អានតួអត្ថបទ
បទយកការណ៍

និន្នាការប្រើប្រាស់ផលិតផលថែរក្សាសុខភាពនិងសម្រស់តាមគ្នាកំពុងពេញនិយមនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចេកវិទ្យាកាន់​តែ​ទំនើប សន្ទុះ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សុខភាព​និង​សម្រស់​តាម​ការ​ឃោសនា​កំពុង​មាន​ការ​ពេញនិយម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន។  នេះ​ជា​ការ​សង្កេត​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ។ ទន្ទឹម​គ្នា​នេះ ​អ្នក​ធ្លាប់រង​គ្រោះ​ពី​ការ​ប្រើប្រាស់​ផលិត​ផល​ថែ​រក្សា​សុខភាព និង​សម្រស់ តាម​ការ​អូស​ទាញ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ ជាពិសេស​យុវវ័យ​គិតបន្តិច​សិន មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​អ្វីមួយ និង​ជា​ពិសេស បើ​មិន​ចង់​ឲ្យ​ការ​សម្រេច​ចិត្ត​ខុស​មួយ​ថ្ងៃ​ ក្លាយ​ជា​វិប្បដិ​សារីពេញ​មួយ​ជីវិត។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

«អូហ៌! សាក​លេប​ថ្នាំ​នឹង​ទៅ​ល្អ  ថ្នាំ​ហ្នឹង​អ្នក​ទឹកនោម​ផ្អែម​ក៏​លេប​ត្រូវ​ដែរ... ប្រើ​ផលិតផល​ម៉ាកអី​បាន​មុខ​ស្អាត​អ៊ីចឹង?» ទាំងអស់​នេះ គេ​តែង​ឮ​ចេញ​ពី​មាត់​មនុស្ស​គ្រប់រូប មិនថា ក្មេង​ចាស់​ប្រុស​ស្រី​នោះ​ទេ នៅ​ក្នុង​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ​នេះ។  

ការ​គិតគូរ​ពី​សុខភាព និង​សម្រស់​មិនមែន​ជា​កំហុស​ដែល​ត្រូវ​ស្ដី​បន្ទោស​នោះទេ ប៉ុន្តែ​ការ​ស្ដី​បន្ទោស​នឹង​កើត​មាន​ឡើង នៅពេល​គ្រប់គ្នា​ប្រើប្រាស់​ផលិតផល​ថែរក្សា​សុខភាព និង​សម្រស់​តាម​ឃោសនា​ដោយ​ខ្វះ​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ។ «ពី​ដំបូង​ខ្ញុំសាក​ប្រើ​ផលិតផល​ថែរក្សា​សម្ភស្ស​ដោយសារ​ខ្ញុំ​ចង់​ស្អាត ហើយ​កាល​ពី​ជំនាន់​ហ្នុង​ ខ្ញុំ​ទើប​តែ​មាន​អាយុ​២១​ទៅ​២២​ទេ​ គឺខ្ញុំឃើញ​គេ​ស្អាត ខ្ញុំ​ចង់​ស្អាត​ដូច​គេ ហើយ​ការ​ប្រើប្រាស់​ផលិត​ហ្នឹង​ទៀត​សោត ខ្ញុំ​អត់​ដឹង​ថា​ជា​ផលិតផល​អ្វី​ឡើយ។ ទី​បំផុត​អ្វីដែល​យើង​ធ្វើ​តាម​គេ​ហ្នឹង មុខ​ខ្ញុំ​វា​មិន​ស្អាត​ឡើយ ​ដោយសារ​ខ្ញុំ​ចង់​ស្អាត​លឿន រួមផ្សំ​នឹង​ការ​ជំរុញ​ពី​មិត្ត​ភក្តិ​ទៀត។» នេះ​ជាស្ថានភាព​ពិត​របស់​លោក​ពិសិដ្ឋ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ជាជន​រងគ្រោះ​ដោយ​សារ​អារម្មណ៍​ចង់​ស្អាត​មួយ​ពេល។

រូបតំណាង
រូបតំណាង © Internet

មាន​បញ្ហា​លើ​ផ្ទៃ​មុខ​បន្ទាប់​ពី​ប្រើប្រាស់​ផលិត​តាម​ការ​ជំរុញ​ពី​មិត្តភក្ដិ លោក​ពិសិដ្ឋ ជា​ឈ្មោះ​សន្មត់ បាន​បន្ត​ថា នៅ​ពេល​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្ភស្ស​លើកទី១​មិន​សម​បំណង លោក​ក៏​បន្ត​ប្រើប្រាស់​ផលិតផល​ថ្មី​ដើម្បី​ព្យាបាល​ស្លាក​ស្នាមចាស់«បន្ទាប់​ពី​មុខ​ឡើង​កន្ទួល ហើយ​មាន​មុន​ទៀត​នោះ ជំរុញ​ឲ្យ​ខ្ញុំ​បន្ត​ស្វែង​រក​ផលិតផល​ផ្សេងៗ​ទៀត​ដើម្បី​កែខៃ ប៉ុន្តែ​នៅ​តែអត់​អាច​ជួយ​អី​បាន។ សាច់មុខ​ក៏​កាន់​តែ​ស្ដើង​ដោយសារ​ខ្ញុំ​ប្រើប្រាស់​ផលិតផល​ប្រភេទ [កាត់] ខ្លាំងពេក។ ខ្ញុំ​ក៏​មិន​បញ្ឈប់​ត្រឹមនេះ​ដែរ ដោយ​បន្ត​ប្រើ​នេះ​ប្រើ​នោះ​តាម​តែ​គេ​ប្រាប់ ព្រោះ​ឃើញ​គេ​ប្រើ​ទៅ​ត្រូវ គិត​ថា ខ្លួនឯង​អាច​នឹង​ត្រូវ​ដូច​គេ។»

ជាមនុស្ស​បាន​សម្ដី លោក​ពិសិដ្ឋ​បន្ត​ថា រាល់​ផលិតផល​ថែរក្សា​សម្រស់​បុគ្គល (ក) ប្រើត្រូវ​មិន​ប្រាកដ​ថា (ខ) ប្រើ​ត្រូវ​នោះ​ទេព្រោះ​ស្ថានភាព​សុខភាព​មនុស្ស​ម្នាក់ៗ​ខុស​គ្នា។ បើ​សិន​ជា​យើង​ចង់​ប្រើ​ឱសថ​ឬ​អាហារបំប៉ន​សុខភាព​សម្រាប់​សុខភាព​ រាងកាយ ស្បែក និងសម្រស់ យើង​ទៅ​ពិនិត្យ​សុខភាព​សិន​ថា​ អាច​ទទួល​ទាន​ផលិតផល​ទាំង​អស់​ហ្នឹង​បាន​ដែរ​អត់? ពិសេសផលិតផល​ថែ​ទាំ​ស្បែក! ខ្ញុំ​ឃើញ​គេ​និយម​ប្រើ​ផលិតផល​លក់​តាម​អនឡាញ ខ្ញុំ​អត់​វាយ​ប្រហារ​ថា រាល់​ផលិតផល​លក់​តាម​អនឡាញ​មិន​ល្អ​ទេ ប៉ុន្តែ​ផលិតផល​ខ្លះ​វា​រើស​ស្បែក​មុខ​ណាស់ មិន​មែន​ផលិតផល​តែ​មួយ​មុខ​ហ្នឹង​ត្រូវ​គ្រប់​ស្បែក​មុខ​ទេ។ អ៊ីចឹងបើ​មិន​ចង់​ជួប​រឿង​ស្ដាយ​ក្រោយ​ដូច​ខ្ញុំ មុន​ប្រើ​សុំ​ទៅ​ពិនិត្យ​ស្បែក​មុខ​សិន​ដើម្បី​ចង់​ដឹង​ថា ស្បែក​មុខ​យើង​ហ្នឹង​ត្រូវ​នឹងផលិតផ​ល​អ្វី ប្រតិកម្ម​នឹង​ផលិតផល​អ្វី? ទោះ​ជា​ផល​ប៉ះពាល់​ពេល​នេះ​មិន​ទាន់​ស្ដែង​ចេញ​ក៏​ដោយ តែ​វា​នឹង​បង្ហាញ​ក្នុង​ពេល​អនាគត។»

បន្ទាប់​ពី​ជួប​បទ​ពិសោធ​ជូរចត់​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ផលិតផល​តាម​ការឃោសនា​មិន​សម​បំណង​រួច​មក លោកពិសិដ្ឋ​ក៏​ងាក​មក​ស្វែង​រក​សេវា​ព្យាបាល​សម្រស់​តាម​បែប​វេជ្ជសាស្ត្រ​វិញ​ម្ដង។ «ដំណាក់​កាល​ចុង​ក្រោយ​នេះ ខ្ញុំ​ទៅ​ទទួល​ការព្យាបាល​នៅ​ពេទ្យ​សើ​ស្បែក ហើយ​បច្ចុប្បន្ន​មុខ​ខ្ញុំ​ក៏​ល្អ​ប្រសើរ​ឡើង​វិញ​៧០ភាគ​រយ។ ខ្ញុំ​បញ្ជាក់​ម្ដង​ទៀត បើ​សិន​ជា​ចង់​ស្អាតសុំ​យុវវ័យ​ក្មេង​ចាស់​ប្រុស​ស្រី ទៅ​រក​អ្នក​ជំនាញ ព្រោះ​ស្បែក​មុខ​មនុស្ស​ខុសៗ​គ្នា។» បើ​តាម​លោក​ពិសិដ្ឋ លោក​ចំណាយលុយ​ខ្ទង់​ពាន់​ដុល្លារ ទម្រាំ​ស្បែក​មុខ​ឲ្យ​វិល​មក​ភាព​ដូច​ដើម​វិញ។

ថ្នាំរក្សាសម្រស់របស់អ្នកស្រី ណារី
ថ្នាំរក្សាសម្រស់របស់អ្នកស្រី ណារី © អ្នកស្រីណារី

ចំណែក​អ្នក​ស្រី​ណារី ដែល​មាន​រាង​ស្គម​ខ្ពស់​ស្ដើង សម្បុរ​ខ្មៅ​ស្រអែម ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ថែ​រក្សា​សម្រស់ ជា​ប្រភេទ​ថ្នាំបំប៉ន​ស្បែក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ផល​ប៉ះពាល់​នៅ​ចំពោះ​មុខ អ្នកស្រី​មិន​ទាន់​ជួប​ប្រទះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ភាព​ជាក់​ស្ដែងសម្បុ​រ​ស្បែក អ្នកស្រី​មាន​ការ​ផ្លាស់ប្ដូរ​ពី​ស្រអាប់​មក​ភ្លឺ។ «បន្ទាប់​ពី​លេប​ថ្នាំ​បំប៉ន​ស្បែក​ជិត​មួយ​ឆ្នាំ​មក​នេះ​ ខ្ញុំ​មិន​ទាន់​មាន​អាការៈ​អ្វី ប្រែប្រួល​នៅ​ឡើយ​ទេ ប៉ុន្តែ​ពេល​អនាគត រង​ការ​រំខាន​បែប​ណា​នោះ ខ្ញុំ​ក៏​មិន​ដឹង​ដែរ  ព្រោះ​ខ្ញុំ​តែងតែ​ឮ​គេ​ថា ពេល​ខាង​មុខ​ខ្ញុំអាច​ប្រឈម​ជាមួយ​នឹង​បញ្ហា​ក្រលៀន តម្រង​នោម​ជា​ដើម បន្ទាប់ពី​លេប​ថ្នាំ​ថែរក្សា​សម្រស់។»

តិច​ឬ​ច្រើន អ្នកស្រី​ណារី នៅ​មាន​ក្ដី​បារម្ភ​ខ្លាច​ជួប​បញ្ហា​ក្រលៀន​នៅ​ពេល​អនាគត​ដែរ បន្ទាប់​ពី​ប្រើប្រាស់​ថ្នាំ​រក្សា​សម្រស់ និង​ផ្ដល់​សំណើម​ដល់​ស្បែក​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ស្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ​ជឿជាក់​លើផលិតផល​ដែល​ខ្លួន​កំពុង​ប្រើ ព្រោះ​ជា​ផលិតផល​ពី​ប្រទេស​កាណាដា។ «អ្វី​ដែល​ខ្ញុំ​ជឿជាក់​លើ​ផលិតផល​កំពុង​ប្រើប្រាស់[ហ្នឹង] នៅ​ស្រុក​គេ​ដាក់​លក់​នៅ​ក្នុង​ម៉ាត ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួងសុខាភិបាល​ស្រុក​គេ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ជឿ​ជាក់ថា​ពេល​ប្រើ​ទៅ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ខ្ញុំ។»

នៅ​ចំពោះ​មុខ​ភាព​សម្បូរបែប​នៃ​ផលិតផល​ថែរក្សា​សម្រស់​និង​សុខភាព មិនថា​ការ​ចរាចរ​លើ​ទីផ្សារ​ឬ​អនឡាញ​នោះ​ទេ អ្នកស្រីណារី លើក​ទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ទូទៅ ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​សម្រេច​ចិត្ត​ប្រើ។ «ជីវិត​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់ ទោះ​ជា​រូបរាង​យើង​មិនស្អាត សម្បុរ​ស្បែក​យើង​វា​មិន​ល្អ តែ​វា​មាន​ន័យ​ដែល​យើង​អាច​រស់​នៅ​លើភព​ផែនដី​នេះ​បាន មើលទេសភាព​ស្រស់​បំព្រង និង​បៃតង​តាម​រដូវកាល​របស់​វា។ ដូច្នេះ កុំ​ប្រថុយ​គ្រោះ​ថ្នាក់​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​ប្រភពច្បាស់​លាស់ ដោយ​គ្រាន់​តែ​ឮ​ការឃោសនា​ទិញ​១​ថែម​៣។»

ផលិតផលទាំងនេះត្រូវបានក្រសួងសុខាភិបាលហាមឃាត់មិនឲ្យធ្វើចរាចរណ៍លើទីផ្សារ
ផលិតផលទាំងនេះត្រូវបានក្រសួងសុខាភិបាលហាមឃាត់មិនឲ្យធ្វើចរាចរណ៍លើទីផ្សារ © ក្រសួងសុខាភិបាល

ជុំ​វិញ​បញ្ហា​នេះ អ្នក​ឯកទេស​ផ្នែក​សុខភាព​បាន​បង្ហាញ​ក្ដី​បារម្ភ​រួមគ្នា​ពី​ការ​ចរាចរ​ផលិតផល​ថែទាំ​សុខភាព​យ៉ាងអនាធិបតេយ្យ​នៅ​កម្ពុជា ដូចជា​ប្រភេទ​អាហារបំប៉ន សារ៉ាយបំប៉ន កាហ្វេ​បំប៉ន​សុខភាព​ជាដើម។ «ប្រជាពលរដ្ឋ​ត្រូវ​យល់ថា ពាក្យ​អាហារ​បំប៉ន អាហារ​សុខភាព​ជា​ដើម​ហ្នឹង មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទេ។  កុំភ្លេច​ថា អាហារ​បំប៉ន​ទាំង​អស់នេះ​ មាន​ខ្លះ​ស្រប​ច្បាប់ ខ្លះ​មិន​ស្របច្បាប់​ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង ហើយ​ប្រើប្រាស់​ទៅ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ។ ម្យ៉ាង​ទៀត​អាហារ​បំប៉ន​ខ្លះ ទោះ​ជា​មានការ​ទទួល​ស្គាល់​គុណភាព​ពី​ក្រសួង​សុខាភិបាល​ក៏ដោយ  តែ​មុនសម្រេច​ចិត្ត​ប្រើប្រាស់ គួរ​ណា​មក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន។ វា​មិនមែន​គ្រាន់​តែ​ឃើញ​គេ​ប្រើត្រូវ​យើង​ប្រើ​តាម​គេទេ។» នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោកវេជ្ជ​បណ្ឌិត វី ឌុច្ជដា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល និងបានបញ្ចប់​សិក្សា​នៅ​ប្រទេស​បារាំង​ ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម និង ក្រពេញ។

លោកវេជ្ជ​បណ្ឌិត​បន្ត​ថា ករណី​ខ្លះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ឲ្យ​ចរាចរ​ផលិតផល​របស់ខ្លួន​លើ​ទីផ្សារ បាន​បំពាន​លើ​ខ្លឹមសារ​ដែល​បាន​កំណត់​រួមគ្នា។ «ក្រសួង​គេ​ផ្ដល់​អាជ្ញា​ប័ណ្ណ​ឲ្យ​លក់​មែន តែ​វា​ស្ថិត​នៅ​ក្នុងកម្រិត​មួយ​ប៉ុណ្ណា? មិនមែន​កម្រិត​ព្យាបាល​ជំងឺទេ តែ​ដល់​ស្ដាប់​ការ​ផ្សព្វផ្សាយ​ឬ​ការ​និយាយ​តៗ​គ្នា​ធ្វើ​ឲ្យ​ប្រជាជន​យល់​ច្រឡំថា  អាហារ​បំប៉ន​ប្រភេទ​ណា​មួយ​នោះ ព្យាបាល​ជំងឺ​របស់​គាត់​ជា។»

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​មើល​ឃើញ​ថា មួយ​ផ្នែក​ដែល​ជំរុញ​ពលរដ្ឋខ្មែរ​ភាគ​ច្រើន​និយម​ប្រើប្រាស់​ផលិតផល​ថែរក្សា​សុខភាព​និង​សម្រស់​តាម​គ្នា គឺ​ដោយ​សារការផ្សព្វផ្សាយ​មាន​លក្ខណៈ​ទូលំ​ទូលាយ។ «ដោយសារ​បច្ចេក​វិទ្យា​មាន​ការ​រីក​ចម្រើន ធ្វើ​ឲ្យ​ការ​លក់​ផលិតផល​តាម​អនឡាញ ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​ផលិតផល​ទាំងអស់​នោះ គ្មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូ​វទេ។​ ជាក់ស្ដែង​អ្នក​លាយឡេ​លក់ ហើយ​ក្រៅ​ពី​ឡេ អាហារ​បំប៉ន​សុខភាព​ដែល​មាន​ការ​ធានា​នាំ​ចូល​ពី​ប្រទេស​នេះ​ប្រទេស​នោះ​ ខ្ញុំ​ឆែកតាម​អ្នក​លក់​ប្រាប់​អត់​ឃើញ​មាន​សោះ។ ដូច្នេះ នេះ​ជា​ការ​ភូត​កុហក។»

អ្នក​ជំនាញ​សុខភាព​កាន់​តែ​ព្រួយ​បារម្ភ នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន សម្រេច​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ដោយ​គ្រាន់​តែ​មើល​លើ​រូបភាព​ខាងក្រៅ​របស់​អ្នក​លក់ តាមរយៈ​សម្រស់ សម្ភារៈ​ ធនធាន អំពើ​មនុស្សធម៌ និងភាព​ល្បីល្បាញ​របស់​បុគ្គលនោះ​ជាដើម។

ជុំវិញ​បញ្ហា​នេះ គេ​តែង​ឃើញ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សុខាភិបាល​ជា​ហូរហែរ​ដែរ។ ជាក់ស្ដែងថ្មីៗ​នេះ​កាល​ពី​ថ្ងៃទី​១៥​ខែកុម្ភៈ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​ឲ្យ​ផ្អាក​ចរាចរ​ឱស​ថបុរាណ​ឈ្មោះ GINENG KIANPI PIL ព្រោះវា​ជា​ផលិតផល​ក្លែងក្លាយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ឈាន​ដល់​ការ​បាត់បង់​ជីវិត។ ក្នុង​ករណី​ដែល​ឱសថស្ថាន ឬ​អ្នក​លក់​អនឡាញ​បន្ត​លក់ ពួកគេ​នឹង​ប្រឈម​ការ​ដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០ ០០០ ០០០​រៀល​ដល់​៥០ ០០០ ០០០រៀល តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ។ នៅ​ក្នុង​ខែ​កុម្ភៈ​ដដែល ក្រសួង​សុខាភិបាល​ក៏បាន​ជូន​ដំណឹង​ស្ដីពី​ការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​លក់​ឱសថ​CURMIN 500 Box\1 Bottle\100 Capsules ព្រោះ​គ្មានលេខ​បញ្ចី​កា​ពី​ក្រសួង​សុខាភិបាល និង​មិន​អាច​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ៕  

ផលិតផលដែលក្រសួងសុខាភិបាលហាមមិនឲ្យធ្វើចរាចរណ៍លើទីផ្សានាពេលថ្មីៗនេះ
ផលិតផលដែលក្រសួងសុខាភិបាលហាមមិនឲ្យធ្វើចរាចរណ៍លើទីផ្សានាពេលថ្មីៗនេះ © ក្រសួងសុខាភិបាល

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ