អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើជំងឺ​វង្វេងវង្វាន់ មាន​​​សញ្ញា​ប្រាប់ ឱ្យ​ដឹង​ជា​​​​មុន​ ដែរឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វង្វេង​វង្វាន់ ជា​ជំងឺដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ​សម្រាប់​មនុស្ស​ចាស់ និង​កូន​ចៅ​ដែល​ជា​អ្នកទទួលបន្ទុក​មើល​ថែ​ឪពុកម្តាយ​ជរា។ កាលពី​ឆ្នាំ​ទៅ ភ្នាក់ងារ​សុខាភិបាល​អាមេរិក​ បាន​ចេញសេចក្តី​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​មួយ​មុខ​សម្រាប់ព្យាបាលជំងឺ​វង្វេងវង្វាន់Alzheimer នេះ ហើយ​កាលពី​ថ្មីៗ​នេះទៀត អ្នកស្រាវជ្រាវមួយ​ក្រុមបាន​អះអាង​ថាមានបញ្ហា​សុខភាព​ចំនួន​១០​ប្រភេទ​ ដែល​អាច​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មុននឹងលេច​ជំងឺ​វង្វេងវង្វាន់។ នេះ​មានន័យ​ថា​គេកំពុងរក​ឃើញ​វិធានការ​ការពារ​ជំងឺវង្វេងវង្វាន់ឬ ?

តើជំងឺ​វង្វេងវង្វាន់ មាន​​​សញ្ញា​ប្រាប់ ឱ្យ​ដឹង​ជា​​​​មុន​ ដែរឬ ?
តើជំងឺ​វង្វេងវង្វាន់ មាន​​​សញ្ញា​ប្រាប់ ឱ្យ​ដឹង​ជា​​​​មុន​ ដែរឬ ? Crédit : 3D4Medical.com
ផ្សាយពាណិជ្ជកម្ម

លែង​ស្គាល់​កូន​ស្គាល់​ចៅ​ ភ្លេច​ភ្លាំង ភ្លេច​អ្វីៗ​ទាំង​អស់ ចាំ​តែ​រឿង​ចាស់​ រឿង​អតីត​កាល ... វង្វេងវង្វាន់​ជា​ជំងឺ​មួយដែល​រក​ឃើញដោយ​​វេជ្ជបណ្ឌិត​ជំនាញ​វិកលវិទ្យា​និងប្រព័ន្ធប្រសាទ Dr Alzheimer នៅ​ពេល​ព្យាបាលអ្នកជំងឺម្នាក់​​ដែល​បាត់​បង់​ការ​ចង​ចាំ​ទាំងឡាយ។ នៅពេល​អ្នកជំងឺនោះ​ស្លាប់​ទៅ គ្រូពេទ្យ​បានធ្វើ​កោសកលវិច័យ​​ពុះ​ក្បាល​មើល ទើប​ឃើញ​មាន​ដំបៅ​នៅខួរ​ក្បាល។ គឺ​​ដំបៅ​នោះហើយ​​​ជា​យន្តការ​មួយ​ដែល​ជាប់​ចោទ​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ ព្រោះ​វា​បាន​ទៅ​រំខាន​តួនាទី​របស់​ប្រព័ន្ធប្រសាទ។​ ​ក្រោយ​មក​គេ​បាន​ឱ្យ​ឈ្មោះដំបៅ​នោះ​​ថា បន្ទះប្រូតេអ៊ីន Amyloïde។ ជា​​ប្រូតេអ៊ីន​នៅ​ចន្លោះ​ជាលិកា ដែល​បាន​ដាច់​ចេញមកក្រៅ​ ហើយ​ផ្តុំ​គ្នា​ទៅ​ជា​បន្ទះ រួច​ទៅ​តោង​សរសៃ​ប្រសាទ​ណា​មួយ។ តោង​កន្លែងណា​វា​នឹង​ធ្វើ​ឱ្យប្រព័ន្ធ​​សរសៃ​ប្រសាទនោះ​ ខូច ឬ​ងាប់​។ នេះ​ហើយ​ជា​យន្តការ​មួយ​ដែលនាំ​មាន​ជំងឺ​វង្វេង​វង្វាន់។

ហើយ​កាលពី​ខែ​មិថុនា​២០២១ ​នៅ​សហរដ្ឋ​អាមេរិក ភ្នាក់ងារ​សុខាភិបាល​និង​ចំណី​អាហារ​ ​បាន​ផ្តល់​ការ​​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​​ថ្នាំ​មួយ​មុខឈ្មោះ​​ Aduhelm សម្រាប់​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់ករណី​ខាង​លើ​។  តើ​ថ្នាំ​មាន​ប្រសិទ្ធភាព​យ៉ាងណា ? គួរ​ជា​ទី​សង្ឃឹម​និង​ជាទីទុក​ចិត្ត​យ៉ាង​ណា​សម្រាប់​អ្នក​ជំងឺ ?

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Antoine Piau គ្រូពេទ្យ​ជំនាញ​ខាង​សិក្សា​ជំងឺ​មនុស្ស​ចាស់ ៖

“នេះ​ជា​ប្រភេទថ្នាំ​ ជា​​អង់ទីក័រម៉ូណូក្លូណាល់។ ​មូលេគុល​ថ្នាំ​​នឹង​ទៅ​​ប្រឆាំង​​ប្រូតេអ៊ីន​ដែលតោង​លើ​សរសៃ​ប្រព័ន្ធ​ប្រសាទ និង​ដែល​​ជា​ដើម​ហេតុ​មួយ​នាំ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់ (ក្នុង​ចំណោម​​មូលហេតុជា​​ច្រើន​ផ្សេង)។ ហើយ​ថ្នាំ​នេះ​នឹង​យក​ទៅ​ប្រើ​លើ​អ្នក​ជំងឺ​ដែល​ទើប​ធ្លាក់​ខ្លួន​ឈឺ​វង្វេង​វង្វាន់​ ដំណាក់កាល​ដំបូង បំផុត​។ ដំណាក់កាល​ដំបូង​ដែល​គេ​អាច​ជួយ​ស្តារ​ស្ថានភាព​បាន។ ប៉ុន្តែ​សូម​ប្រយ័ត្ន​ថ្នាំ​នេះ​មិនមែន​សម្រាប់​ការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ទេ។ ជាពិសេស​ទៀត អ្នក​ជំងឺ​អាច​ប្រើ​ថ្នាំ​នេះ​បាន​ដរាប​ណា​តែ​គេ​គ្មាន​វិធី​និងមធ្យោបាយ​អ្វី​ផ្សេង​។ លក្ខខណ្ឌ​ទី​ពីរ​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ គឺអ្នក​ជំងឺ​ត្រូវ​មាន​សញ្ញា​បញ្ជាក់​ថា​ពេល​លេប​ថ្នាំ​នេះទៅ​ បន្ទះ​ប្រូតេអ៊ីន​ចាប់ថយ​ចុះឬ​ ​របេះពី​សរសៃ​ប្រសាទ និង​ចំណុច​ចុងក្រោយ ត្រូវ​មាន​សញ្ញា​សង្ឃឹម​ថា​ថ្នាំ​មាន​ប្រសិទ្ធភាព​ច្រើន​ អាច​ជួយ​សម្រួល​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ​បាន​។ តើ​ជំងឺ​ថម​ថយ​ក្រោយ​ពី​បាន​ទទួល​ការ​ចាក់​ថ្នាំនេះ​ដែរទេ ? គឺ​ប្រសិទ្ធភាព​នៃ​ថ្នាំ​នេះ​ហើយ​ដែល​គ្រូពេទ្យ​​មិន​ទាន់​ព្រមព្រៀង​នៅ​ឡើយ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ត្រូវ​ទទួល​យក​ដំណឹង​នៃ​ការ​ធ្វើ​ចរាចរណ៍​ថ្នាំ​វង្វេងវង្វាន់​នេះ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត។ បើ​ទោះ​បី​នេះ​ជា​ដំណឹង​ល្អ​​គួរ​ជាទី​សង្ឃឹម​មែន​ ប៉ុន្តែ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​សិន កុំ​ឱ្យ​ខក​ចិត្ត​ព្រោះ​វា​អាច​នឹង​មាន​ការ​ប្តូរ​ផ្លាស់​នៅ​អនាគត​ខា​ងមុខ”។

ការ​ព្យាបាល​ជំងឺ​វង្វេង​វង្វាន់​ ជា​ប្រធានបទ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំងណាស់ ក្នុង​រង្វង់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ។

សញ្ញា​​១០​យ៉ាង​មុន​កើត​ជំងឺ​វង្វេងវង្វាន់

ចុះ​បើ​យើង​នាំ​គ្នា​រក​វិធីការពារ​កុំ​ឱ្យ​ងាយ​ធ្លាក់​ខ្លួន​វង្វេង​វង្វាន់​វិញ​ មិនប្រសើរជាង​ទេឬ ?! ការពារ​ពិត​ជា​ប្រសើរ​ជាង​ព្យាបាល​ ជា​ប្រាកដណាស់ ! គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា ឬ​​បង្អាក់​ដំណើរ​វិវឌ្ឍ​របស់​​ជំងឺបាន​​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​ការពារ​កុំ​ឱ្យ​កើត​ និ​ងក្រ​កើត​ជំងឺ​វង្វេងវង្វាន់ ពិត​ជាសសរទ្រូង​នៃ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ហើយ។

អ្នកស្រាវជ្រាវ​មួយ​ក្រុម​ បានរាប់​ឃើញ​មាន​បញ្ហា​សុខភាព​១០យ៉ាង​ដែលលេច​ឡើង​ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំមុន មុន​នឹង​វិភាគ​ឃើញ​ថា​មាន​ជំងឺ​វង្វេងវង្វាន់។ តើ​បញ្ហា​សុខភាព​ប្រភេទណា​​​ដែល​មាន​សក្តានុពល​អាច​នាំ​និង​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​វង្វេងវង្វាន់ ជា​ច្រើន​ឆ្នាំ​មុន​លេច​រោគ​សញ្ញា​វង្វេង ?

ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១ មីនា​២០២២ ក្នុង​ទស្សនាវដ្តី  The Lancet Digital Health ការសិក្សា​ទ្រង់ទ្រាយ​ធំ​ បាន​ពាំនាំនូវ​​​ចម្លើយ​មក​បំភ្លឺ។ អ្នក​ស្រាវជ្រាវ​បា​ន​សិក្សាវិភាគ​​​​ ដោយ​ផ្អែក​លើ​ទិន្នន័យ ឯកសារ​សុខភាព របស់​អ្នក​ជំងឺ​​បារាំង​និង​អង់គ្លេស ជិត​៤ម៉ឺន​នាក់​មាន​ជំងឺ​វង្វេងវង្វាន់ និង​៤នាក់​ គ្មាន​ជំងឺ​វង្វេង។ មនុស្ស​ចាស់​ទាំង​ជាង​៨ម៉ឺន​នាក់​សុទ្ធ​តែ​បាន​ទទួល​ការ​តាមដាន​សុខភាព​​ដោយ​គ្រូពេទ្យ​ជំងឺ​ទូទៅ ជា​គ្រូ​ពេទ្យ​​ប្រចាំ​ខ្លួន​ទាំង​អស់​គ្នា។​

អ្នក​ស្រាវជ្រាវ បាន​វាយ​តម្លៃ​អំពី​ការ​លេចឡើង​នៃ​ជំងឺ​វង្វេងវង្វាន់​លើ​គំរូ​អ្នក​ជំងឺ​១២៣នាក់​ រយៈ​ពេល​១៥​ឆ្នាំ​ មុន​នឹង​សញ្ញារោគ​វង្វេងវង្វាន់​ Alzheimer ចាប់​ផ្តើម​ស្តែង​ឡើង។ ការ​វិភាគ​បាន​សម្គាល់​ឃើញ​មាន​បញ្ហា​សុខភាព​ចំនួន ១០មុន ដែល​ជា​កើត​ឡើង​ជា​ញឹកញយខ្លាំង​​លើ​អ្នក​ជំងឺ​វង្វេង​ ក្នុង​អំឡុង​ពេល​១៥​ឆ្នាំ​មុន និង​ដែលគ្មាន​កើត​ឡើង​សោះ​សម្រាប់​ក្រុម​​អ្នក​គ្មាន​ជំងឺ​វង្វេង​វង្វាន់​។

បញ្ហា​សុខភាព​ទាំង​អស់​នោះ មាន​ដូច​ជា ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​ព្រួយ​ចិត្ត ស្ត្រេស​ខ្លាំង ថ្លង់ ជំងឺ​ស្រកគីឡូ​ហួសហេតុ ជំងឺ​បាត់​បង់​ការ​ចងចាំ ស្ពោត​ឆ្អឹង​ក្បាល​ ទល់​លាមក និង​ជំងឺ​ហត់​អស់​កម្លាំង​រ៉ាំរ៉ៃ។

ជំងឺ​ទាំងនេះ​ តែង​តែ​លេច​ឡើង​នៅ​រវាង​ពីរ ទៅ​១០​ឆ្នាំ​ មុន​នឹង​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​កើត​រោគ​វង្វេងវង្វាន់។ នេះ​បើ​តាម​លម្អិត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។

ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ព្រួយ​ចិត្ត​ ជា​បញ្ហា​ពីរ​ដំបូង​គេ​ ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​វង្វេងវង្វាន់  យ៉ាង​ហោច​៩​ឆ្នាំ​មុន​នឹង​វិភាគ​ឃើញ​ថាមាន​ជំងឺ​វង្វេងវង្វាន់ Alzheimer។ បន្ទាប់​មក​គឺ​ជំងឺ​ទល់​លាមក (ក្តៀន)និង​ការ​ចុះ​ស្គម​ខុស​ប្រក្រតី។

លទ្ធផល​នេះ​ជាស្ថិតិ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​​រវាង​បញ្ហា​សុខភាព​មួយ​និង​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់​។ ប៉ុន្តែ​​​ចំណង​ទំនាក់ទំនង​នេះ​មិនមែន​ជា​ភស្តុតាង​វិទ្យាសាស្ត្រ​​នៃ​បញ្ហា​សុខភាព​និង​ជំងឺ​អាល់ហ្សៃម៉ែរទេ។

មាន​ជំងឺធ្លាក់​/បាក់​ទឹក​ចិត្ត ឬ​ក្តៀន​លាមក មិន​មែនសុទ្ធ​តែ​​នាំយើង​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់​ នៅ​ថ្ងៃ​ខាង​មុខ​ទេ។ ហើយ​នេះ​ជា​លើក​ទី​មួយ ដែល​អាការៈទល់​លាមក ត្រូវ​បាន​យក​មក​ចង​ភ្ជាប់​ថា​ជា​សញ្ញា​សក្តានុពល​មួយ​នៃ​ជំងឺ​អាល់ហ្សៃម៉ែរ​នោះ។ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ! ដូច្នេះ គេ​ត្រូវ​ការ​សិក្សាឱ្យ​បាន​ស៊ីជម្រៅ​​បន្ថែម​ទៀត​ ដើម្បី​អាច​យល់​បាន​ថា​មាន​យន្តការ​អ្វី​ដែល​នាំ​ពី​ការ​ទល់​លាមក​ដល់​កើត​ជំងឺ​វង្វេង។

ចំណោទមួយ​ទៀត ដែល​កំពុង​ស្ថិត​នៅ​ជា​ការ​ចោទ​សួរ​ដែរ គឺ តើ​បញ្ហា​សុខភាព​ទាំង​លើ ជា​កត្តា​ហានិភ័យ​នាំ​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់ មែន ឬ​ក៏​ជា​រោគ​សញ្ញា​ដំបូង​​នៃ​ជំងឺ​វង្វេងវង្វាន់ ?! ទោះ​ក្នុង​សេណារីយ៉ូ ណា​ក៏​ដោយ ក៏​អ្នក​ស្រាវជ្រាវ​​បាន​ព្យាករ​បន្ត​ការ​សិក្សា​របស់​ពួក​គាត់ ដោយ​នឹង​បន្ត​វិភាគ​ទិន្នន័យ​អ្នក​ជំងឺ​ជាង​២៦​លាន​នាក់​ផ្សេង​ទៀត​ ព្រមទាំង​ពង្រីក​ការ​សិក្សា​ទៅ​លើ​ជំងឺ​ខូច​ប្រព័ន្ធ​ប្រសាទ​ផ្សេង​ទៀត ដូច​ជា​ ជំងឺញ័រប៉ាគីសុន ជា​ច្រើន។ល។

បើ​តាម​អង្គការ​សុខភាពពិភពលោក ជំងឺ​វង្វេងវង្វាន់ Alzheimer នឹង​ក្លាយ​ជាដើមហេតុ​​នៃ​ការ​បាត់​បង់​ការ​ចង​ចាំ ក្នុង​កំរិត​៦០ទៅ ៧០%។ នៅ​ឆ្នាំ​២០៣០ ភព​ផែនដី​នឹង​មាន​មនុស្សកើត​ជំងឺ​អាល់ហ្សៃម៉ែរ ​ប្រមាណ​៨២​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ