្ហែយ៉ាងកកកុញ
ក្បួនដង្ហែសពលោក កែម ឡី ទៅកាន់ស្រុកកំណើតក្នុងខេត្តតាកែវដែលមានមនុស្សចូលរួមដង្ហែយ៉ាងកកកុញ © @Internet

យុវជន​ពីរ​នាក់​ដែល​ជា​បង​ប្អូន​ភ្លោះ​ប្រុស​ឈ្មោះជុំ ហួត ជុំ ហួរ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក កែម ឡី បាន​លើក​ឡើង​ថា ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦ ថ្ងៃ​ដែល​ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ថ្ងៃ​តែមួយ​ដែល​ពួកគេ​ត្រៀម​ជួប​លោក កែម ឡី ពិភាក្សា​លើ​ការងារ​មួយ​ចំនួន។ «តែ​មុន​ថ្ងៃ​ជំនួប​មក​ដល់​ពូ( កែម ឡី) ប្រាប់​ខ្ញុំ​ឲ្យ​ពួក​ខ្ញុំ​ប្រយ័ត្ន​ខ្លួន​ព្រោះ​គាត់​មាន​អារម្មណ៍​[អត់ល្អ]នៅ​ក្នុង​ចិត្ត​ទេ ហើយ​ខ្ញុំ​ប្រាប់​គាត់ថា បើ​ពូ​មិន​ស្រណុក​ក្នុង​ចិត្ត យើង​អាច​ដូរ​ទីតាំង​ជួប​គ្នា​បាន គាត់ថា​មិន​អី​ទេ។ ខ្ញុំ​ក៏​តាម​គាត់​រៀបចំ​ខ្លូនចេញ​ទៅ​ជួប​គាត់​នៅ​ថ្ងៃ​អាទិត្យ ដល់​ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ​ក៏​មាន​គេ​តេ​ប្រាប់​មិន​ដឹង​ថា ជា​នរណា​ប្រាប់ថា មិន​បាច់​មក​ទេ កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ហើយ អ៊ីចឹង​ខ្ញុំ​ក៏​សន្និដ្ឋាន​ថា បែប​មាន​គេ​លួច​តាមដានការ​ឆ្លង​ឆ្លើយ​គ្នា​រវាង​ខ្ញុំ​និង​ពូ។ តាម​គម្រោង​ពូ​ជួប​ពួក​ខ្ញុំ​ពីរ​នាក់​បង​ប្អូន​ហើយ​ត្រៀ​មជួប​ជាមួយ​លោកបណ្ឌិត មាស នី ផង​ដែរ។»

ទំនាក់​ទំនង​ស្គាល់​រាប់​អាន​លោក កែម ឡី មិនមែន​ជារឿង​ចៃដន្យ​សម្រាប់​បងប្អូន​ភ្លោះ​ទាំង​ពីរ​ទេ។ ស្គាល់​ដំបូង​តាមរយៈ​ការតាម​ដាន​ស្ដាប់​បទ​វិភាគ​របស់​លោក​បណ្ឌិត​នៅ​តាម​ស្ថានីយ​វិទ្យុ​នានា បន្ទាប់​មក​ក៏​ជួប​ផ្ទាល់​នៅក្នុង​ព្រឹត្តការណ៍​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ ភាពស្និទ្ធ​ស្នាល និង​ផ្ដើម​ធ្វើការ​រួមគ្នា​ក៏​បាន​កើត​មាន​ឡើង នៅ​ក្នុង​ជំនួប​លើកទី២​នៅ​ពេល​ដែល ជុំ ហួត ជុំ ហួរ ចុះ​ទៅ​តំបន់​អារ៉ែង​ជួប​ប្រសព្វ​ជា​មួយ​លោក កែម ឡី។«ក្រោយ​ចេញ​ពី​តំបន់​អារ៉ែង​គាត់(កែម ឡី) បានណាត់​ជួប​ពួក​ខ្ញុំ ដើម្បី​រិះ​រក​វិធី​សាស្ត្រ​ឬ​យុទ្ធសាស្ត្រ​ធ្វើយ៉ាង​ណា​ទប់ស្កាត់ កុំ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ត្រូ សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង។ ហើយ​តាំង​ពី​ពេល​ហ្នុង​មក​ពួក​ខ្ញុំ​និង​ពូ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជារឿយៗ​រហូត​គាត់​ឲ្យ​ខ្ញុំ​កាន់​គម្រោង​មួយ​ទាក់ទង​ទំនប់​វារី​អគ្គិសនី​ដនសាហុង អ៊ីចឹង​ខ្ញុំ​និង​ពូ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​បាញ់​សម្លាប់​គាត់។»

យុវជនពីរនាក់ដែលជាបងប្អូនភ្លោះប្រុសឈ្មោះជុំ ហួត ជុំ ហួរ និងជាមនុស្សស្និទ្ធនឹងលោក កែម ឡី
យុវជនពីរនាក់ដែលជាបងប្អូនភ្លោះប្រុសឈ្មោះជុំ ហួត ជុំ ហួរ និងជាមនុស្សស្និទ្ធនឹងលោក កែម ឡី © ជុំ ហួត ជុំ ហួរ

នៅ​អំឡុង​ពេល​បំពេញ​ការងារ​រួម​គ្នា​បងប្អូន​ភ្លោះ​ទាំងពីរ​នាក់​ឲ្យ​ដឹង​ថា លោក កែម ឡី តែងតែ​ប្រាប់​បញ្ហាដែល​គាត់​ជួប​ប្រទះ​ទៅ​កាន់​ពួក​គេ​ជាពិសេស​ការ​គំរាម​កំហែង​និង​ការ​ចរចា។ «ជា​រឿយៗ​គាត់​តែង​ជជែកជាមួយ​ពួក​ខ្ញុំ​នៅ​ពេល​ដែល​គាត់​ទទួល​បាន​សារ​អ្វី​មួយ ហើយ​មូលហេតុ​ដែល​គាត់​ជជែក​ជាមួយ​ពួក​ខ្ញុំដោយ​សារ​យើង​ធ្វើការ​ក្នុង​គម្រោង​ជាមួយគ្នា​តែងតែ​មាន​ការ​ទាក់ទង​គ្នា​ជាប់​ជានិច្ច។»

៥ឆ្នាំ​ក្រោយ​មរណភាព​លោក កែម ឡី អ្វី​ដែល​បងប្អូន​ប្រុស​ទាំង​ពីរ​ចង់ចាំ​មិន​ភ្លេច​នូវ​បណ្ដាំ​លោកបណ្ឌិតគឺ​កុំ​រត់​ចោល​ប្រទេស​ជាតិ​ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។«ពេល​នៅ​រស់​គាត់​តែងតែ​ប្រាប់​ ពួក​ខ្ញុំ​ជានិច្ច​ថា ទុក​ប្រយោជន៍​ប្រទេសជាតិ​ជា​ធំ កុំ​ប៉ះ​ពាល់​ប្រជាពលរដ្ឋ។ ក្នុង​នាម​ជា​កូន​ខ្មែរ​លំបាក​ប៉ុណ្ណាកុំ​ទៅ​ណា​ចោល​ប្រទេស​ជាតិ​យើង។»

បច្ចុប្បន្ន​បងប្អូន​ប្រុស​ទាំង​ពីរ​បន្ត​អនុវត្ត​ការ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​លោក កែម ឡី និង​ឈាន​ជើង​ចូលប្រឡូក​ក្នុង​ជីវិត​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​និង​ធ្លាប់​មាន​ការ​ជម្រុញ​ពី​លោក កែម ឡី។

លោក កែម ឡី និង លោក វ៉ន ពៅ នៅក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោក កែម ឡី និង លោក វ៉ន ពៅ នៅក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ © វ៉ន ពៅ

ចំណែក​លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​ប្រាប់​ថា លោក​បាន​ជួប​លោក កែម ឡី ពីរ​ខែ​មុន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ទិវា​ពល​កម្ម​អន្តរជាតិ​១​ឧសភា​នៅ​ស្តាត​អូឡាំពិក។«កាល​ណោះលោក កែម ឡី ធ្លាប់​សន្យា​នឹង​ជួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​ខ្ញុំ​តទៅ​ទៀត នៅ​ពេល​ដែល​គាត់ចប់​យុទ្ធនាការ​១០០​រាត្រី។»បើ​តាម​លោក វ៉ន ពៅ លោក កែម ឡី បាន​ចង់​ក្រង​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​ជួយ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​យុត្តិធម៌​សង្គម​ស្មើ​គ្នា។

សម្រាប់​លោក វ៉ន ពៅ អនុស្សាវរីយ៍​ដែល​ចង់ចាំ​មិន​ភ្លេច​គឺ​លោក កែម ឡី បាន​យួរ​បាយ​មួយ​ស្រាក់​ទៅសួរ​សុខ​ទុក្ខ​ដល់​ពន្ធ​ធនាគារ​ព្រៃស។«ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​ស្នាម​ញញឹម​យួរ​បាយ​មួយ​ស្រាក់​របស់​លោកបណ្ឌិត​កែម ឡី ពេល​នោះ​គាត់​និយាយ​ថា គាត់​បែប​មាន​វាសនា​ត្រឹម​តែ​ជាប់​ពន្ធនាគារ​ទេ​មើល​ទៅ។ ហើយ​នៅ​ពេល​ដឹងថា គេ​បាញ់​សម្លាប់​គាត់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ដូច​យក​កាំបិត​មក​ចាក់​បេះដួង​អ៊ីចឹង​!អ្វី​ដែលចង់​ចាំ​មិន​ភ្លេច​នោះ​គឺ​ជូន​ទឹក​ភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុន​ទៀត។»

ក្រៅពី«ជូត​ទឹក​ភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»ពាក្យ​ពេចន៍​ច្រើន​ទៀត​របស់​លោក កែម ឡី ត្រូវ​បាន​កត់ចំណាំ​ចាំ​ទុក​ដូច​ជា​ពាក្យ«និយាយ​ការ​ពិត​កុំ​និយាយ​ការពារ»។ ត្រង់​ចំណុច​នេះ លោកបណ្ឌិត​បាន​អំពាវនាវ​ឲ្យ​យុវជន​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​និយាយ​ការ​ពិត តែ​ការ​ពិត​នោះ​ត្រូវ​មាន​ភស្តុតាង និង​លក្ខណៈវិទ្យាសាស្ត្រ​ប្រកប​ដោយ​សីលធម៌​ខ្ពស់​ឲ្យ​បាន​ច្រើន​ជាង​អធិប្បា​តាម​អារម្មណ៍៕

ស្នាមញញឹមរបស់បណ្ឌិតស្ថិតក្នុងការចង់ចាំរបស់មហាជនដែលនិយមស្ដាប់បទវិភាគរបស់លោក
ស្នាមញញឹមរបស់បណ្ឌិតស្ថិតក្នុងការចង់ចាំរបស់មហាជនដែលនិយមស្ដាប់បទវិភាគរបស់លោក © kimhong

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ