អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ជា​រៀង​រាល់​៦​ខែ​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ កូវីដ​១៩​ហាក់​ចាប់​កំរើក​ឡើង​វិញ នៅស្ទើរ​ទូទាំង​ពិភពលោក​។ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​បារាំង រហូត​​ជំរុញ​ឱ្យ​អាជ្ញាធរ​សុខាភិបាលចេញ​​អនុសាសន៍ណែនាំ​​ឱ្យ​ប្រជាពលរដ្ឋ​ត្រលប់​មក​ពាក់​ម៉ាស​វិញ ក្នុង​ទីកន្លែង​បិទ​ជិត និង​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។ រលក​ចម្លង​ថ្មីនេះ​ ទំនង​ជា​បណ្តាល​មក​ពី​មេរោគ​កូវីដ​ អូមីក្រុង បំប្លែង​ខ្លួន​ថ្មីបន្ថែម​ទៀត​ ដែល​អ្នក​ជំនាញ​ឱ្យ​ឈ្មោះ​ថា​អូមីក្រុង​ BA4 និង​ BA5។ប្រឈម​នឹង​​សន្ទុះ​ចម្លង​ថ្មី នៃ​មេរោគ​ដែល​កាន់​តែ​ងាយ​ឆ្លង តើ​អាជ្ញាធរ​សុខាភិបាល​បារាំង​ណែនាំ​យ៉ាងណា ? ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​បន្ថែម​មួយ​ដូស​ទៀត​ឬ​ទេ ?

តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ជា​រៀង​រាល់​៦​ខែ​ឬ ?!
តើ​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ជា​រៀង​រាល់​៦​ខែ​ឬ ?! AP - Michel Spingler
ផ្សាយពាណិជ្ជកម្ម

ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែលពិភពលោក​បាន​រង​ការ​រាតត្បាត​ពី​ជំងឺ​​កូវីដ​១៩។ ពេលវេលា​​កន្លង ជំងឺ​កូវីដ​១៩​ក៏​បាន​វិវឌ្ឍ​ និងបាន​​ប្រែប្រួល​យ៉ាង​ខ្លាំង​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៃ​ភព​ផែនដី។ មេរោគ​បាន​បំប្លែង​ខ្លួន​​ ក្លាយ​ជា​មេរោគ​ថ្មី​ហើយ​បំប្លែង​ខ្លួន​បន្ត​ទៀត​ បង្កើន​អំណាច​ចម្លង​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ចំណែក​ការ​ប្រយុទ្ធ​ប្រឆាំង​ក៏​វិវឌ្ឍ​និង​ប្រែប្រួល​ដែរ ដោយ​មាន​អនុសាសន៍​ថ្មី​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំ​បង្ការ និង​ ព្យាបាល​សង្គ្រោះ​អ្នក​ជំងឺ​​កូវីដ​។

ក្នុង​ខណៈ​ដែល​​អង្គការ​សុខភាពពិភពលោក​ព្យាករ​ថា ករណី​ឆ្លង​ថ្មី​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប នៅអំឡុង​ខែក្តៅ​កក្កដា​និង​សីហា​នេះ នៅប្រទេស​បារាំង ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើន​មួយ​ទ្វេ​ជា​បី​ ដោយ​ជាក់ស្តែង ជា​ស្រេច​ទៅ​ហើយ។ ប្រឈម​នឹង​រលក​ចម្លង​ថ្មី​ ដែល​នឹង​អាច​បង្ក​ផលវិបាក​និង​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ទីរ​ពេទ្យ​នៅ​ចុង​ខែ អាជ្ញាធរ​បារាំង​បាន​រំលឹក​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ដូស​ជំរុញ​ទី​ពីរ (ឬ​ដូសទីបួន) តែ​មិន​ដល់​ថ្នាក់​​​បង្ខំ​ឱ្យ​សាធារណជន​ទូទៅ​បំពេញ​កាតព្វកិច្ចពាក់​ម៉ាស​ទេ គឺ​មាន​ត្រឹម​តែ​ជា​ការ​ណែនាំ​និង​ផ្តល់​អនុសាសន៍ឱ្យ​ពាក់​ម៉ាស​វិញ​​តែ​ប៉ុណ្ណោះ។​

មេរោគ​អូមីក្រុង​ BA5 ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ រលក​ចម្លង​ថ្មី​​លើក​នេះ។ តើ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​កំពុង​រីក​សាយភាព​នៅ​អឺរ៉ុប​និង​បារាំង​ខ្លាំង​ចម្បង​គេ​នៅពេល​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា ?

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Arnaud Fontanet ប្រធាន​ផ្នែក​អេពីដេមីសាស្ត្រនៃ​ជំងឺ​រាតត្បាត​ ​ឆ្លង​ថ្មី​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ប៉ារីស ៖

 “បើ​គិត​​អំពី​ទម្រង់​គ្លីនិក គេ​ពិបាក​និយាយ​ណាស់ ព្រោះបើ​មេរោគ​កាន់​តែ​ឆ្លង​រាតត្បាត ពី​មនុស្ស​ទៅ​ម្នាក់​ ឆ្លង​ម្តង​ហើយ​ឆ្លង​ទៀតលើ​អ្នក​ដែល​មាន​ភាពស៊ាំ​ ដោយ​បាន​ចាក់​ថ្នាំ​បង្ការ​រួច ​ ឬដោយ​​ធ្លាប់​បាន​កើត​កូវីដ​​ហើយ​ ​នោះវា​ពិត​ជាមាន​ឥទ្ធិពល​លើ​ការ​បញ្ចេញ​​រោគ​សញ្ញា​គ្លីនិក​ជា​ប្រាកដ។ អ្វី​ដែល​គេ​បាន​ដឹង​នៅពេល​នេះ គឺ​មេរោគ​មិន​សូវ​បង្ក​ឱ្យ​មាន​ជំងឺ ទម្រង់​​ធ្ងន់​ទេ​។ ជា​ប្រការ​ល្អ។ តែ​ឥលូវ​ យើង​ត្រូវ​នឹក​គិត​ភ្លាម​ថា​អាច​​ឆ្លង​មេរោគ​កូវីដ​១៩ នៅមាន​អាការៈ​ ឈឺបំពង់ក តឹង​ច្រមុះ ឬក្តៅ​ខ្លួន​បន្តិចបន្តួច និង​នៅពេល​មាន​អាការៈ​​អស់​កម្លាំង។ ការ​អស់​កម្លាំងនេះ​​ជា​សញ្ញា​សម្គាល់មួយ​នៃ​​ជំងឺ​កូវីដ​។”

​ពេល​នេះ​រដ្ឋាភិបាល​វិធានការ​ទប់​ស្កាត់​កូវីដ១៩ ត្រូវ​បាន​លើកស្ទើរ​តែ​អស់​ទៅ​ហើយ តើ​គេ​គួរ​ត្រលប់​មក​ប្រកាន់​យក​បម្រាម​អ្វី​ខ្លះ​វិញ ដើម្បីការ​ការពារ​និង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ១៩ ?

លោកសាស្ត្រាចារ្យ អារណូហ្វុងតាណេ ៖

“ត្រូវ​យល់​ថា​ ឆ្លងអូមីក្រុង មិនមែន​ជា​ប្រការ​ល្អ​ប៉ុន្មាន​ទេ បើ​ទោះ​បី​ជា​ជំងឺ​នេះ​ហាក់​ត្រូវ​បាន​គេ​ចាត់​ទុក កាន់​តែ​ច្រើនឡើងៗ ​ថា​ជា​ជំងឺ​ធម្មតា​ក៏​ដោយ។ ដូច្នេះ​ត្រូវ​តែ​បន្ត​ការពារ​ខ្លួន។ ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត គឺ​ការ​ពាក់​ម៉ាស់ បន្ទាប់​មក​ បើនៅទីកន្លែង​បិទ​ជិត​ត្រូវ​ឧស្សាហ៍​បើក​ចំហ​ឱ្យ​មាន​ខ្យល់​ចេញ​ចូល។ នៅពេល​វីរុស​កំពុង​សកម្មខ្លាំង ត្រូវចៀង​វាង​កន្លែង​ដែល​មាន​មនុស្សម្នា​ប្រមូល​ផ្តុំ​គ្នា​ច្រើន ឬប្រយ័ត្ន​តាម​បែប​ផ្សេង​ ព្រោះ​ការ​ជួបជុំ​ប៉ះពាល់​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​នេះ​ហើយ​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​កា​រចម្លង​មេរោគ។

នៅ​ចំពោះ​មុខ​រលក​ចម្លង​ថ្មី​លើក​នេះ យុទ្ធសាស្ត្រ​ដ៏​ចំបង​និង​សំខាន់​បំផុត​ដែល​គេ​គួរ​ប្រកាន់​យក​សម្រាប់​អំឡុង​ពេល​នេះ គឺ​ការ​ការពារ​អ្នក​ទន់​ខ្សោយ​ ព្រោះក្រុម​អ្នក​ទន់​ខ្សោយ​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ដល់​ស្លាប់​បាត់​បង់​ជីវិត ​ជាង​គេ។ ការប្រុងប្រយ័ត្ន ផ្តោត​ខ្លាំង​ទៅ​លើ​ ការ​ត្រលប់​មក​ប្រកាន់​វិធានការពារ​ខ្លួន សម្រាប់​មនុស្ស​ចាស់ និង​អ្នក​នៅ​ជុំ​វិញ​មនុស្ស​ចាស់​មនុស្ស​ទន់​ខ្សោយ​​ និង​ការ​ចាក់​ថ្នាំបង្ការ​ ដូស​ជំរុញ​ទីពីរ។ ការ​ចាក់​វ៉ាក់សាំង​រំលឹក​លើកទីពីរ ឬ​ត្រូវ​នឹង​ការ​ចាក់​ថ្នាំបង្ការ​លើក​ទីបួន ​អាច​ការពារ​អ្នក​ជំងឺ​ផុយស្រួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​មែន​ទែន មិន​ឱ្យ​ពួកគាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន។ ជា​ចុងក្រោយ​គឺ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ ជំងឺកូវីដ ឈ្មោះ​Paxlovid សម្រាប់​អ្នក​ជំងឺ​អាយុ​លើស​ពី​៦៥ឆ្នាំ។ ថ្នាំ​នេះ​អាច​កាត់​បន្ថយ​គ្រោះ​ធ្លាក់​ខ្លួន​ឈឺចូល​សម្រាក​ពេទ្យ​បាន​មួយ​ជា​១០ ប៉ុន្តែ​បារាំង​ប្រើ​ថ្នាំ​នេះ​តិច​តួច​បំផុត៕”

នរណាមាន​សិទ្ធិ​ចាក់​ដូស​ជំរុញ​ទីពីរ ?

បារាំង​មិនសូវ​​ប្រើ​ថ្នាំ​ព្យាបាល​ជំងឹ​កូវីដ​១៩​ទេ ចំណែកយុទ្ធនាការ​ចាក់​​វ៉ាក់សាំង​វិញ​ក៏​មិន​សូវ​សកម្ម​ខ្លាំង​ដែរ។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង លោក អូលីវីយេ វេរ៉ង់​ ទើប​ប្រកាសអនុញ្ញាត​ឱ្យ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ ដូស​​ទី​បួន ឬ​ដូស​ជំរុញ​ទី២ កាលពី​​ថ្ងៃទី ៧ មេសា​២០២២​នេះទេ។ អ្នក​ដែល​អាច​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ទីពីរ ត្រូវ​មាន​​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ ឬអ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​​មាន​ប្រព័ន្ធការពារ​ខ្លួន​ទន់​ខ្សោយ និង​ត្រូវ​មាន​គម្លាត​ពី​ការ​​​ចាក់​ដូស​ទីបី ឬ​ក្រោយ​ពីបាន​​ឆ្លង​កូវីដហើយ​​យ៉ាង​តិច​ ​៦​ខែ​។ ហេតុ​អ្វី​ដូស​ជំរុញ​សម្រាប់​មនុស្ស​ចាស់​លើស​ពី៦០ឆ្នាំ ?! “នៅពេល​មនុស្ស​ចាស់អាយុ​លើស​​ពី​៦០​ឆ្នាំ​ បាន​ទទួល​ដូស​ជំរុញ​ គាត់​អាច​កាត់​បន្ថយ​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ដល់​ថ្នាក់​ចូលព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ស្លាប់​បាន​ដល់​ទៅ​៨០%។ នេះ​ជា​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលដោយ​សំអាង​លើ​​សេចក្តីណែនាំ​របស់អាជ្ញាធរ​សុខាភិបាល​ជាន់​ខ្ពស់​បារាំង​ដែល​ជា​បណ្តុំ​ក្រុម​អ្ន​កវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ។

​គេ​កំពុង​ធ្វើ​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​​ចាក់​ថ្នាំ​បង្ការ​កូវីដ​ ជា​រៀង​រាល់​៦​ខែ​ឬ ?

វ៉ាក់សាំង​​មិន​អាច​រារាំង​ការ​ឆ្លង​មេរោគ​កូវីដ​បាន​១០០%ទេ តែ​វ៉ាក់សាំង អាច​ការពារ​មិន​ឱ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​គ្មានអ្វី​ប្រសើរ​ជាង​ការពារ​ទេ។ សម្រាប់​លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដែល​ជា​សមាជិក​អាជ្ញាធរ​សុខាភិបាល​បារាំង តាមបែប​វិទ្យាសាស្ត្រ​ ​​គ្រប់​ការ​ចាក់​វ៉ាក់សាំង ត្រូវ​តែ​មាន​ដូស​ជំរុញ។ ក្នុង​ករណី​កូវីដ​ ៦ខែ​ក្រោយ​ការ​ចាក់​ដូស​ទីពីរ យើង​អាច​ការពា​រ​ខ្លួន​ពី​មេរោគ​កូវីដ​​បាន​ត្រឹម​តែ​៥០%​ទេ ទល់​នឹង​៩០%​ពេល​ទើប​ចាក់​រួច​ភ្លាម។ ហើយ​នៅពេល​បាន​ទទួល​ដូស​ជំរុញ​ (ដូសទីបី) កំហាប់​នៃអង់ទីករ​ការពារ​ខ្លួន​យើង​បាន​កើន​ឡើង​៥ទៅ​១០​ដង​ លើស​កំរិត​អង់ទីករ​ កាលពីមួយ​ខែ​ក្រោយ​ចាក់​ដូស​ទីពីរ​ទៅ​ទៀត។ មាន​ន័យ​ថា​ ដូស​ទីបី​ នេះ​ ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្លួន​ខ្លាំង​ណាស់​ ដោយ​អាច​កាត់​បន្ថយ​គ្រោះ​ចម្លង​បាន​១០ដង និង​គ្រោះ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​​បាន​ដល់​២០ដង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ ហ្វុងតាណេ ដោយ​បញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​វិទ្យាសាស្ត្រ គំរូ​នៃ​ការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​កូវីដ នឹង​គូស​វាស​ចេញ​ទៅ​តាម​ពេល​វេលា​។ តែ​សម្រាប់​លោក ការចាក់​​វ៉ាក់សាំងកូវីដ មាន​ទម្រង់ ជា​ការ​ចាក់​​ពីរ​ដូសដំបូង ដោយ​ឃ្លាត​គ្នា​មួយខែ រួច​ចាក់​រំលឹកនៅ​៦​ខែ​ក្រោយ​ ពោល​គឺ​មិន​សូវ​ខុស​ប្លែក​ពី​គំរូ​នៃ​​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ផ្សេង​ទៀត​ (​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ឬ​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ​papillomavirus ភ្នាក់ងារ​បង្ក​ជំងឹ​មហារីក​មាត់​ស្បូន​)ទេ។ តាម​ក្បួន​ ​គំរូ​វ៉ាក់សាំង​ ចាក់ពីរដូស​កៀកគ្នា ​និង​​​ដូស​ជំរុញយូរ​ខែ​ក្រោយ​ មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​ហើយ​​ ប៉ុន្តែ​ចំពោះ​កូវីដ គេ​នៅ​មិនទាន់​អាច​និយាយ​អ្វី​បាន​នៅឡើយ មិន​ដឹង​ថា​គំរូ​វ៉ាក់សាំង​បែប​នេះ អាច​បញ្ចៀស​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​បួន និង​ដូសទី៥​បាន​ដែរ​ឬ​អត់​នៅ​ឡើង​ទេ។

​ជា​មួយ​នឹង​សន្ទុះ​ចម្លង​រលក​ថ្មី ក្នុង​​ខែកក្កដា​នេះ អ្វីៗ​អាច​នឹង​ប្រែប្រួល​។ អ្នក​វិទ្យាសាស្ត្រ​អាច​នឹង​ផ្តល់​អនុសាសន៍​ថ្មី​បន្ថែម​ទៀតក៏​ថា​បាន។ នេះ​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​និ​ងស្ថានការណ៍​វិវត្តនៃ​ជំងឺ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ