អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

នរណា​ចង់​ល្បង​​ចូល​រួម​ ក្នុង​កម្មវិធី Dry January ​​​មិន​ទទួល​ទាន​ជាតិ​សុរា​​សោះ ពេញ​មួយ​ខែមករា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខែមករា​គ្មានជាតិ​សុរា​សោះ ជា​ប្រតិបត្តិការ​លើក​ទី​​បី​ហើយ​ នៅ​ប្រទេស​បារាំង។ ប្រតិបត្តិការ​តាមគំរូ​ប្រទេស​អង់គ្លេស និង​ក្រុមប្រទេស​នៅភាគ​ខាង​ជើង មាន​គោលការណ៍​សំខាន់​ និង​សាមញ្ញ​បំផុតគឺ មិន​ទទួល​ទាន​ជាតិ​អាល់កុល (ស្រា ប៊ីយែរ ...)។ តើ​លោក​អ្នក​ចង់​សាកល្បង​ចូល​រួម​ក្នុង​កម្មវិធីនេះ​ទេ​ ?

បារាំង​រៀបចំ​កម្មវិធី ខែមករា​គ្មានជាតិ​សុរា ជា​លើក​ទីបី ដោយ​គ្មានការគាំទ្រ​ពីរដ្ឋាភិបាល
បារាំង​រៀបចំ​កម្មវិធី ខែមករា​គ្មានជាតិ​សុរា ជា​លើក​ទីបី ដោយ​គ្មានការគាំទ្រ​ពីរដ្ឋាភិបាល © iStock/BrianAJackson
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋបារាំង១១% បាន​ចូលរួមក្នុង​កម្មវិធី​ មករា​ស្ងួត មួយ​ខែគ្មានជាតិ​សុរាសោះ។ នៅ​ឆ្នាំ​២០២២​នេះ ម្ចាស់​កម្មវិធី​សង្ឃឹម​ថា​នឹង​មាន​អ្នក​​ចូល​រួមកាន់​តែច្រើន​​ជាង​ឆ្នាំមុន ព្រោះ​អាជ្ញាធ​រ​ក្រុង​ធំៗ ព្រមទាំង​ក្រុមហ៊ុន​សហគ្រាស ក៏​បាន​សហការរៀប​ចំ កម្មវិធី មួយ​ខែ​មករា​គ្មានសុរា​ តែ​ម្តង។ ចុះ​អ្នក តើ​លោកអ្នកត្រៀមលក្ខណៈ នឹង​យកឈ្នះ​ចិត្ត​​ខ្លួន​ឯង មិន​ទទួល​ទាន​ជាតិ​ស្រវឹង​ពេញ​មួយ​ខែ​នឹងគេដែរ​ឬទេ ?

មិនទទួលទាន​ជាតិ​ស្រវឹងអាល់កុលសោះ មួយ​ខែ នោះ​អ្នក​នឹង​បាន​ទទូល​គុណប្រយោជន៍​ ចំពោះ​សុខភាព​ ជា​ច្រើន​ និង​ដែលមើល​ឃើញ​ភ្លាមៗ ៖

មិន​ផឹក​សុរា អ្នក​នឹង​ស្រក​គីឡូ

មិន​ផឹក​សុរា អ្នកនឹង​សំរាន្ត​លក់​ស្រួល និង​មាន​ថាមពលក្នុង​ខ្លួន

មិន​ផឹក​សុរា ស្បែក​អ្នក​នឹង​ស្អាត​ជាង​មុន

មិន​ផឹក​សុរា ថ្លើម​នឹង​បាន​សម្រាក​ ហើយ​បំពេញ​តួនាទី​របស់​ខ្លួន​ឡើង​វិញ

មិនផឹក​សុរា កង្វល់​នឹង​ធ្លាក់​ចុះ អារម្មណ៍​នឹង​លែង​ឡើង​ចុះ ងាយ​ផ្ចង់អារម្មណ៍

នេះ​ជា​លទ្ធផលវិជ្ជមាន ស្តី​ពី​ការ​ផ្អាក​មិន​ទទួល​ទាន​សុរា ដែល​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​នៅក្នុង​ប្រទេស​អង់គ្លេស អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​​ ព្រោះ​អង់គ្លេសបាន​ផ្តួច​ផ្តើម​គំនិតបង្កើត​ខែ​ មករា​ស្ងួត​គ្មានសុរា តាំង​ពី​ឆ្នាំ​២០១៣​មក។ បើ​តាម​ការវាយតម្លៃរបស់​ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេសដដែល ផល​ល្អ​អាច​មានច្រើន​ និង​អាច​យូរ​ខ្លាំង ឬ​យូរល្មម ទៅ​តាម​សមត្ថភាព​នៃ​ការ​តប​ និង​ការ​ជំនះ​ចិត្ត​របស់អ្នក។ អ្នក​វិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញ​មានផលល្អ​ រយៈ​ពេលមធ្យមនិង​យូរ​អង្វែង​មួយទៀតគឺ​​ ក្រោយ​ពី​ផ្អាក​សុរា​អស់​មួយ​ខែ ទម្លាប់​​​ទទួល​ទាន​សុរា​នឹង​ថយ​ចុះ​​បានមួយ​ថ្ងៃក្នុង​មួយ​សប្តាហ៍ ហើយ​នៅ​រាល់មាន​ឱកាស​ជួប​ជុំគ្នា​ ការ​​ទទួលទានសុរាក៏​តិច​​ជាងមុន ​ចំនួន​​មួយ​កែវ​។

បានដឹងអំពី​ផលល្អ​នៃ​ការ​សម្រាក​មិនទទួល​ទានសុរា​មួយ​រយៈ​ពេលមួយ​ខែ​នេះ​ហើយ តើលោកអ្នកចង់​សាកល្បង​ទេ ? បើ​ចង់ ​យើង​សូម​ផ្តល់​នូវ​សេចក្តីណែនាំ​៥ចំណុច ដើម្បី​សម្រេច Challenge របស់​លោកអ្នក។

ទី​មួយ បង្កើត​ក្រុម ៖

ធ្វើ​អ្វី​ជា​ក្រុមជា​កត្តា​ដ៏​សំខាន់​នៃភាព​​ជោគជ័យ។ ធ្វើ​តែ​ម្នាក់​ឯង​ លោក​អ្នកក៏​​អាចទទួល​​​ជោគជ័យដែរ តែបើ​ធ្វើ​ជា​ក្រុម ជោគជ័យ​នឹងមានជា​ប្រាកដ។ ដូច​ពាក្យ​ចាស់​បុរាណ​ខ្មែរ​តែង​ពោល ចង្កឹះ​មួយ​បាច់កាច់​មិនបាក់​ទេ។ លោកអ្នកធ្លាប់​ប្រកួតប្រជែក​ផឹក​ជល់​កែវ​ជាមួយ​មិត្តភឿន​មែនទេ ? ពេលនេះ​ សូមបបួលមិត្តភក្តិ មិត្តរួម​ការងារ ប្រណាំងប្រជែង​​ មិន​ទទួល​ទាន​ស្រា ប៊ីយ៉ែរ រយៈ​ពេល​៣១​ថ្ងៃ​ជាប់​គ្នា ម្តងលមើល៎ តើ​នរណាខ្លាំងជាង និង​អាចសម្រេច​តាម​ពាក្យប្តេជ្ញាបានខ្លះ ? កំណត់កម្មវត្ថុ​និង​ប្តេជ្ញា​ជាមួយ​គ្នាហើយ សូម​បន្ត​ណាត់​ជួប​គ្នា​ ទទួល​ទាន​អាហារ​និង​ភេសជ្ជៈ ​គ្មាន​អាល់កុល។ ​នេះ​ជា​ឱកាសនៃ​ការ​ប្តូរ​ទម្លាប់ហើយ !

២- ពិចារណា​អំពី​បរិមាណ​អាល់កុលដែល​អ្នក​ទទួល​ទាន

តើ​លោក​អ្នកទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ប៉ុនណា ? តិច ទេ ប៉ុន្តែ​លោក​អ្នក​មិន​ចេះ​បដិសេធ​នៅ ពេលមិត្តភ័ក្តិបបួលជល់កែវ​ឬ ? ឬ​ក៏​ត្រឹម​មួយ​កែវ​ម្តង​ម្កាល ? ឬក៏​ច្រើន​ និងអាច​​ច្រើនជ្រុលផង? សូម​ចំណាយ​ពេលនាខែ​មករា Dry January នេះ ស្រាវជ្រាវ​ និង​ពង្រីក​ការយល់​ដឹង​អំពី​ជាតិ​អាល់កុល​។ បើ​អ្នក​បាន​យល់​ដឹង​អំពី ឥទ្ធិពលអាក្រក់​របស់​អាល់កុល អ្នក​ច្បាស់​ជា​ចាប់ផ្តើមពិចារណា​អំពី​ការទទួល​ទាន​សុរា​ហើយ។

៣- រៀបចំ​និង​ត្រៀមលក្ខណៈ​ជាមុន

ឧបមា​ថា​អ្នកបានតាំង​ចិត្ត​មិន​ទទួលទានសុរា​សោះ​ក្នុងមួយ​ខែមករា​នេះ​ មុន​នឹងចាប់​ផ្តើមអ្នកត្រូវ​គិតទុកឱ្យ​ហើយ និង​​ ត្រៀម​លក្ខណៈ​ជាមុន​ថា បើ​មិន​ទៅ ផឹក​ស្រា តើ​ត្រូវ​ធ្វើ​អ្វី បើ​មានអារម្មណ៍ថា​ចង់ តើបានអ្វី​មកជំនួស និង​ទប់ទល់?

មាន​មធ្យោបាយ​ច្រើនណាស់ សម្រាប់​មក​ជំនួស​ការ​អង្គុយ​ផឹក​ស្រា។ សូមប្តូរ​ទៅ​ជា​ការ​​ស្តាប់​ភ្លេង ធ្វើ​កីឡា ហាត់ប្រាណ ធ្វើ​ម្ហូប រៀប​ចំ​ផ្ទះ លេងប្រលែង​​ជាមួយ​កូន​

ចុះ​ហើយ​បើត្រូវ​ទៅ​ជួប​ជុំ​ចូលចំណោម​មាន​កម្មវិធី គេ​មកជល់​កែវ តើ​ត្រូវបដិសេធ​​​យ៉ាងណា ? នេះ ជាអ្វី​ដែលពិបាក​ប្រឈម​និង​ជំនះ។ ប៉ុន្តែ​ត្រូវ​យកឈ្នះ​ឱ្យ​បាន។ មិនមែន​​ជា​ការទៅ​​​យកឈ្នះ​យក​ចាញ់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​​ទេ តែ​ជាការឈ្នះ​សត្រូវ​ខ្លួន​ឯង ដោយ​ហ៊ាននិង​ចេះ​បដិសេធ​។ ការ​ជំនះខ្លួន​ឯង​អាច​​សម្រេច​ទៅ​បាន ​ដោយមាន​​​ត្រៀម​លក្ខណៈ​ជាមុន នូវ​ពាក្យ​ពេជន៍​សម្រាប់​ឆ្លើយ​ប្រាប់​ទៅ​ដៃគូ​វិញ។ បើ​ជា​ការ​បង្ខំ​ខ្លាំង សូម​នឹក​គិត​ដល់​ពេល​វេលាដែល​អ្នកស្រវឹងខ្លាំង​ និង​គិត​ដល់​សុខភាព​របស់​អ្នក។និង​ការ​ធ្វើបដិវត្ត​បាន​ជោគជ័យ។

៤- ធ្វើ​ឱ្យ​ខុស​ពីគេ

បដិសេធ​មិនទទួលទាន​សុរា មិនមែន​ជា​ភាពទន់​ខ្សោយ​របស់​អ្នកទេ ! តែ​បាន​បង្ហាញថា ​អ្នកជា​អ្នក ! អ្នកខុស​ពី​អ្នក​ដទៃ។ នៅពេល​មាន​ការ​​រីក​រាយ​ជួបជុំ​ មាន​បុណ្យ​មាន​ទាន មាន​កម្មវិធី​ផ្សេង ត្រូវ​តែមានការ​ស៊ីផឹក​គ្រឿង​ស្រវឹង។ នេះ​ជា​ទម្លាប់​​​តាំងពី​យូរយារ​មកហើយ មិន​មែនទើម​កើត​ឡើង​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​​​ខួរ​ក្បាល​យើង​ ផ្តិត​ជាប់​ថា​ ធ្វើ​ពិធី​​គ្មាន​សុរា​ គ្មាន​ន័យ-​មិនសប្បាយ​ទេ។ ដូច្នេះ​វាជា​ការធម្មតា​ដែរ ដែល​​នៅពេល​អ្នក​បដិសេធ​​មិនទទួលទាន​ស្រា​ អ្នកហាក់​​មានអារម្មណ៍​ថា​ធ្វើ​ខុស​ពី​គេ និង​ប្លែកពី​សង្គមនោះ។ ប៉ុន្តែ​ ជាការ​គិត​ខុស! សុរា​អាច​នឹងធ្វើ​ឱ្យ​អ្នក​លែង​សូវ​អៀន ហើយ​ចូល​ចុះ​ក្នុង​សង្គម​គេ តែ​អ្នកជាមនុស្សយ៉ាងណា​នៅ​តែ​ជាមនុស្ស​យ៉ាង​នោះ។ អ្នក​ផ្សេង​មិន​យល់​ក៏​ហី​ទៅ​ចុះ សំខាន់​ស្អែក​ឡើង​អ្នក​មានសុខភាព​ល្អ​អារម្មណ៍​ភ្លឺថ្លា។ ​សូមកុំ​ភ្លេច​ថា ការ​ផឹក​ស្រា​គឺ​ជា​ការ​ធ្វើ​ឱ្យ​ដូច​គេ ចំណែក ការ​មិន​ផឹក គឺជា​ការ​ហ៊ានធ្វើ​ខុស​ពីគេ។

៥- គិត​ដល់ពេល​ក្រោយភ្នាល់

ហ៊ាន​ធ្វើ​ខុស​ពីគេ​ដើម្បី​អ្វីទៅ ? គឺ​ដើម្បីសុខភាព​​ខ្លួន​យើង​ផ្ទាល់​ នៅ​ពេលក្រោយទេ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត គិត​ដល់ពេល​ក្រោយ ពេលអនាគត។ ​មិន​ទទួល​ទាន​សុរា​ស្រវឹង​ក្អាកក្អាយ សោះ​រយៈ​ពេល​មួយ​ខែ ​ធានា​ថា​អ្នកនឹងមានអារម្មណ៍​ល្អ និងមាន​មោទនភាព​ខ្លាំង​ ហើយ​អ្នកនឹង​រកឃើញ​គុណសម្បត្តិ​នៃការប្រឹងតបសុរា​ ដូច​ដែលមាន​​រៀប​រាប់​ពីខាងដើម។

មករា​គ្មានសុរាមួយ​ដំណក់ក្នុង​ពោះ អាចជាឱកាស​​សម្រាប់​អ្នកបង្កើតទម្លាប់​ថ្មី ! សូម​ប្រើ​ពេលវេលានេះសម្រាប់​ពិចារណា​ ថា​តើ​ការមិន​ទទួលទានសុរា​សោះ​នឹងប្តូរ​ផ្លាស់​ជីវិត​អ្នកយ៉ាងណា ? ផ្តល់​ផល​ល្អយ៉ាង​ណា ? បន្ទាប់​ពី​ផ្អាក​​សុរា​អស់​ពេញមួយ​ខែមករា តើ​អ្នកចង់​បន្ត​ឈប់​ពិសារ​សុរា​រហូត​ឬ​?​ ឬ​ក៏​គិត​ត្រឹមកំរិត​និង​កាត់បន្ថយ​ការទទួលទានស្រា ? ទោះ​អ្នកសម្រេច​ចិត្ត​យ៉ាងណា​​ក៏​ដោយ ក៏​ការ​អត់​ស្រា​មួយ​ខែនេះ​ពិត​ជា​នឹង​ធ្វើ​ឱ្យ​បាន​ស្រួល​ខ្លួន ស្រួលហោបៅ ជា​ប្រាកដ ! នេះ​ជា​មោទនភាពពិត​​របស់អ្នក !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ