អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​អ្វី​ខ្លះ​ជា​​ហានិភ័យ​នៃ​វិជ្ជាជីវៈ​ពេទ្យ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​ដែលពិភពលោកទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិ​សុខភាព​ មាន​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ អស់​ជាង​មួយ​ឆ្នាំ​មក ក្រុមគ្រូពេទ្យ​បានក្លាយ​ជា​ពលទាហាន​នៅ​ជួរ​មុខ ឬ​ហៅ​ថា​ទ័ព​អាវ​ស។ វិបត្តិ​កូវីដ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញកាន់​តែ​ច្បាស់​អំពី​ភាព​សំខាន់​​របស់​ក្រុម​គ្រូពេទ្យ​ និង​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះយ៉ាង​ខ្លាំង។​ ប៉ុន្តែ​ពិភពលោក​កាន់​តែ​ត្រូវ​ការ អ្នក​បំរើការ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ចង់​ដក​ខ្លួន​ថយ​។ នេះ​បើ​តាម​ការ​អង្កេត​ទើប​ចេញផ្សាយ​នៅ​ប្រទេស​បារាំង។ ហេតុ​អ្វី ? ព្រោះ​អាជីព​នេះ​ប្រឈម​នឹង​គ្រោះ​ហានិភ័យ​ខ្លាំងឬ ? តើ​ក្នុង​នាម​ជា​ទ័ព​ស មាន​អាជីព​ព្យាបាល​ជំងឺ​អ្នក​ដទៃ មាន​ហានិភ័យ​យ៉ាងណា ? ហានិភ័យ​ពាក់ព័ន្ធ​អាជីព​មានអ្វី​ខ្លះ និង​ត្រូវ​បាន​គេ​ទទួលស្គាល់​ដែរ​ឬទេ ?

វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ពេទ្យ​ផ្នែក​ថែទាំ នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅក្រុង​ប៉ារីស ឆ្នាំ​២០១៩ ទាមទារ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ដល់​ផ្នែកសុខាភិបាល
វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ពេទ្យ​ផ្នែក​ថែទាំ នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅក្រុង​ប៉ារីស ឆ្នាំ​២០១៩ ទាមទារ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​ដល់​ផ្នែកសុខាភិបាល REUTERS/Johanna Geron
ផ្សាយពាណិជ្ជកម្ម

ប្រើ​កម្លាំង​​ខ្លាំង និង​បាន​ទទួល​ប្រាក់​កម្រៃ​ការងារ​ទាប ក្រុម​គ្រូពេទ្យ​ផ្នែក​ថែទាំ ឬ​ក្រុមគីលានុបដ្ឋាក-យិកា ក្រុម​ការងារអមវេជ្ជសាស្ត្រ​ ប្រឈម​នឹង​គ្រោះ​ឆ្លង​ជំងឺ​ជាងគេ ហើយ​​មិន​សូវ​បាន​គេ​ទទួលស្គាល់ឬ​ផ្តល់​តម្លៃ​ទេ ប៉ុន្តែ​ដោយ​ជាក់ស្តែង​ទៅ​នោះ ក្រុម​គ្រូពេទ្យ​នេះ​ជា​បង្គោល​ដ៏​សំខាន់​មួយ​នៃ​វេជ្ជសាស្ត្រ។

ធនធាន​មនុស្ស​ក្នុង​វិស័យវេជ្ជសាស្ត្រ​​នេះ កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍របស់​​​អង្គកា​រ​សុខភាពពិភពលោក ដែល​ត្រូវ​លើក​តម្កើង និង​ពង្រឹង​ឱ្យ​បាន​ប្រសើរ​ឡើង។ អ្នក​មាន​ឯកទេស​ក្នុង​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​នេះ មិន​ព្រួយ​បារម្ភ​នឹង​ស្វែង​រក​ទីផ្សារការងារ​ឡើយ ប៉ុន្តែ​ជា​អាជីពនេះ​មិន​​ទាក់ទាញ​សិស្ស​និស្សិត​សោះ។ ហេតុ​អ្វី​បាន​ជា​យុវជន​ យុវនារី មិន​សូវ​ចង់​ក្លាយ​ជា​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ? ព្រោះ​ជា​ការ​ងារ​ដែល​ល្បី​ថា​មាន​លក្ខខណ្ឌ​ការងារ​លំបាក ! មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ ឬ​មិន​សូវ​មាន​តម្លៃ ឬ ? មែន​​លក្ខខណ្ឌ​ការងារ​ពេទ្យ​លំបាកណាស់ ៖ ដើម្បី​អាច​ធានា​​សេវាកម្ម​ ២៤ ម៉ោង​ លើ​២៤​ម៉ោង នៅ​តាម​មន្ទីរពេទ្យ​ គ្លីនិក ឬ​មណ្ឌល​សុខភាព ក្រុម​គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​ ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​សៅរ៍ គ្មាន​អាទិត្យ គ្មាន​ថ្ងៃ​បុណ្យទេ។ បុគ្គលិក​ ត្រូវ​តែ​បង្ខំ​ចិត្ត​គោរព​តាម​កាលវិភាគ​ការងារ​​តម្រូវឱ្យ​ ជាពិសេស​សម្រាប់ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទើប​ចាប់​ផ្តើម​ការងារ​ដំបូង។ ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩ ក្រុម​គ្រូពេទ្យ​ថែទាំ គិលានុដ្ឋាក-យិកា​ បាន​ក្លាយ​ជាកម្លាំង​ជួរ​មុខ មាន​ងារ​ជា​ទ័ព​​អាវ​ស ​ដ៏​ពិរោះ​ទៀត។ ពិភពលោក រំពឹង​និង​ខ្វះ​ទ័ព​អាវ​ស​នេះ​ខ្លាំង​ណាស់ មិន​ថា​នៅក្នុង​ប្រទេស​ក្រី​ក្រ មធ្យម ឬ​អ្នក​មាន​ទេ។

ទ័ព​អាវ​ស

តាមការ​ពិតទៅនោះ ចំណោទ​ស្តី​ពី​​កង្វះ​ទ័ព​ស បាន​ចាប់​លេច​ឡើង​តាំង​ពី​យូរមក​ហើយ​ តែ​បញ្ហា​នេះ​បាន​​ស្តែងឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ នៅ​ពេល​​វិបត្តិ​កូវីដ​១៩​ផ្ទុះ​ឡើង​។ ក្នុង​កំរិត​ពិភពលោក គេ​ប៉ាន់​ប្រមាណ​ពិភពលោក​ខ្វះ​គិលានុបដ្ឋាក-យិកា ដល់​ទៅ​៦​លាន​នាក់ ក្នុង​បណ្តា​ប្រទេស​ជាច្រើន រាប់​ទាំង​​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​រឹង​មាំផង។ នេះ​ជា​បញ្ហា​ជាក់ស្តែង និង​ពិតៗ តាំងពី​មុន​និង​សម្រាប់​ពេល​នេះ។ ចុះ​ទៅ​ពេល​ខាង​មុខ​នឹង​ទៅ​ជា​យ៉ាងណា​ទៅ​វិញទៀត ?! តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​អាច​ទ្រទ្រង់​ប្រព័ន្ធ​សុខាភិបាល​បាន​ បើ​ស្ងៀមៗ​មួយ​ប៉ប្រិច​ភ្នែក​ស្រាប់​តែ​មាន​វិបត្តិ​សុខភាព​បាន​ផ្ទុះ​ឡើង​ មក​អង្រួន​ពិភពគ្រូពេទ្យ​យ៉ាង​ធ្ងន់ធ្ងរ មួយ​ហើយ​មួយ​ទៀត​បន្ត​គ្នា​ឥត​ឈប់​នោះ ?! ការ​អង្កេត​មួយ​បាន​បង្ហាញ​ថា​ មាន​គ្រូពេទ្យ​ គិលានុដ្ឋាក-យិកា ជួរ​មុខ​ជា​ច្រើនពាន់​នាក់​​ចង់​បោះបង់​ការងារ​ ដ៏​ហត់​នឿយ​ គ្មាន​ស្គាល់​ថ្ងៃ​យប់​នេះ​។ ​លក្ខខណ្ឌ​ការងារ​លំបាក​ ការ​ងារ​ជាក់ស្តែងនៅក្នុង​មន្ទីរពេទ្យ​​មិន​ដូច​ក្តី ស្រមៃនិ​ងការ​គិត។

តើ​អាជីព​មួយ​នេះ​មាន​ហានិភ័យ​យ៉ាងណា ?

​លោកស្រី​វេជ្ជបណ្ឌិត Dr Véronique Lefebvre des Noëttes គ្រូពេទ្យ​ឯកទេស​ផ្នែក​វិកលសាស្ត្រ​មនុស្ស​ចាស់​ នៅ​មន្ទីរពេទ្យCentre Hospitalier Emile Roux ​ ជាយ​ទីក្រុង​ប៉ារីស និង​ជា​បណ្ឌិត​ផ្នែកទស្សនវិជ្ជានិង​ក្រមសីលធម៌វេជ្ជសាស្ត្រ​ ៖

“ហានិភ័យ​នៃអាជីព​ពេទ្យ​ ត្រូ​វ​បានគេ​ស្គាល់​និង​​កំណត់​យ៉ាង​ច្បាស់​លាស់ ​តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ។ ជា​អាជីព​ដ៏​ថ្លៃថ្នូរ ចាំបាច់មាន​ប្រយោជន៍ ពេទ្យ​ងា​យប្រឈម​នឹ​ង​គ្រោះកើត​ជំងឺ​ធុញ​ថប់​​នឹង​មុខ​របរ លែង​ចង់​ធ្វើការ​ លែង​មើល​ឃើញ​អំពីតម្លៃការងារ​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​ចូលចិត្ត​​​ ដែល​គេ​ហៅជា​ភាសា​អង់គ្លេស​​ថា Burn Out បឺនអៅ។ ដោយ​មិន​និយាយ​អំពី​ហានិភ័យ​ឆ្លង​មេរោគ​និង​ជំងឺ​ផ្សេងៗ គ្រោះ​ថ្នាក់​នៃ​អាជីព​ពេទ្យ មាន​ចាប់​ពី បឺនអៅ​ ទៅ​ជាមាន​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​ដល់​ថ្នាក់​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​ផង។ គេ​សម្គាល់​ឃើញ​ថា​ បឺនអៅ ជា​ជំងឺ​មួយ​របស់​ពិភពគ្រូពេទ្យតាំង​ពី​​ជំងឺ​បឺនអៅនេះ ​មិន​ទាន់​ត្រូវ​បាន ​គេ​ទទួលស្គាល់​ថា ​ជា​ជំងឺ​ផង។ ​អង្គការ​សុខភាពពិភពលោកទើបទទួល​ស្គាល់​ថា​បឺនអៅថាជា​​ជំងឺ​នៅ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ គឺនៅ​ថ្ងៃទី ២៨​ឧសភា ​ឆ្នាំ​២០១៩​ ​ពីរ​ឆ្នាំ​មុន​​នេះ​ទេ។

បុគ្គលិក​ពេទ្យ​អាច​ជួប​អាការៈ​ជំងឺ​មួយ​ទៀត គឺ​ជំងឺ​​នឿយ​ហត់ក្នុង​​ចិត្ត​ខ្លាំង និងហត់ផ្លូវ​កាយ។ ហើយ​ពេល​នេះ ​ក្នុងអំឡុង​ពេល​មានរោគ​រាតត្បាត​កូវីដ១៩ គ្រូពេទ្យ​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្មី​បន្ថែម​មួយ​ទៀត គឺ ស្ត្រេសថ្មី។ ស្ត្រេសនឹង​ជំងឺ​ថ្មី ស្ត្រេស​នឹង​​មិន​ស្គាល់ជំងឺ ស្ត្រេស​ខ្លាច​កូវីដ១៩។ ដោយហេតុ​កូវីដ ការ​លំបាក​ដែល​មាន​ស្រាប់ លេ​ច​ឡើង​កាន់​តែ​ច្បាស់​ មិន​ថា​សម្រាប់​គ្រូពេទ្យ​ជំនាញ ឬ​គ្រូពេទ្យ​ធម្មតា​ទេ។ ​ជួប​ការលំបាកខ្លាំងហើយ​​នឿយ​ហត់​ខ្លាំង​បំផុតទៀត ជា​ពិសេស​ក្រុម​អ្នក​នៅ​ខាង​ផ្នែក​ប្រពោធនកម្ម សង្គ្រោះ​បន្ទាន់ ដែល​ត្រូវ​ការ​ថែ​មើល​អ្នក​ជំងឺ​កូវីដ ដែល​ជា​ជំងឺ​ធ្ងន់។ ជា​សរុប​ បុគ្គលិក​ពេទ្យ រាប់​តាំង​ពី​ ​និស្សិត​ពេទ្យកំពុង​បំពេញកម្មសិក្សា​ឆ្នាំ​ចុងក្រោយ កូន​ពេទ្យគ្មាន​ជំនាញ ​គិលានុដ្ឋាក-យិកា អ្នក​ជំនួយថែទាំ​សុខភាព គ្រូធំ គ្រូតូច ... ប្រឈម​ខ្លាំង​ជាពិសេស​តែ​ម្តង​នឹង​ជំងឺ​កូវីដ១៩ ដែល​បន្ត​ចម្លង​រាតត្បាត​ខ្លាំង​នៅ​ឡើយ។ ពួក​គាត់​ពិត​ជា​នឿយហត់​ខ្ចោះ​​កម្លាំងខ្លាំង​ណាស់ ទាំង​កម្លាំង​ចិត្ត​ ទាំង​កម្លាំងកាយ។​”

កូវីដ​បាន​បន្សល់​ទុក្ខ​នូវ​ផលវិបាកសង្គម​សេដ្ឋកិច្ច​និង​សុខភាព​ច្រើន​ណាស់។ មិនមែន​តែ​បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល និង​ពិភពវេជ្ជសាស្ត្រ​ទេ ដែល​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​បឺនអៅ អស់​កម្លាំង​នឿយ​ហត់​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​នោះ។ នៅ​ប្រទេស​បារាំង​ បើ​តាម​របាយការណ៍​ទើប​ចេញ ផ្សាយ​កាលពី​ថ្ងៃទី ២៦​ឧសភា ២០២១ អត្រាកើត​ជំងឺបឺនអៅ បាន​កើន​ឡើង​មួយទ្វេ​ជាពីរ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​កូវីដ។ បើ​តាម​លោក Christophe Nguyen  ប្រធាន​ការិយាល័យ​កូនកាត់​បារាំង​កាណាដា Empreinte Humaine ជំនាញ​ខាង​ការពារ​ហានិភ័យ​វិបត្តិ​ផ្លូវ​ចិត្ត​ (បឺនអៅ ធ្លាក់​ទឹកចិត្ត​ អត្តឃាត ...) បឺនអៅ ឬ​ភាព​នឿយហត់​ផ្លូវកាយនិ​ងផ្លូវចិត្ត​ក្នុង​ការងារ​ បាន​ធ្វើ​ឱ្យ​មនុស្ស​រស់​ដោយ​​ លែង​មាន​ ​ទម្រង់​ជា​មនុស្ស ម្នាក់​ៗ​រស់​ដូច​មនុស្ស​យន្ត ​​គ្មានមនោសញ្ចេតនា។ មិន​ចង់​ជួប​ ឬ​មិន​​ខ្វល់​នឹង​មនុស្ស  គេច​មិន​និយាយ​រក​មនុស្ស ដើម្បីការពារ​ ដើម្បី​លាក់​អារម្មណ៍​ខ្លួន​ឯង។

ជាងមួយ​ឆ្នាំ​ក្រោយ​វិបត្តិ​កូវីដ​១៩ ស្ថានភាព​សុខភាព​ផ្លូវការ​ចុះ​​ខ្សោយ​ដែរ ៤០%​មានបញ្ហា​ដំណេក ៣៧%​មាន​អាការៈ​ឈឺ​ចុកចាប់​ឆ្អឹង​សាច់​ដុំ ១៩%​មាន​បញ្ហាប្រព័ន្ធ​​រំលាយ​អាហារ​ ២៦%​ឈឺក្បាល និង​១០%​ ឧស្សាហ៍​ក្អួត​ចង្អោរ។ នេះ​បើ​តាម​របាយការណ៍​បារាំង​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ