អានតួអត្ថបទ
បទយកការណ៍

លោកហេ ជុនសិក៖លោក ស៊ិន ស៊ីសាមុត ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ទាហ៊ាន​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ស៊ិន ស៊ីសាមុត មិន​ត្រឹម​តែ​មាន​ឈ្មោះ​ជា​អធិរាជ​សំឡេង​មាស​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែលោកស៊ិន ស៊ីសាមុត ក៏​បាន​បង្ហា្កញ​ភាព​ក្លាហាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ទាហ៊ាន​នៅ​ក្នុង​សម័យ​សាធារណរដ្ឋដែរ​នៅ​ឆ្នាំ​១៩​៧០។ ការ​ឈាន​ជើង​ចូល​ក្នុង​បន្ទាយ​ទាហ៊ាន​របស់ លោក ស៊ិន សាមុត បន្ទាប់​មាន​ការ​កែនគ្នី​គ្នា​ពី​សំណាក់​អ្នក​និពន្ធ​ខ្មែរ​ល្បី​ឈ្មោះ​លោក ម៉ៅ ឡៅពី និង​អ្នក​ចំរៀង​ខ្មែរ​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​គឺ លោក សុះ ម៉ាត់។

លោក ហេ ជុនសិក រូបនៅខាងឆ្វេង លោក ស៊ិន ស៊ីសាមុតនៅកណ្ដាល លោកសេនាប្រមុខលន់ ណល់ នៅស្ដាំដៃ
លោក ហេ ជុនសិក រូបនៅខាងឆ្វេង លោក ស៊ិន ស៊ីសាមុតនៅកណ្ដាល លោកសេនាប្រមុខលន់ ណល់ នៅស្ដាំដៃ © @Internet
ផ្សាយពាណិជ្ជកម្ម

https://www.youtube.com/watch?v=OiYCavm1R9c«សម្រែក​ឈាម​ខ្មែរ​»ជា​បទ​ចំរៀង​មួយ​ក្នុង​ចំណោម​បទ​ចំរៀង​ជា​ច្រើន​ទៀត​ដែល​លោក ស៊ិន ស៊ីសាមុត ច្រៀង​រៀប​រាប់​ឡើង​នៅ​ក្នុង​វិវាទ​រវាង​កម្ពុជា​និង​ប្រទេស​ក្បែរ​ខាង។ ផ្ដើម​ចេញ​ពី​បទ​ចំរៀង​នេះ លោក ហេ ជុនសិក អតីត​តន្រ្តីករ​ផ្នែក​វីយូឡុង​និង​ជា​ជំនិត​ផ្ទាល់ លោកស៊ីន ស៊ីសាមុត ក៏បង្ហើប​ថា សម្រែក​ឈាម​ខ្មែរ​អ្នក​ស្នេហាជាតិ​នេះ​ជា​បទ​តំណាង​ឲ្យ​ជាតិ​និពន្ធ​ឡើង​ដើម្បី​ដាស់​អារម្មណ៍ដល់​កូន​ខ្មែរ​សម័យ​នោះ​ឲ្យ​ស្មោះស្ម័គ្រ​ឈរ​ជាមួយ​ជាតិ​កុំ​វៀចវេរ។ «បទនេះ​គេ​សសេរ​ឡើង​ក្នុង​ន័យស្នេហា​ជាតិ​ទុក​ចាក់​ឲ្យ​ប្រជាជន​ស្ដាប់​ ហើយ​បទ​តំណាង​ឲ្យ​ជាតិ​ដែល លោក ស៊ិន ស៊ីសាមុត ច្រៀង​មានច្រើន​ណាស់  ពេល​នោះ​បទ​ជាតិ​ទាំង​ប៉ុន្មាន​គេ​ថត​នៅ​វិទ្យុជាតិ តែ​ក្រោយ​មក​បទ​ទាំង​នោះ​គេ​បិទ​មិន​ឲ្យ​ចេញ​ផ្សាយ​ទេ បន្ទាប់​ពី​ទម្លាក់​សម្ដេចន​រោត្តមសីហនុ​នៅ​ឆ្នាំ​១៩៧០។ បន្ទាប់​ពី​ទម្លាក់​សម្ដេច​ហើយ​គេតម្រូវ​ឲ្យ​ថត​បទ​ថ្មី​ទៀត​ភាគ​ច្រើន​ជា​បទ​ច្រៀង​រួម​គ្នា​រវាង​បង​សាមុត និង ហួយ មាស។»     

​បើ​តាម​លោកហេ ជុនសិក បន្ត​ពី​ឆ្នាំ​១៩៧០​ជា​ពេល​ដែល​លោក​សេនា​ប្រមុខ លន់ ណល់ ទម្លាក់​សម្ដេចនរោមត្តម​សីហនុ​ចេញ​ពី​អំណាច លោក ស៊ិន ស៊ីសាមុត ក៏​ស្ម័គ្រ​ចូល​ធ្វើ​ទាហ៊ាន​តាម​ការ​បបួល​របស់លោក ម៉ៅ ឡៅពី។« ម៉ៅ ឡៅពី សុះ ម៉ាត់​ គាត់​បបួល​បង​សាមុត​ទៅ​ធ្វើ​ទាហ៊ាន! និយាយ​ទៅ​ក្រុម​ការងារវិទ្យុជាតិ​ទាំង​អស់​នាំ​គ្នា​ទៅ​ធ្វើ​ទាហ៊ាន​អត់​តែ​ខ្ញុំ​ទេ ខ្ញុំ​កាល​គ្រា​នោះ​អត់​ស្រួល​ខ្លួន​អត់​បាន​មក​វិទ្យុ​ជាតិ​ក៏​អត់បាន​ទៅ​ហ្នឹង​គេ​។ មិនមែន​ជា​រឿង​លេង​ទេ​សម័យ​សាធារណ​រដ្ឋ គេ​បង្ខំ​ឲ្យ​យុវជន​ពេញ​កម្លាំង​ចូល​ធ្វើ​ទាហ៊ាន។»

លោក ហេ ជុនសិក នៅក្នុងបទសម្ភាសជាមួយ អេង គីមហុង អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិនាពេលថ្មីៗនេះ
លោក ហេ ជុនសិក នៅក្នុងបទសម្ភាសជាមួយ អេង គីមហុង អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិនាពេលថ្មីៗនេះ © kimhong

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​បំណង​ចង់​ចូល​ធ្វើ​ទាហ៊ាន​របស់ លោក ហេ ជុនសិក ត្រូវ​បាន​អាក់​ខាន​ជា​លើក​ទី២​ តាមរយៈ​ការ​រារាំង​របស់​លោក ស៊ិន ស៊ីសាមុត ក្រោម​ហេតុផល​ខ្វះ​ជំនួយ​ការ​ក្នុង​ការ​ផលិត​បទ​ចម្រៀង។«ខ្ញុំ​មាន​បង​ជីដូន​មួយ​ម្នាក់​ដែល​ម្ដាយ​គាត់​និង​ម្ដាយ​ខ្ញុំ​ត្រូវ​ជា​បង​ប្អូន​បង្កើត​នឹងគ្នា ហើយ​បង​ជីដូន​មួយ​ខ្ញុំហ្នឹង​ឈ្មោះ ញ៉ុញ លឿង ពាក់​ស័ក្ដិ​ពីរ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ទាហ៊ាន​ជាមួយ​គាត់ ខ្ញុំ​ក៏​ព្រម​ដោយ​មិន​បាន​ដឹង​ថា បង​សាមុត​គាត់​ចង់​ទុក​ខ្ញុំ​ឲ្យ​នៅ​ធ្វើការ​ជាមួយ​គាត់​ទេ។  តាម​គម្រោង​ខ្ញុំ​ទៅ​ធ្វើ​ទាហ៊ាន​ហ្នឹង​ត្រៀម​ទៅ​វាយខ្មែរ​ក្រហម​នៅ​ខាង​ភ្នំ​ប្រសិទ្ធិ ខណៈ​បង​មុត(ស៊ិន ស៊ីសាមុត)​គាត់​វាយ​នៅ​តាំង​គោក ដល់​បង​មុត​មក​វិញ​ខ្ញុំប្រាប់​ថា បង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាហ៊ាន​ជាមួយ​បង​ខ្ញុំ​ហើយ។ ​បង​សាមុត​ក៏​ឃាត់​ថា សិក​ឯង​ទៅ​ធ្វើ​អី? ​បើ​ទៅ​មានអ្នក​ណា​រត់​ការ​ឲ្យ​ខ្ញុំ​កុំ​ទៅ​អី....ខ្ញុំ​ក៏​ព្រម​នៅ​ជួយ​គាត់​ព្រោះ​ជា​ទូទៅ​បង​មុត​គាត់​ទៅ​តាំង​គោក​កន្លះ​ខែ​ម្ដង​ទើបមក​ថត​ចំរៀង​នៅ​ភ្នំពេញ​វិញ​តាម​រយៈ​ការ​ជួយ​រៀប​ចំ​របស់​ខ្ញុំ។»

រូបតំណាងៈស្ថានភាពប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៧៥ដល់១៩៧៥
រូបតំណាងៈស្ថានភាពប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៧៥ដល់១៩៧៥ © @Internet

ច្រៀង​ផង​ធ្វើ​ទាហ៊ាន​ផង​ស្ដាប់​មើល​ទៅ​ដូច​ជា​រឿង​សាមញ្ញ​សម្រាប់​លោក ស៊ិន ស៊ីសាមុត។ «កាល​ហ្នឹងគាត់​ធ្វើ​ទាហ៊ាន​ជាមួយ​លោក សុខ ធឹមបន្ទាប់​មក​បងមុត​គាត់​ចេញ​ពី​តាំង​គោក​មក​រស់​នៅ​បន្ទាយ​ទាហ៊ាន​ម្ដុំ​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ​ពី​មុន ហើយ​គាត់​ក៏​លែង​ទៅ​ធ្វើ​ទាហ៊ាន​វិញ​ដោយ​បន្ត​ថត​បទចម្រៀង​តាម​ទម្លា​ប់។»​ការ​ដក​ខ្លួន​ចេញ​ពី​សមរភូមិ​សង្គ្រាម​របស់​លោក ស៊ិន ស៊ីសាមុត ក្រោម​ហេតុ​ផលអ្វី​លោក​ហេ ជុនសិក មិន​អាច​បញ្ជាក់​បាន​ឡើយ។ ក្រោយ​មក​ដោយ​សារ​តែ​ស្ថានភាព​ស្រុកទេស​កាន់​តែអាក្រក់​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​ផ្ទៃ​ក្នុង​នៅ​រវាង​ឆ្នាំ​១៩៧០​ដល់​១៩៧៥ បាន​ធ្វើ​ឲ្យ​លោក ហេ ជុនសិក និង លោក ស៊ិន ស៊ីសាមុត ព្រាត់​គ្នា​តាំង​ពី​ពេល​នោះ​មក​ដោយ​ពុំ​ដឹង​ថា លោកស៊ិន ស៊ីមុត​ស្លាប់ក្រោម​ហេតុ​ផល​អ្វី​ឡើយ។ «ក្រោយ​ឆ្នាំ​៧៥​ហ្នឹង​ពួក​យើង​បាន​បែក​គ្នា​អស់ ខ្ញុំ​ក៏​មិន​ដឹង​ថា គាត់​ស្លាប់​ក្រោមដៃ​ខ្មែរ​ក្រហម​ឬ​យ៉ាង​ណា​ដែរ ខ្ញុំ​គ្រាន់​តែ​ដឹង​ពី​ផ្លូវ​ដែល​គាត់​ចាក់​ចេញ​បន្ទាប់​ខ្មែ​រក្រហម​ជម្លៀសប្រជាជន​ពីក្រុង​គឺ​បង​សាមុត​បាន​ធ្វើ​ដំណើរ​ពី​ព្រែក​ឯង​បន្ទាប់​ពី​គាត់​ចេញ​ពី​ផ្ទះ​នៅ​ម្ដុំ​ឯករាជ្យ​យើង​រាល់​ថ្ងៃនេះហើយខ្ញុំធ្វើ​ដំណើរ​បញ្ជ្រាស​គាត់​វិញ​មក​ផ្លូវ​ស្ទឹង​មាន​ជ័យ​ឯណេះ។»

ទោះ​ជា​នៅ​ក្នុង​វគ្គ​មុន​នៃ​សំណេរ​របស់​យើង​បាន​និយាយ​ពី​ភាព​ប៉ិន​ប្រសព្វ​របស់​លោក ស៊ិន ស៊ីសាមុតនិង​អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន​មាន​សមត្ថភាព​ផលិត​បទ​ចម្រៀង​អង្រួន​ត្រចៀក​អ្នក​ស្ដាប់​ហើ​យ​ក៏​ដោយ ក៏លោក ហេ ជុនសិក បន្ត​លើក​សសើរ​ពី​សមត្ថភាព​របស់​លោក ស៊ិន ស៊ីសាមុត ក្នុង​នាម​ជា​គ្រូពេទ្យ​វិញ​ម្ដង។«ខ្ញុំ​ចាំ​បាន​ថា គាត់​រៀន​ជំនាញ​ពេទ្យ និង​បាន​ក្លាយ​ជា​គ្រូពេទ្យ​ទៀត​ផង នៅ​រវាង​ឆ្នាំ​១៩៥០ ហើយពេទ្យ​ជំនាន់​នោះ បើ​យើង​មិនមែន​ជា​អ្នក​រៀន​ពូកែ​ទេ គឺ​មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ឡើយ។ ក្រៅ​ពី​ពេទ្យបង​មុត​អាច​ច្រៀង​បារាំង និង​ថៃ​បាន​ទៀត​ផង។»

លោក​ស៊ិន ស៊ីសាមុត ក្នុងពេលអតីតកាល
លោក​ស៊ិន ស៊ីសាមុត ក្នុងពេលអតីតកាល © @Internet

ចំណែក​អត្ត​ចរិត​លោក ស៊ិន សាមុត វិញ​ត្រូវ​បានគេ​មើល​ឃើញ​ដូច​គ្នា​ថា លោក​ជា​មនុស្ស​ស្ងៀម​ស្ងាត់។«បង​មុត​ជា​មនុស្ស​ស្លូត​បូត​ស្ងៀមស្ងាត់​អង្គុយ​ជិត​គ្នា​ស្ដាប់​គាត់​និយាយ​មិន​ចង់​ឮ​ផង តែ​ពេល​គាត់ច្រៀង​ឮ​វិញ ដោយ​មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​បំពង​សំឡេង​ជំនួយ​ទេ តែ​បើ​សុធា​(រស់ សេរីសុធា)ត្រូវ​ប្រើឧបករណ៍​បំពង​សំឡេង​ជួយ​ខ្លាំង។»

ងាកមក លោក ហេ ជុនសិកវិញ នៅ​ក្នុង​វ័យ​៨១​ឆ្នាំ​ជា​អ្នក​ស្រុក​មង្គល​បុរី បុរស​ចំណាស់​រូប​នេះ​រស់​នៅយ៉ាង​ស្ងៀមស្ងាត់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ជាមួយ​វីយូឡុង ជា​ជីវិត​មួយ​ដែល​លោក​ពេញ​ចិត្ត​ជា​ទី​បំផុត បន្ទាប់​សំរាក​ពី​អាជីព​ជា​អ្នក​កូដ​វីយូឡុង​នៅ​ក្នុង​ឆ្នាំ​២០ ១៥។ ខ្សែវី​យូឡុង​ថ្មី​ជំនួស​ឲ្យ​ខ្សែវី​យូឡុង​ចាស់​ជាអ្វី​ដែល​លោក ហេ ជុនសិក ត្រូវ​ការ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​លើ​ឧបករណ៍​តន្ត្រី​ដែល​លោក​សែន​ស្រឡាញ់មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ