អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​អ្នកធ្លាប់​វិជ្ជមានកូវីដ​ ត្រូវ​ទទួល​​ចាក់​ថ្នាំ​បង្ការ​ទៀត​ដែរឬទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីថ្ងៃទី ២៦ មេសា ដល់​ថ្ងៃទី ២​ឧសភា ២០២១ ជា​ទិវា “សប្តាហ៍អឺរ៉ុប​នៃការ​ចាក់​ថ្នាំ​បង្ការ​”។ សម្រាប់​អឺរ៉ុប ​ផ្តល់​វ៉ាក់សាំង​ដល់​គ្រប់​ក្មេង​ ជា​ការ​ចាំ​បាច់​នៃ​អាយុ​ជីវិត​និង​សុខភាព​នា​ពេល​អនាគត។​ ​រៀង​រាល់​​ឆ្នាំ​​ អាជ្ញាធរ​អឺរ៉ុប​តែង​បើក​​យុទ្ធនាការ ក្នុង​ទិសដៅ​តែមួយ និង​ផ្តល់​សារ​​តែ​មួយ​គឺ រារាំង ការពារ​ និង​ចាក់​ថ្នាំ​បង្ការ។ ប៉ុន្តែ​នាឱកាស​នេះ កម្មវិធី​សុខភាព​របស់​វិទ្យុ​យើង​សូម​ផ្តោត​ចំណាប់​អារម្មណ៍​ទៅ​លើ​​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដែល​បាន​និង​កំពុង​បន្ត​ឆ្លង​រីករាលដាល​នៅ​លើ​ពិភពលោក។ ហេតុ​អ្វី​បាន​ជា​ទទួល​វ៉ាក់សាំង​ហើយ​នៅតែ​អាច​ឆ្លងជំងឺ​កូវីដ​១៩​ទៀត ថ្នាំគ្មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណា? តើ​អ្នក​ឆ្លង​កូវីដ​១៩​ហើយ​ គួរ​ចាក់​វ៉ាកសាំង​ពីរ​ដូស​ដដែល​ឬ ?

តើ​អ្នក​កើត​កូវីដ​ហើយ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរឬទេ ?
តើ​អ្នក​កើត​កូវីដ​ហើយ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរឬទេ ? AP - Esteban Felix
ផ្សាយពាណិជ្ជកម្ម

ជិត​​មួយ​ឆ្នាំក្រោយ​ការ​លេច​ឡើង​នៃ​ជំងឺ​កូវីដ១៩ វិទ្យាសាស្ត្រ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាម​រយៈ​ការ​ឃើញ​ថ្នាំ​បង្ការ​​ យ៉ាង​លឿន​រហ័សមិនធ្លាប់​មាន​ឡើយក្នុង​ប្រវត្តិវេជ្ជសាស្ត្រ​។ មក​ទល់​ពេល​នេះ​មាន​ថ្នាំ​បង្ការ​កូវីដ​១៩យ៉ាង​ហោច​៥ ​​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ពិភពលោក។ ទីមួយ​គឺ​ថ្នាំបង្ការ​​រក​ឃើញ​និង​ផលិត​ឡើង​ដោយ​មន្ទីរពិសោធន៍​​អាមេរិកអាល្លឺម៉ង់​ Pfizer/BioNTech  ទីពីរជា​របស់​ក្រុមហ៊ុន​អាមេរិក​ម៉ូដែនណា។ ថ្នាំ​បង្ការ​ពីរនេះ​ប្រើបច្ចេកវិទ្យា​ដូច​គ្នា គឺ​យក​គំរូ​មេរោគ​ទៅ​ធ្វើ​ជា​សា​រចាក់​​ប្រាប់សរីរាង្គកាយ​ឱ្យ​ផលិត​​អង់ទីក័រសម្រាប់​ការពារ​ខ្លួន​ពី​ការ​ចម្លង​មេរោគ​ពិត។ បន្ទាប់​មក​មាន​ថ្នាំបង្ការ​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​បូរាណ ពោល​គឺ​យកមេរោគ​ទៅ​ដក​ពិស ឬ​សម្លាប់​ហើយ ក្នុង​បរិមាណ​ដ៏​តិច​តួច​បំផុត​​មិន​អាច​បង្ក​ជា​ជំងឺ​បាន​មក​ផ្សំធ្វើ​ជា​ថ្នាំ​​វ៉ាក់សាំង​ចាក់​លើ​ខ្លួនមនុស្ស​ ដើម្បី​ដាស់​ប្រាប់​សរីរាង្គ​កាយ​ឱ្យ​បង្កើតអង់ទីក័រ​ការពារ មាន​ជា​អាទិ៍​ថ្នាំ បង្ការ​របស់​ក្រុមហ៊ុន​អាស្ត្រាហ្សេនីកា ឬ​ក្រុមហ៊ុន​ចនស៊ុន ឬ​ថ្នាំ​បង្ការ​របស់​ចិន​ Sinovac  និង​ Sinopharm ជា​ដើម​។

ប៉ុន្តែ​ជាមួយ​នឹង​អំណរ​ នៅ​មាន​សំណួរ​ជា​ច្រើន​កំពុង​ចោទ​ជុំ​វិញ​ប្រសិទ្ធភាព និង​ការ​ប្រើប្រាស់​​នៃ​ថ្នាំបង្ការ​ទាំង​អស់​នេះ។ ជាពិសេសនៅ​ពេល​គេ​បាន​ជួប​ករណី​ ចាក់​ថ្នាំ​រួច​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ឆ្លងនិងឈឺកូវីដ​បាន​ទៀត។ នេះ​បណ្តាលមកពី​ថ្នាំគ្មាន​ប្រសិទ្ធភាព​ឬ​?

តាមការ​ពិត​ទៅ​នោះ មាន​ អ្នក​ជំងឺ​កូវីដ​១៩​បាន​ទទួល​វ៉ាក់សាំង​មួយ​ដូស​ហើយ មិន​តិច​​ទេ ដែលធ្លាក់​ខ្លួន​ឈឺ​កូវីដ​ទៀតនោះ។ អ្នក​ជំនាញ​សុខភាព​សូម​ធានា​អះអាង​ថា នេះ​មិនមែន​បណ្តាលមក​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់សាំងទេ។ វ៉ាក់សាំងដែលកំពុង​ធ្វើ​ចរាចរណ៍នាពេល​នេះ សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំពោះ​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​Pfizer BioNTech ឬ Moderna ដែលប្រើ​បច្ចេកវិទ្យា​ទំនើប​ថ្មី ថ្នាំ​ពីរ​នេះ​មាន​ប្រសិទ្ធភាព​ការ​ពារ បាន​ដល់​៩៤% ទាំង​នៅ​ពេលកំពុង​​សាកល្បង និង​នៅចាក់​ជូន​ប្រជាពលរដ្ឋ​ជា​ទូទៅ នៅ​ពេល​នេះ។ ចំពោះ​ថ្នាំ​បង្ការ​អាស្ត្រាហ្សេនីកា (ផលិត​នៅ​អឺរ៉ុប ឬ​នៅឥណ្ឌា)វិញ មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​​ចម្លង​បាន​ដល់​៧០% និង​ជិត​ដល់​១០០%​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។ លទ្ធផលទាំង​អស់​នេះ សុទ្ធតែ​​បាន​បញ្ជាក់​តាម​បែប​វិទ្យាសាស្ត្រ​នៅក្នុង​ពេល​សាកល្បង​និង​ពេល​ចាក់​មែនទែន។

​ហេតុ​អ្វី​អ្នក​បាន​ទទួល​ថ្នាំ​បង្ការ​ហើយ​នៅ​តែ​អាច​ឆ្លង​និងកើត​ជំងឺកូវី​ដ​១៩​បាន​ទៀត ?

ពាក្យ​ថា​ថ្នាំបង្ការ មិនមែន​មានន័យ​លែងកើត​លែងឆ្លង​សោះ​នោះ​ទេ ! នេះ​ម្យ៉ាង​ ! ហើយ​ម្យ៉ាង​ទៀត អ្នកវិទ្យាសាស្ត្រ​មាន​សេចក្តី​ពន្យល់​ពី​រយ៉ាង​។ ទីមួយ គឺ​អ្នក​ឆ្លង​ជំងឺ​កូវីដ​បាន​ប្រឈម​នឹង​មេរោគ មុន​ពេល​ដែល​សរីរាង្គ​កាយ​ផលិត​អង់ទីក័រការពារ​​បាន​ពេញ​លេញ។ នៅ​ពេល​ទទួល​ថ្នាំ​វ៉ាក់សាំង​ភ្លាម ប្រព័ន្ធការពារ​ខ្លួន​មនុស្ស​ត្រូវ​ការ​ពេល​វេលា​ចំនួន​១៥​ថ្ងៃ ក្នុង​ការ​បង្រៀនប្រព័ន្ធ​អង់ទីករ ឱ្យ​ចេះ​ការពារ​ខ្លួន​ពី មេរោគSars-CoV-2។ ដូច្នេះ​ក្នុង​អំឡុង​ពេលពីរ​សប្តាហ៍​​ដំបូង​នេះ បើ​អ្នក​មិន​បន្ត​ការពារខ្លួន​ទេ អ្នក​អាច​ឆ្លង​មេរោគដូច​អ្នក​មិន​បាន​ចាក់​ថ្នាំបង្ការ​ដែរ។

ទីពីរ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ពេញ​លេញ​ ដរាប​ណា​បាន​ចាក់រំលឹក​តាម​កម្មវិធី​ត្រឹម​ត្រូវ​ ពោល​គឺ​​បាន​ចាក់​គ្រប់​ពីរ​ដូស និង​ត្រូវ​រង់​ចាំ​១៥​ថ្ងៃ​ទៀត​សិន ទើប​ថ្នាំ​អាច​បង្កើន​មហិទ្ធិរិទ្ធ​ ​ពេញ​អំណាច ដូច​ការ​អះអាង​របស់​ក្រុមហ៊ុន​ឱសថ និង​ការ​ពារ​​​ខ្លួន​អ្នកបាន​យ៉ាង​​ប្រាកដ​ ​ពី​ជំងឺ​កូវីដ​​១៩បាន។ បើ​មិន​បន្ត​ការ​ពារ​ខ្លួន ឱ្យបាន​​១៥​ថ្ងៃ​ក្រោយ​ការចាក់​ដូសទីពីរ​ទេ​នោះ នោះ​អ្នកអាច​នឹង​ឆ្លង​ហើយ​ធ្លាក់​ខ្លួនឈឺកូវីដ​១៩​បាន។ ហើយការ​ចម្លង​បែប​នេះ​មានកើត​ឡើង​ជា​ច្រើនករណី​មកហើយ។

ជា​ចុង​ក្រោយ​ ក៏​មាន​ដែរ ​ករណី​​បាន​ចាក់​ថ្នាំ​បង្ការ​ត្រឹមត្រូវ​បំពេញ​តាមគ្រប់​លក្ខខណ្ឌ​ឥតខ្ចោះ​ហើយ តែ​នៅ​ឆ្លង​និង​ឈឺ​ទៀត​នោះ ប៉ុន្តែ​​ជាករណី​កម្រ​បំផុត ក្នុង​កំរិត​ពី​១ទៅ​២%ទេ។ ​បើ​តាម​ការអះអាង​របស់​អ្នកជំនាញ​រោគរាតត្បាត​បារាំង នេះ​ក៏​ជា​ករណី​ធម្មតា​ ​សម្រាប់​ក្រសែ​ភ្នែក​អ្នក​វេជ្ជសាស្ត្រ ព្រោះ អ្នក​បាន​ឆ្លង​កូវីដ​១៩​ហើយ មាន​អង់ទីករការពារ​ខ្លួន​តាម​បែបធម្មជាតិ​ហើយ ក៏​អាច​ឆ្លង​និង​កើត​ជំងឺកូវីដ​ម្តង​ទៀតដែរ តែ​ក្នុងករណី​កម្រ ប្រមាណ​ពី ១ទៅ​​២%​។ នេះ​ដោយ​មិន​រាប់​និង​គិត​អំពី​ការ​​ចម្លង​មេរោគ​កូវីដ​១៩បំប្លែង​ខ្លួន​ទេ។ ប៉ុន្តែ​ការចម្លង​មេរោគកូវីដ​១៩​ជាថ្មីនេះ ភាគ​ច្រើន​មិនបង្ក​ឱ្យ​មាន​ជំងឺធ្ងន់ធ្ងរខ្លាំង​ទេ ​និង​ជួន​គ្មាន​ទាំង​ផ្តល់​រោគ​សញ្ញា​ផង។

ហេតុអ្វី​ វ៉ាក់សាំង​របស់ ​Johnson&Johnson ប្រើ​តែ​មួយដូស ?

គ្រប់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដែល​អឺរ៉ុប​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ សុទ្ធ​តែ​ត្រូវ​ការ​ចាក់​ពីរ​ដូស លើក​លែង​តែ​ថ្នាំ​របស់​ក្រុម​ហ៊ុន​ឱសថ​Johnson&Johnson។ ហេតុ​អ្វី ក្រែង​ថ្នាំ​នេះ​បើ​បច្ចេកវិទ្យា​ដូចAstraZenecaដែរ ទេតើ ?! ថ្នាំរបស់​Johnson&Johnson ​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​ចម្លង​បាន​៦៦% និង​ដល់​៧៦%​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ជា​ក្តី​រំពឹង​ខ្លាំង​របស់​អឺរ៉ុប ក៏​ដូច​ជា​បណ្តា​ប្រទេសជា​ច្រើន​​ផ្សេងៗ​ទៀតនៅ​លើ​ពិភពលោក​​ដែរ​ ព្រោះស្រួល​ដឹកជញ្ជូន​ហើយ​និង​ត្រូវ​ការ​តែ​មួយ​ដូស។

បើ​តាម​វិទ្យាស្ថានសុខភាព​និង​​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង ជម្រើស​ប្រើ​តែ​មួយ​ដូស​នេះ​ជា​យុទ្ធសាស្ត្រពាណិជ្ជកម្ម​​របស់​មន្ទីរ​ពិសោធន៍​​ ​ច្រើន​ជាង​លទ្ធផលតាម​បែប​វិទ្យាសាស្ត្រ​ ព្រោះ​​កាលពី​ខែ​វិច្ឆិកា ក្រុមហ៊ុន​​Johnson&Johnson បាន​ធ្វើ​ការ​​សាកល្បង​ដោយ​ចាក់​ពីរ​ដូស ដោយ​បង្ហាញ​លទ្ធផល​ថា កំរិត​ប្រសិទ្ធភាព​និង​បរិមាណ​នៃ​ការ​ផលិត​អង់ទីករ បាន​កើន​ឡើង​ទ្វេពីរ​ជា​បីដង​លើស​ការ​ចាក់​មួយដូស។ ប៉ុន្តែ​សម្រាប់​មន្ទីរ​ពិសោធន៍ វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា​យកវីរុស​បង្ក្រាប​ហើយ(Adénovirus) ​ឱ្យ​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​អង់ទីហ្សែន ប្រឆាំង​ប្រូតេអ៊ីន​នៃ​មេរោគ​Sars-Cov-2 ចាក់​តែមួយ​ម្ជុល​អាច​គ្រប់គ្រាន់ ព្រោះដូស​ទីពីរ​​អាច​នឹង​អត់សូវ​មាន​​ប្រយោជន៍ ដោយប្រព័ន្ធ​ការពារ​ខ្លួន​អាច​ស្គាល់​មេរោគ​ហើយ​ ហើយ​កម្ចាត់​វា​មុន​ថ្នាំ​បញ្ចេញ​ឥទ្ធិពល​​បង្កើត​អង់ទីករ​ថ្មី​បន្ថែម។

អ្នក​ដែល​​បាន​ឆ្លង​និង​បាន​ឈឺកូវីដ​ហើយ តើការ​ចាក់​ថ្នាំ​បង្ការ​ តម្រូវ​ឱ្យ​ធ្វើ​ពីរ​ដូស​ដដែល​ឬយ៉ាងណា ? ​

ការ​សិក្សា​អាមេរិក លើ​អ្នក​ស្ម័គ្រ​ចិត្តជាង​ពីរ​រយនាក់ ១៤៣​នាក់​​ពុំ​ធ្លាប់​មាន​កូវីដ​សោះ និង​ជាង​៨៣នាក់​​កើត​កូវីដ​១៩​រួច បាន​បង្ហាញ​ថា​អ្នក​ធ្លាប់​មាន​កូវីដ​១៩​ មានផលរំខាន​ខ្លាំង​ក្រោយ​ការ​ចាក់​ថ្នាំ​បង្ការ​ដូស​ទីមួយ​រួច (ឈឺក្បាល អស់កម្លាំង រងារ​ស្រៀវស្រាញ ក្តៅ​ខ្លួន ឈឺ​សាច់​ដុំ​ចុក​រោយ ខ្លាំង​និង​ជា​ញឹក​ញយ​ខ្លាំង។ មាន​ន័យ​ថា ថ្នាំ​វ៉ាក់សាំង​មួយ​ដូសអាច​​បញ្ចេញ​​ប្រសិទ្ធភាពលឿន។ ​ប្រព័ន្ធ​ការពារ​ខ្លួន​អ្នក​ធ្លាប់​មាន​កូវីដ១៩​ពីមុន ឆាប់បញ្ចេញ​សមត្ថភាព​ការពារ​បាន​ភ្លាម។ ​​នេះ​បើ​តាមការ​បកស្រាយ​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក ដែល​ ​បាន​ផ្តល់​ក្តី​សន្និដ្ឋាន​ថា អ្នកធ្លាប់​មាន​កូវីដ​ហើយចាក់វ៉ាក់សាំង​តែ​មួយ​ដូស​អាច​គ្រប់​គ្រាន់​។

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ក្រុមនេះ​កំពុង​បន្ត​សិក្សា​ទៀត ថា​តើ​ការ​ចាក់​តែមួយ​ដូស​នេះ អាច​ការពារ​អ្នក​ជំងឺធ្លាប់​កើត​កូវីដ​ឱ្យ​បាន​យូរ​ប៉ុណ្ណា វែង​ឬ​ខ្លី​ខុស​គ្នា​នឹង​អ្នក​ចាក់​ពីរ​ដូស​យ៉ាងណា។

ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បាន​បើក​ផ្លូវ​ឱ្យ​អឺរ៉ុប​ប្តូរផ្លាស់​នយោបាយ​ចាក់​ថ្នាំ​បង្ការ​របស់​ខ្លួន។​ អាជ្ញាធរ​សុខភាព​អឺរ៉ុប​បានចេញ​សេចក្តីណែនាំ​ឱ្យ​អ្នក​បាន​ឆ្ល​ងនិង​ឈឺ​កូវីដ១៩ ចាក់​ថ្នាំវ៉ាក់សាំង​​តែ​មួយ​ដូស​ទេ។ ​បុគ្គលធ្លាប់​វិជ្ជមាន​កូវីដ១៩​ ទោះ​​មាន​ឬ​អាការៈ​រោគ​ក៏​ដោយ ក៏​មាន​អង់ទីក័រការពារ​ខ្លួន (តាម​យន្តការ​ធម្មជាតិក្រោយ​ឆ្លងមេ​រោគ) រយៈពេល​យ៉ាង​ហោច​៣ខែ។ ដូច្នេះ​ដើម្បី​រំលឹកសរីរាង្គ​ ការ​ចាក់​មួយ​ដូស​បន្ថែម​ទៀត ជា​ការ​គ្រប់​គ្រាន់ ហើយ​យកល្អ​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​នៅ​រវាង​៦​ខែ​ក្រោយឆ្លង/​ឈឺកូវីដ១៩។ មធ្យោបាយ​ដ៏គាប់​ប្រសើរ​ជាង​គេ  និង​ដើម្បី​ឱ្យ​កាន់​តែ​ប្រាកដ​ក្នុង​សម្រេច​ចាក់​ថ្នាំ​បង្ការ​មួយ​ដូស ឬ​ពីរដូស​ដល់​អ្នក​ឆ្លង​កូវីដ​១៩​ហើយនោះ គឺ​ការ​ធ្វើ​តេស្ត​វិភាគ​ឈាម​ រក​មើល​អង់ទីករជាមុន។

តាមការ​ពិត​ទៅ​នោះ ​ផ្តល់​ថ្នាំបង្ការ​ដល់​អ្នក​កើត​កូវីដ​ហើយ​ ​ពីរដូស​ ក៏​មិន​ថ្វី​ដែរ មួយ​ដូសបន្ថែម​ទៀត​នេះ​មិន​បង្ក​​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ទៅ​លើ​បរិមាណ​អង់ទីក័រ​ទេ ប៉ុន្តែវា​ជា​ការ​ចាក់​សាច់​ឱ្យ​ឈឺ​ឥត​ប្រយោជន៍​ផង និង​ការ​ខ្ជះខ្ជាយ​វ៉ាក់សាំង​ ក្នុង​បរិបទ​នៃ​ការខ្វះ​ខាត​ផង។ ចាក់តែ​​មួយ​ដូស​ឱ្យ​អ្នក​ឆ្លង​កូវីដ​១៩​ហើយ ជា​គំនិត​ល្អ​ ជា​ការសន្សំសំចៃខ្ពស់​​និង​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ទទួល​ការ​ពារ​ផង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ប្រទេស​ជា​ច្រើន​ប្រកាន់​យក​យុទ្ធសាស្ត្រ​នេះ។

កើត​កូវីដ​ក្រោយ​ពេល​ចាក់​ដូស​ទីមួយ​ តើ​ត្រូវ​ទៅ​ចាក់​ដូស​ទីពីរ​ទៀត​​ដែរ​ឬទេ ?

​ចំពោះ​សំណួរ​ដែរ​ថា​ អ្នក​ឆ្លង​កូវីដ​ក្រោយ​ការ​វ៉ាក់សាំង​ចាក់​ដូស​ទីមួយ គួរ​ទៅ​ចាក់​ដូស​ទីពីរ​ដែរ​ឬ​យ៉ាងណា​នោះ ? ចម្លើយ​នៅ​មាន​​លក្ខណៈ​ប្រទាញ​ប្រទង់​គ្នា​បន្តិច ត្រង់​ចំណុច​ថា​តើ​ត្រូវ​ចាក់​ដូសទីពីរ​នៅពេលណា។ សម្រាប់​អាជ្ញាធរ​សុខភាព​បារាំង សម្រេច​កាលពី​ថ្ងៃទី ១២​កុម្ភៈ ២០២១ អ្នកវិជ្ជមានកូវីដ​​ក្រោយ​ការ​ចាក់​ថ្នាំ​បង្ការដូស​ទីមួយ​រួច នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​ដូស​ទីពីរ​ដដែល ព្រោះ​គេ​​ចាត់ទុក​ថា​ដូស​ទីមួយ ផ្តល់​ការ​ការពារ​មិនគ្រាន់​ និង​ត្រូវ​បន្ថែម​ដូស​ទីពីរ។ ប៉ុន្តែរយៈ​ពេល​ចាក់​ដូស​ទីពីរ​ត្រូវ​ពន្យារ អាច​ដល់​​បី​ទៅ​៦ខែ គិត​ចាប់​ពី​ថ្ងៃ​ឆ្លង​កូវីដ​១៩មក។ ចំណែក​អាជ្ញាធរ​អាមេរិក បើ​តាម​ប្រសាសន៍​របស់​លោក អង់តូនី ហ្វោស៊ី ប្រធាន​ក្រុមបឹ្រក្សា​វិទ្យាសាស្ត្រអាមេរិក​​ កាលពី​ថ្ងៃទី ២២​មេសា ២០២១ អ្នក​ជំងឺ​​បាន​ជា​ពី​កូវីដ​ស្រួល​បួល​ហើយ អាច​ទៅ​ចាក់​ដូស​ទីពីរ​បាន​ហើយ។ ហើយ​បន្ត​រក្សា​វិន័យ​ការពារ​ខ្លួន ពាក់ម៉ាស់ រក្សា​គម្លាត និង​លាង​ដៃ​ឱ្យ​ញឹកញាប់។ ទោះ​ចាក់​ថ្នាំបង្ការ​ហើយ​ក្តី ក៏​មិន​ត្រូវ​បោះបង់​ទម្លាប់​ការពារ​បី​យ៉ាង​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ