អានតួអត្ថបទ
បទយកការណ៍

អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩៖ កុំ​ឲ្យ​ការ​បង្ការ​កូវីដ១៩​ក្លាយ​ជា​ការ​រើស​អើង​នៅ​ក្នុង​សង្គម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ជា​សះ​ស្បើយ​ពី​វីរុស​កូវីដ១៩ កំពុង​ក្លាយ​ជា​ខ្លួន​ជា​ជន​រង​គ្រោះ​ជា​ថ្មី តាម​រយៈ​ការ​រើសអើង​ពី​សហគមន៍​ដែល​ពួក​គេកំ​ពុង​រស់​នៅ។ ការ​រើស​អើង​នេះ​បាន​កើត​ទៅ​លើ​គ្រួសារ​មួយ​ដែល​មាន​គ្នា​៦​នាក់ ដែល​ធ្លាប់​ផ្ទុក​វីរុស​កូវីដ១៩។ សហគមន៍​បាន​ស្ដី​បន្ទោស​លើ​គ្រួសារ​នេះ​ថា ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​ចម្លង​វីរុស​កូវីដ១៩​ចូល​ដល់​សហគមន៍ និង​ឈាន​ទៅ​ដល់​ការ​បិទ​ភូមិ​ចំនួន​១៤​ថ្ងៃ​កាល​ពី​គ្រា​មុន។  ប្រឈម​នឹង​ការណ៍​នេះ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ បាន​ស្នើ​ឲ្យ​ពល​រដ្ឋ​ក្នុង​សហគមន៍ កុំ​ឲ្យ​យក​លេស​បង្ការ​កូវីដ១៩ ជា​ការ​រើស​អើង​នៅ​ក្នុង​សង្គម។ ពីជ្រុងម្ខាងនៃរាជធានីភ្នំពេញ សូមស្ដាប់បទយកការណ៍របស់ អេង គីមហុង ដូចតទៅ៖

អ្នកស្រីចាន់ណានៅខាងឆ្វេងដៃហើយអ្នកស្រីចិន្ដានៅខាងស្ដាំដៃ
អ្នកស្រីចាន់ណានៅខាងឆ្វេងដៃហើយអ្នកស្រីចិន្ដានៅខាងស្ដាំដៃ © kimhong
ផ្សាយពាណិជ្ជកម្ម

ពី​ក្រៅ​របងផ្ទះ គេ​ឃើញ អ្នក​នៅ​ក្នុង​ផ្ទះ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​របស់​ពួកគេ​ដោយ​អ្នក​ខ្លះ​បោសជូត ដុះលាង​សម្អាត​ឡាន​ម៉ូតូ និង​ក្មេង​រត់​លេង​ពេញ​មុខ​ផ្ទះ​ជាដើម ហើយ​វត្ត​មាន​ភ្ញៀវ​ឈប់​ចាំ​ពី​ក្រៅ​មិន​បានក្លាយ​ជា​រឿង​ភ្ញាក់​ផ្អើ​សម្រាប់​ម្ចាស់​ផ្ទះ​ទេ។ នេះ​ទំនង​ជា​ដោយ​សារ​ការរើស​អើង​ពី​ក្នុង​សហគមន៍​បាន​ប៉ះទង្គិច​អារម្មណ៍​ផ្លូវចិត្ត​សមាជិក​គ្រួសារ​ម្នាក់ៗ​ហើយ​មើល​ទៅ។

រូបតំណាងៈសោផ្ទះ
រូបតំណាងៈសោផ្ទះ © kimhong
មួយ​សន្ទុះ​បន្ទាប់​មក របង​ផ្ទះ​បាន​របើក​ដោយ​សារ​តែ​តួអង្គ​ដែល​ត្រូវ​សម្ភាស​ចេញ​មក​ទទួល «អ្នក​ភូមិឥឡូវ​គ្រាន់​តែ​ឃើញ​ពួក​ខ្ញុំ​ចេញ​ពី​ពេទ្យ​វិញ គេ​អត់​ជឿ​ថា ពួក​ខ្ញុំ​ព្យាបាល​ជំងឺ​កូវីដ១៩ជាទេ ព្រោះ​គេ​យល់ថា ប្រទេស​គេ​រក​ថ្នាំ​ព្យាបាល​មិន​ទាន់​ទាំង​ឃើញ​ផង ចុះ​ហេតុ​អី​ក៏​ពួក​ខ្ញុំ​ព្យាបាល​ជា?  សូម្បី​តែ​អ្នក​ភូមិ​ក៏​គេអត់​ហ៊ាន​លក់​អី​ឲ្យ​យើង​ហូប​ដែរ ខ្លាច​ពេល​យើង​ចូល​ទៅ លែង​មាន​អ្នក​ហ៊ាន​ចូល​ទៅ​ទិញ​ទៀត។ ដល់ពេល​ឃើញ​គេ​ខ្លាច​យើង​អ៊ីចឹង ពួកយើង​នៅ​តែ​ក្នុង​ផ្ទះ​ទេ អត់​ហ៊ាន​ចេញ​ទៅ​ណា​ឡើយ​ ព្រោះ​គេ​ខ្លាច​ពួក​ខ្ញុំខ្លាច​យក​តែ​មែនទែន! ហើយ​ក្មេងៗ​ធ្លាប់​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​បាន លែង​ចេញ​លេង​បាន​ដោយ​សារ​គេរើស​អើង​ពេក អ៊ីចឹង​កូន​ខ្ញុំ ប្អូន​ខ្ញុំ ក្មួយ​ខ្ញុំ លេង​នៅ​តែ​ក្នុង​ផ្ទះ​ទាំង​អស់។» នេះជា​ស្ថាន​ភាព​ពិត​ដែល​អ្នក​ស្រីចាន់ណា​កំពុង​ជួប​ប្រទះ​រាល់​ថ្ងៃ ក្រោយ​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ពីរ​សប្ដាហ៍។ ចាន់​ណា​ជា​ឈ្មោះ​ដែល​វិទ្យុបារាំង​ហៅ​បណ្ដោះ​អាសន្ន​ទេ។ អ្នកស្រី​ចាន់ណា​មិន​ដឹង​ឡើយ​ថា ស្ថានភាព​រើសអើង​នេះ​អូស​បន្លាយដល់​ពេល​ណា​នោះ​ទេ​ បើ​សហគមន៍​ដែល​គាត់​រស់​នៅ​មិន​បែងចែក​ឲ្យ​ដាច់​ស្រះ​រវាង​ការ​រស់​នៅ​តាម​បែបគន្លង​ថ្មី​និង​ការ​បង្ការ​កូវីដ១៩​បែប​នេះ។

អង្គុយ​បញ្ឆិត​គ្នា​ពី​អ្នក​ស្រី​ចាន់ណា​ក្នុង​រយៈ​ចម្ងាយ​មួយ​ម៉ែត្រ​កន្លះ អ្នកស្រីចិន្ដា​ដែល​ជា​ឈ្មោះ​សន្មត​ដែរនោះ រៀប​រាប់​បន្ថែម​ថា «មិន​យល់​ថា ហេតុអី​បាន​ជា​មនុស្ស​មួយ​ចំនួន​មិន​ទុក​ចិត្ត​ការ​ព្យាបាល​របស់​ពេទ្យយើង​ទេ មើល​ងាយ​សមត្ថភាព​ពេទ្យ​ខ្លួន​ឯង ទាំង​ដែល​គ្នា​ខំ​ព្យាបាល​យើង​អត់​សម្រាក​សម្រាប់​ខ្លួន​ឯង​ផងហ្នឹង!»

អ្នកស្រីចិន្ដា
អ្នកស្រីចិន្ដា © kimhong

កើត​កូវីដ១៩​នៅ​ភ្នំពេញ​ឯណេះ​ទេ តែ​វិសាល​ភាព​នៃ​ការ​រើស​អើង ធ្លាយ​ដល់​ខេត្ត​កំពង់​ចាម​ទី​កំណើតអ្នកស្រី​ចិន្ដា​ឯណោះ​វិញ។ នេះ​ក៏​ដោយសារ​តែ​មុន​មួយ​ថ្ងៃ​នៃ​ការ​រក​ឃើញ​វីរុស​កូវីដ១៩ អ្នកស្រី​ចិន្ដា​បានធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត «ប្អូន​ខ្ញុំ​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង​នៅ​កំពង់​ចាម ហើយ​ធ្លាប់​ជា​មិត្តភត្តិ​ស្និទ្ធ​ស្នាល​នឹង​គ្នា គេ​បាន​ហៅ​ប្អូន​ស្រី​ខ្ញុំ​សុទ្ធ​តែ​មីកូវីដ។ មិត្ត​ធ្លាប់​ហូប​បាយ​ជាមួយ​គ្នា គ្រាន់​តែ​ឃើញ​ប្អូនខ្ញុំ​ដើរ​មក គេ​នាំ​គ្នា​ហៅ​ថា មីកូវីដ​មក​ហើយ។ ខ្ញុំ​ប្រាប់​ប្អូន​ត្រឡប់​ទៅ​វិញ​ថា កុំ​តូចចិត្ត​អី​ខំ​ធ្វើការ​និង​ហូប​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​យើង។»

មែន​ទែន​ទៅ​ស្រ្តី​ទាំង​ពីរ​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​សរុប​៦​នាក់​ដែល​ធ្លាប់​ផ្ទុកវីរុស​កូវីដ១៩ ដោយ​អ្នកស្រី​ចាន់ណា​និង​អ្នកស្រី​ចិន្ដា ត្រូវ​ជាម្ដាយ​មីង​និង​ក្មួយស្រី។ មកដល់​ចំណុច​នេះពី​សាម៉ី​ខ្លួន​ទាំងពីរ​សុំ​មិន​ឲ្យ​ផ្សាយ​ពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​គាត់​ឆ្លង​កូវីដ១៩​ទេ គ្រាន់​តែ​ប្រាប់​ត្រួសៗ​ថា អ្នកស្រីចាន់​ណា​ជា​ក្មួយ ឆ្លង​ពី​ប្ដី​តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ហើយ​អ្នកស្រីចិន្តា​ដែល​ជា​ម្ដាយ​មីង​ឆ្លង​ពីអ្នកស្រី​ចាន់ណា តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយគ្នា ចំណែក​អ្នកស្រីចិន្ដា​ក៏​បាន​ចម្លង​រោគ​នេះទៅ​កូន​ប្រុស​អាយុ​៧​ឆ្នាំ​របស់​គាត់​តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដែរ។

ទោះ​ជា​ស្ថិត​ទឹក​មុខ​ស្រពោន​ក៏​ដោយ​ក៏​អ្នក​ស្រី​ចាន់​ណា​បន្ត​និយាយ​អំពី​ការ​រើសអើង​លើ​ក្រុម​គ្រួសារ​គាត់ដោយ​ភាព​ស្វាហាប់​ថា «​ភូមិខ្ញុំ​រស់​នៅ​នេះ គេ​បិទ​១៤​ថ្ងៃ កាល​ពី​ផ្ទុះ​ឆ្លង​ចូល​សហគមន៍​២៨​វិច្ឆិកា​ហ្នឹង​ គឺ​គេមិន​ឲ្យ​មាន​ការ​ចេញ​ចូល​ក្នុង​ភូមិ​ឡើយ ដោយសារ​គ្រួសារ​ខ្ញុំ​មាន​ផ្ទុក​កូវីដ១៩​ទាំង​អស់។ ដល់​ហើយ​អ្នកភូមិ​គេ​នាំ​គ្នា​បន្ទោស​គ្រួសារ​ខ្ញុំ​ថា  កើត​ជំងឺ​នេះដើរ​ចម្លង​គេ​ពេញ​ភូមិ។ តែ​ចុង​ក្រោយ នៅ​ភូមិ​ខ្ញុំ​គ្មាន​អ្នក​ណាកើត​មាន​ជំងឺ​កូវីដ​១៩​ផង ក្រៅ​តែ​ពី​គ្រួសារ​ខ្ញុំ។ អ្នក​ភូមិ​ខ្ញុំ​ភ្លេច​គិត​ថា គ្រួសារ​ខ្ញុំ​ក៏​ជា​ជន​រងគ្រោះ​ដែរ​ស្ដី ​ថាអ៊ីចឹង បាន​អី​មក​វិញ។ ខ្ញុំ​ចង់​ឲ្យ​កើត​មាន​ជំងឺ​ហ្នឹង​ណាស់​ទៅ​ហ្អី?»

រូបតំណាងៈយុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីកូវីដ១៩
រូបតំណាងៈយុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីកូវីដ១៩ © សហការី
ការ​រើសអើង​ប្រែ​ក្លាយ​ភាព​ស្និទ្ធស្នាល​និង​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​សហគមន៍ ឲ្យ​ទៅ​ជា​ការ​លែង​ទុក​ចិត្ត​គ្នាដូច​គ្រា​មុន «មុន​នឹង​ទៅ​ផ្សារ ខ្ញុំ​ត្រូវ​ទូរសព្ទ​ទៅ​សួរ​អ្នក​លក់​សិន​ថា ខ្ញុំ​អាច​ទិញ​ឥវ៉ាន់​ឬ​ម្ហូប​នៅ​កន្លែង​របស់អ្នក​បាន​អត់? សួរថា ម៉េច​បាន​ត្រូវ​តេ​គេ​មុន​បើយើង​ទៅ​តាម​ទម្លាប់ ដូច​ខ្លាច​អ្នក​លក់​នៅ​ផ្សារ​រើសអើង​នៅកណ្ដាល​ផ្សារ​ខ្មាស​គេ​បន្ថែម។» នេះ​ជា​ការ​បន្ថែម​របស់​អ្នក​ស្រី​ចិន្ដា។

បើតាម​អ្នកស្រី​ចាន់ណា ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​រើសអើង​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ បន្សល់​ទុក​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​រើសអើង​មិន​បាន​ដឹង​ដូច​ជា៖ បាត់​បង់​ចំណូល​ប្រចាំ​ថ្ងៃ បំណុលធនាគារ និង​វិបត្តិ​ផ្លូវចិត្ត​ជាដើម។ «ប្អូន​ថ្លៃ​ខ្ញុំ​ម្នាក់​ធ្វើ​ជា​ប៉ូលីស​កន្លែង​ការ​គេ អត់​ទាន់​ចូល​វិញ​ទេ​ទោះ​ជាគ្នាជា​ពី​កូវីដ១៩​ក៏​ដោយ គេថា ចាំ​ជំងឺ​នេះ​ស្ងប់​សិន។ ចំណែក​បង​ថ្លៃ​ខ្ញុំ​ម្នាក់​ទៀត​អត់​បាន​កើត​កូវីដ១៩​ផង​ក៏គេ​ឲ្យ​សម្រាក​ពី​ការងារ​រហូត​ដល់​ស្ថានភាព​កូវីដ១៩​ស្ងប់​ដែរ ទោះ​ជា​បង​ថ្លៃ​ខំ​ពន្យល់​ប្រាប់​គេ​ថា ខ្លួន​មិនបាន​ឆ្លង​ជំងឺ​នេះ​ក៏​ដោ​យ ហើយ​គេ​ឆ្លើយ​មក​វិញ​ថា ទោះជា​មិន​បាន​កើត​លើ​ខ្លួន​ឯង តែ​សមាជិក​គ្រួសារ​កើតក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ដូច​គ្នា​ដែរ។»

ឆ្លើយ​តប​នឹង​ការរើស​អើង​ក្នុង​សហគមន៍ ដំណោះ​ស្រាយ​ចំពោះ​មុខ​សម្រាប់​គ្រួសារ​មួយ​នេះ គឺ​រស់​នៅ​តែក្នុង​ផ្ទះ ពោល​គឺត​ម្រូវ​ឲ្យ​សមា​ជិក​​គ្រួសារ​មិន​ដើរ​ហួស​ពី​របង​ផ្ទះ​ឡើយ។ ចំណែក​ពេល​ចេញក្រៅម្ដងៗ ត្រូវ​បង្ខំ​ចិត្ត​បន្លំ​ខ្លួន​កុំ​គេ​ស្គាល់​តាម​រយៈ ពាក់វែន​តាខ្មៅ ពាក់ម៉ាស់ ហ៊ុំមុខឲ្យជិត «ឃើញ​ស្ថាន​ភាព​ពួក​ខ្ញុំលំបាក​ទេ? ឈប់​ទៅ ឈប់​រើសអើង​ខ្ញុំ​ទៅ បើ​ខ្ញុំ​ដឹង​ខ្លួន​ថា មាន​កូវីដ១៩ ខ្ញុំ​នឹង​ទៅ​ព្យាបាល​ទាន់​ពេលវេលា ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ខ្លាច​ខ្ញុំ​ទាន់​ទេ។ យក​ការ​រើសអើង​ខ្ញុំ​ បង្ការ​ខ្លួនឯង​ពី​កូវីដ១៩វិញល្អ​ជាង​។»

បន្ថែម​លើ​នេះ​អ្នក​ស្រី​ចាន់​ណា​អះអាង​ថា ក្រុម​គ្រួសារ​គាត់​ទាំង​មូល​បន្ត​ការ​ពារខ្លួន​ដើម្បី​បង្ការ​ការ​លាប់ជំងឺ​នេះ​ឡើង​វិញ​តាមរយៈ​ការ​ធ្វើ​អនាម័យ​ធ្វើ​ទ្វេ​ដង ទាំង​មនុស្ស​ធំ​និង​កូន​ក្មេង។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © @Internet
ចំពោះ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​វិញ ស្ត្រី​ទាំង​ពីរ​ចាន់ណា​និង​ចិន្ដា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ដូច​គ្នា​តែ​បន្ទប់​ផ្សេង​គ្នា។ បក​ក្រោយ​បន្តិច​អ្នក​ទាំង​ពីរ​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍តក់​ស្លុត​ពេល​ដឹង​ថា ខ្លួន​មាន​ផ្ទុក​វីរុស​កូវីដ១៩ និង​បាន​គិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​ថា ​ដឹងតែ​ស្លាប់​មិន​ខានទេ​ពេល​មាន​ផ្ទុក​ជំងឺ​នេះ។ បន្ទាប់​ពី​មក​ភាព​តក់​ស្លុត​ប្រែ​រលាយ​សូន្យ​បន្ទាប់​ពី​ចូល​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ពេទ្យ បើ​តាម​ស្ត្រី​ទាំង​ពីរ ក្រៅ​ពី​ការ​ផ្ដល់​ថ្នាំ​អាហារ​និង​តាមដាន​សុខភាព បាន​និយាយកំប្លែង​និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ​ជាមួយ​នឹង​ភាសា​និង​អាកប្ប​កិរិយាទន់​ភ្លន់។ «គ្រាន់​តែ​ពេទ្យ​ចូលទៅ​ដល់​បន្ទប់ អ្នក​ជំងឺ​សើច​តែ​ម្ដង ព្រោះ​ពេទ្យ​កំប្លែង។ ពេល​ចេញ​ទៅ​វិញ ពេទ្យ​អរគុណ​និង​ជូនពរ​ឲ្យ​យើងឆាប់​ជា​ទៀត​ផង។»

និយាយ​ដល់​ចំណុច​នេះ​អ្នកស្រី​ចិន្ដា​ប្រែ​ទឹក​មុខ​អាណិត​ពេទ្យ ដែល​ប្រៀប​ដូច​ជា​មេទ័ព​ប្រយុទ្ធ​នឹង​សត្រូវ «អាណិត​គ្រូពេទ្យ ពេល​ខ្លះ​ត្រូវ​ជួស​ឈាម​អ៊ីចឹង!  គាត់​ត្រូវ​ផ្ទៀងផ្ទាត់​មើល​មើល​ហើយ​មើល​ទៀតដោយ​សារ​ភ្នែក​គាត់​ស្រវាំង​ដែល​បណ្ដាល​មក​ពី​ការ​ពាក់​វែនតា​។ ជួលកាល​ឃើញ​ពេទ្យ​ដូចវិ​ល​មុខអ៊ីចឹង​គាត់ប្រាប់​ខ្ញុំ​ថា ចាំ​តិច​គាត់​សម្រួល​ឥយាបថ​និង​អារម្មណ៍​សិន សរុប​មក​គឺ​ខ្ញុំ​អាណិត​ពេទ្យ​តែ​ម្ដង។»

រោគសញ្ញាកូវីដ១៩
រោគសញ្ញាកូវីដ១៩ © kimhong

សើច​សប្បាយ​ចិត្ត​ត្បិត​បាន​ជា​សះ​ស្បើយ​ឡើង​វិញ អ្នកស្រី​ចិន្ដា​នៅ​ក្នុង​វ័យ​ជាង​៥០​ឆ្នាំ ចេញ​ទៅព្យាបាល​ជំងឺ​កូវីដ១៩​ជាមួយ​កូន​ប្រុស​អាយុ​៧​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា និង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី២៦ធ្នូ។ ​«សម្រាប់​ខ្ញុំ អាការៈ​កូវីដ១៩ ស្ដែង​ឡើង​តាម​រយៈ​ការ​ក្ដៅ​លើ​មុខ​តិចៗ ហើយ​គ្រាន់​តែ​ពុក​ម៉ែ​ខ្ញុំ នៅ​ស្រុក​ដឹង​ថា ខ្ញុំ​មាន​កូវីដ​១៩ គាត់​ទ្រហោយំ ព្រោះ​មើល​ព័ត៌មាន​ពី​ស្រុក​គេ​មក​វិញ​ឃើញ​ស្លាប់​ច្រើនអ៊ីចឹង!គាត់​បារម្ភ​ខ្លាច​ខ្ញុំ​ស្លាប់​ដូច​គេអ៊ី​ចឹង​ដែរ។»

ជាមួយ​គ្នានេះ អ្នក​ស្រី​ចាន់​ណា​ដែល​អង្គុយ​ជ្រុង​ម្ខាង​នៃ​តុ​បាន​លូក​មាត់​ថា៖ «ដំបូង​ពេល​ដឹង​ថា ឆ្លង​ជំងឺហ្នឹង​ភ័យ​ណាស់ តែ​ពេល​ចូល​ខ្លួន​ទៅ​ព្យាបាល​មាន​អារម្មណ៍​ធម្មតា​វិញ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​ការ​ព្យាបាលរបស់​ពេទ្យ។ បើ​ក្នុង​ខ្លួន​យើង​មាន​ជំងឺ​អី​ផ្សេង​ក្រៅ​ពី​កូវីដ​ហ្នឹង ពេទ្យ​ព្យាបាល​យើង​ឲ្យ​ជា​សះស្បើយ​ទៀតផង ជាក់​ស្ដែង​មីង​ខ្ញុំ​អ៊ីចឹង (ចិន្ដា) គាត់​មាន​មេរោគ​ក្នុង​គ្រាប់​ឈាម ពេទ្យ​ព្យាបាល​ជា​ព្រម​គ្នា​នឹង​កូវីដ បានឲ្យ​ចេញ។»

អំឡុង​ពេល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ អ្នកស្រី​ចិន្ដា​និង​អ្នកស្រី​ចាន់ណា​ទទួល​បាន​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃនិង​ថ្នាំ​ទៀង​ទាត់ ហើយ​ពីរ​ថ្ងៃ​ម្ដង ពួកគេ​ត្រូវ​ពេទ្យ​មក​យក​សំណាក​និង​តេស្ត​ឈាម ដើម្បី​តាម​ដាន​រក​វីរុស​កូវីដ១៩។ ទោះ​ជា​មាន​ការ​ថែ​ទាំ​ដិត​ដល់​និង​អាហារ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ក៏​ដោយ តែសម្រាប់​អ្នក​ជំងឺ​កូវីដ ពេល​ហូប​អាហារ​ចូល​ទៅ មិន​ដឹង​រស់​ជាតិ និង​ក្លិន​ឡើយ។  ប៉ុន្តែ​យ៉ាង​ណាក៏​ដោយពីរ​នាក់​ម្ដាយមីង​និង​ក្មួយ​អះអាងថា កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​មិន​ជា​កន្លែង​គួរ​ឲ្យ​ខ្លាច​ទេ តែ​ក៏​មិនមែន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​ប្រហែស​ខ្លួន​ពី​បង្ការ​កូវីដ១៩​ដែរ។ អ្នក​ទាំង​ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទូទៅ ប្រុង​ប្រយ័ត្ន​និង​បង្ការ​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​តាម​វិធាន​សុខាភិបាល ក្នុង​នោះ​រួមមាន៖ពាក់ម៉ាស់រាល់ពេលចេញក្រៅ ឧស្សាហ៍លាងដៃនិងសាប៊ូ និងរក្សាគម្លាតសុវត្ថិភាពជាដើម៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ