អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កូវីដ១៩ ៖ តើគេ​អាច​កំរិតការចម្លង បានយ៉ាងដូចម្តេចខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​មួយ​ឆ្នាំ​ក្រោយ​ការ​លេច​ឡើង​នៃ​ជំងឺ​កូវីដ​១៩ ពិភពលោក​ហាក់​ដូច​ជា​នៅវិលវល់​ក្នុង​វិបត្តិ​នៃ​​ការចម្លង​រីករាតត្បាតរបស់​​មេរោគ​កូរូណាថ្មីដដែល។ ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺកូវីដ​១៩ អាជ្ញាធរ​ជា​ច្រើន​បាន​សម្រេច​រឹត​បន្តឹង​​វិធានការ ដាក់​បម្រាមគោចរ ឬ​​បិទ​ខ្ទប់​តំបន់ បិទខ្ទប់​ខេត្ត​ក្រុង ឬខ្លះ​បិទ​ប្រទេសជា​ថ្មី​ទៀត មាន​ជា​អាទិ៍​ករណី​ប្រទេស​បារាំង។ តើ​វិធានការ​បែប​នេះមាន​ប្រសិទ្ធភាព​ដែរ​ឬទេ ? តើ​គេ​អាច​កំរិត​ការចម្លង​ជំងឺ​​កូវីដ១៩ បាន​ដែរ​ឬ​ទេ ? និង​ដោយ​វិធីអ្វី​ខ្លះ​បន្ថែមពី​លើ​វិធាន​ “បីកុំ​បីការពារ”  ?

តើ​គេ​អាច​កំរិត​ការ​ចម្លង​កូវីដ​​១៩​បាន​ដោយ​វិធី​យ៉ាងណា​ខ្លះ ?
តើ​គេ​អាច​កំរិត​ការ​ចម្លង​កូវីដ​​១៩​បាន​ដោយ​វិធី​យ៉ាងណា​ខ្លះ ? AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

ពាក់ម៉ាស ​រក្សា​គម្លាត​ លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់ ជា​សារ​ដែល​អាជ្ញាធរ​គ្រប់​ប្រទេស​នៅ​ទូទាំង​ពិភពលោក ណែនាំប្រាប់​​ប្រជាពលរដ្ឋ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩។ ប៉ុន្តែ​ប្រឈម​នឹង​ការ​រីករាលដាល​ឥត​ឈប់​និង​កាន់​តែខ្លាំង រដ្ឋាភិបាល​បាន​​រឹត​បន្តឹង​វិធានការ​បន្ថែម​ទៀត​ដូច​ជា ដាក់​បម្រាមគោចរ ​បិទ​ខ្ទប់​ខេត្ត​ក្រុង តំបន់​ដែល​មាន​ការ​ឆ្លង​ខ្លាំង និង​បិទប្រទេស​តែម្តង​ផង។ វិធានការ​កាន់​តែ​តឹងរឹង ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​កាន់​តែ​លំបាក និង​មានផលវិបាក​ផ្សេង​ទៀត​ជា​ច្រើន ដោយ​មិន​រាប់​អំពី​ផលវិបាក​សេដ្ឋកិច្ច​សម្រាប់​គ្រួសារ និង​ប្រទេស​ផង។ ជា​វិធានការ​ដ៏​ធ្ងន់​ធ្ងរ ! ជា​សេចក្តី​សម្រេច​ចិត្តដ៏​លំបាក​របស់​រដ្ឋាភិបាល​ ហើយ​​ប្រជាពលរដ្ឋ​ទូទៅក៏​​ពិបាក​ទទួល​ទៀត។ ប៉ុន្តែ​នេះ​ជា​វិធានការ​ដែល​ចាំ​បាច់ និង​មាន​ប្រសិទ្ធភាព​ជាង​គេ​ ក្នុង​ការ​ទប់​ស្កាត់​ការឆ្លង​រាត​ត្បាត​នេះ​ជំងឺ​កូវីដ​១៩។ សូម​ស្តាប់​ប្រសាសន៍​របស់សាស្ត្រាចារ្យ​​ Pr Arnaud Fontanet ប្រធាន​នាយក​មន្ទីរ​រោគរាតត្បាត​នៃ​ជំងឺ​ឆ្លង​ថ្មី នៅ​វិទ្យាស្ថានប៉ាស្ទ័រ និង​ជា​សមាជិក​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​

Pr Arnaud Fontanet ៖ “​ប្រទេស​ធំៗ​ជិត​ខាង​បារាំងជា​ច្រើន​​បាន​ប្រកាន់​យក​​ជា​យុទ្ធសាស្ត្រ​បិទ​ខ្ទប់​តំបន់​នេះ។ ឯ​ប្រទេស​តូចៗ ដែល​មេរោគ​មិន​សូវសកម្ម​ខ្លាំង និង​ដែល​អត្រា​ចម្លង​មិន​សូវ​ខុស​គ្នា​ខ្លាំង​ពី​តំបន់​មួយ​ទៅ​នោះ វិធានការ​បិទ​ខ្ទប់​តាម​តំបន់​មិនសូវ​ត្រូវ​ទេ។ អាល្លឺម៉ង់ អ៊ីតាលី ឬ​អេស្ប៉ាញ សម្រេច​ចាត់​វិធានការ​បិទខ្ទប់​តំបន់​ ដើម្បី​ផ្តុំ​កម្លាំង​និង​ការ​ខិត​ខំប្រឹង​ប្រែង​ទប់​ទល់​វិបត្តិ​កូវីដ​ នៅកន្លែង​ដែល​មាន​ការរាតត្បាត​ខ្លាំង គឺ​ទំនង​ជាមធ្យោបាយ​ដ៏​ល្អ​ប្រសើរ​ជាង​សម្រាប់​ប្រជាពលរដ្ឋ​​ទូទៅផង​ និង​ជាពិសេស​ វា​គឺ​ជា​សារដាស់​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​មិន​ជាប់​បម្រាម​​បិទ​ខ្ទប់​ ថាប្រសិន​បើ​អ្នកមាន​ឥរិយាបថ​ល្អ ចេះ​ប្រុង​ប្រយ័ត្ន ចេះ​គោរព​តាមសេចក្តីណែនាំ​របស់​អាជ្ញាធរ​ក្នុង​កា​រពារ​ខ្លួន​ ក្រុង​នោះតំបន់​នោះនឹង​បន្ត​មាន​សេរីភាព​ក្នុង​ការ​រស់​នៅ​ដូច​ធម្មតា​​ ឬ​ជាង​គេ។ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​រោគរាតត្បាត​ផ្ទុះ​ឆាប​ឆេះ​រោល​រាល​ឡើង​ហើយ ការ​ចម្លង​នឹង​កើន​លឿន​ស្លេវ​ខ្លាំង វិធានការ​បិទ​ខ្ទប់​ត្រឹម​ថ្នាក់​តំបន់​ លែង​គ្រប់គ្រាន់ហើយ​​។

ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ តើស្ថានភាព​បែបណា​ដែល​​ជំរុញ​ឱ្យ​មាន​ការ​ចម្លង​កូវីដ​១៩ ​​លឿនខ្លាំង?

Pr Arnaud Fontanet ៖ “​ឥលូវ​នេះ​គេ​បាន​ដឹងកាន់​​តែ​ច្បាស់​ថា មេរោគ​ធ្វើ​ការ​ចម្លង​ខ្លាំង​ជាង​គេ​ នៅ​ក្នុង​បរិស្ថាន- ទី​បិទ​ជិត និង​ការ​​​មិន​គោរព​តាម​វិធានការពារ​ខ្លួន​ ដូច​ជា​មិន​ពាក់​ម៉ាស​ ហើយ​យើង​ជាជន​ងាយ​រង​គ្រោះ។ គេមាន​ការ​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើងៗ​ថា មេរោគ​ជំងឺ​កូវីដ​១៩ អាច​ធ្វើ​ការ​ចម្លង​តាម​ខ្យល់ ដោយ​វីរុសដែល​វិលវល់​​តោងនៅ​​ក្នុង​ខ្យល់​នៃ​បន្ទប់​បិទ​ជិត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នកជំនាញ​សូម​ណែនាំ​ហើយ​ណែនាំ​ទៀត​ ឱ្យ​យើង​ឱស្សាហ៍​បើក​ទ្វារ​​បើក​បង្អួច ដើម្បី​បង្វិល​ប្តូរ​ខ្យ​ល់​បរិយាកាស​ក្នុង​ផ្ទះ ក្នុង​កន្លែង​ធ្វើការ​ ក្នុង​ទី​បិទ​ជិតទាំង​ឡាយ។ ហើយ​បើ​ចង់​មាន​ការ​ជួប​ជុំ​ ត្រូវ​ជួប​ជុំ​គ្នា​នៅ​ក្រៅ​ផ្ទះ ទីវាល និង​ដោយ​គោរពដាច់​ខាត​តាម​វិធាន​ការពារ​ខ្លួន ពាក់ម៉ាស រក្សា​គម្លាត។ ការ​ជួប​ជុំនៅ​ទីក្រៅនេះ​ក៏​មាន​ហានិភ័យ​ចម្លងកូវីដ១៩ ​គ្រាន់​តែ​ទាប។”

តើ​ ​ការ​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ និង​ក្នុងទី​បិទ​ជិត​ មាន​​ហានិភ័យ​នៃចម្លង​ខុស​គ្នា​យ៉ាង​ណា ?

ទាបជាង​កំរិតណា ? គ្រោះ​ឆ្លង​​មេរោគកូវីដ១៩ មាន​នៅ​គ្រប់​ទិស​ទី ទាំង​អស់។ យ៉ាង​ណា​មិញ ការ​ដើរ​លំហែ​ ការ​ជួប​ជុំស៊ីផឹក ពិកនិក​ នៅ​តាមទីវាល នៅមុខ​ផ្ទះ​ឬ​នៅ​ក្រៅ​ផ្ទះ ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ចម្លង​មេរោគ​កូវីដ​១៩ដែរ គ្រាន់​តែ​ថា​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ នៅ​តាម​ទីវាល​ និង​កន្លែង​បើក​ចំហ មាន​បរិមាណទាប​ជាងនៅ​កន្លែង​បិទ​ជិត។ ជុំ​គ្នា​នៅខាង​​ក្នុង​ផ្ទះ មាន​ហានិភ័យ​ឆ្លង​​ខ្លាំង​ជាង​ការ​ជួប​ជុំ​នៅ​​​​ក្រៅផ្ទះ។ នៅក្រៅ​ផ្ទះ​ វីរុស​មិន​អាច​តោង​អណ្តែត​ក្នុង​ខ្យល់​បរិយាកាសបាន​ទេ​ តែ​វីរុស​ខ្ទាត​ចេញ​មក​អាច​ទៅប៉ះ​ចម្លង​ចូល​មាត់​ចូល​ច្រមុះមនុស្ស​ម្នាក់​ទៀត​នៅ​ក្បែរនោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​សុខភាព​បារាំង ផ្នែក​រោគរាតត្បាត​ បាន​ផ្តល់​អនុសាសាន៍​មិន​ឱ្យ​មាន​ជុំ​គ្នា​ច្រើន​លើស​ពី​៦​នាក់ សូម្បី​តែ​នៅ​តាម​ទីវាល​សាធារណៈ។

មក​ទល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​យល់​​និង​ដឹង​យ៉ាង​ច្បាស់​ថា ការ​ចម្លង​របស់​វីរុស​ Sars-Cov-2 នៃ​ជំងឺ​កូវីដ​១៩ មាន​បី​យ៉ាង ៖

- ការ​ចម្លងតាម​​ខ្យល់​ដោយ​ធាតុ​ល្អិត​ឆ្មារៗ​ខ្ទាត​ចេញតាម​​មាត់តាម​ច្រមុះ​នៅ​វ៉ល់​អណ្តែត​ក្នុង​បរិយាកាសនៃ​ទីកន្លែង​បិទ​ជិត រយៈ​ពេល​ជា​ច្រើនម៉ោង។

- ការ​ចម្លង​តាម​ទឹក​មាត់​ដែលមាន​ផ្ទុក​វីរុស និង​ដែល​ខ្ទាត​ចេញ​​នៅ​ពេល​​និយាយ​ឬ​ក្អក​  ទៅ​ប៉ះ​មនុស្ស​ម្នាក់​ទៀត ដែល​មិន​រក្សា​​គន្លាត​សុវត្ថិភាព​គ្រប់​គ្រាន់។

- ការ​ចម្លង​ដោយ​ការ​ប៉ះពាល់វ​ត្ថុ​មាន​ជាប់​មេរោគ។

ប៉ុន្តែ​ នៅ​ទី​វាល​ ឬនៅផ្នែក​ខាង​​ក្រៅ គេ​សង្កេត​មាន​តែ​ការ​ចម្លង​មួយ​ប្រភេទ​ប៉ុណ្ណោះ នោះ​គឺការ​ចម្លង​តាម​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​នៅ​ពេល​និយាយ​ ឬ​ក្អក។​ ការ​ចម្លង​តាម​ខ្យល់​ មិន​អាច​កើត​មាន​ទេ ព្រោះ​ ​ធាតុល្អិត​ឬ​ចំហាយ​ទឹក​មាត់​​មិន​អាច​នៅ​ផ្តុំតោង​គ្នា​អណ្តែត​ក្នុង​បរិយាកាស​ដែល​មានខ្យល់រហូត​បា​ន​ឡើយ ហើយ​មេរោគ​​ក៏​មិន​អាច​រស់​បាន​យូរ នៅ​លើ​ផ្ទៃ​​នៃ​​វត្ថុ​អ្វី​មួយ ដែល​នៅ​​ហាល​វាល​ ហាលខ្យល់​និង​ហាល​ថ្ងៃ​ បាន​ឡើយ។ ដូច្នេះ​ ការ​ចម្លង​នៅ​តែ​អាច​កើត​មាន​ប្រសិន​បើ​មាន​ការ​ជួប​ជុំ​​គ្នា​ស៊ី​ផឹក​ ព្រោះ​ពេល​នោះ​អ្នក​ផឹក​ស៊ី​ ​មិន​ពាក់​ម៉ាស់ និង​តែង​ភ្លេច​ខ្លួន​រក្សា​គម្លាត​សុវត្ថិភាព។

ហានិភ័យ​សូន្យ​គ្មានទេ ! បើ​តាមការ​សិក្សា​វិទ្យាសាស្ត្រ​ របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ ២០២១ ក្នុង​ទំព័រ​ទស្សនាវដ្តីសុខភាព Journal of Infectious Diseaseបាន​បង្ហាញ​ថា​មានករណី​ឆ្លង​កូវីដ​១៩​ ប្រមាណ​ជិត ​៥% ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំគ្នា​ច្រើន​​នៅ​ទីវាល ដោយ​គ្មាន​ពាក់​ម៉ាស។ ចំណែក​ការសិក្សា​របស់​ចិន​ និង ជប៉ុន​ បាន​សន្និដ្ឋាន​ថា ការចម្លង​​នៅ​ក្នុង​ទីវាល​ទាប​ជាង​ការ​ចម្លង​កូវីដ១៩ នៅក្នុង​ទី​បិទជិត​ដល់​ទៅ ១៨​ដង។

គណនាហានិភ័យ​នៃការ​ចម្លង​ជំងឺ​កូវីដ​១៩ ក្នុង​ទី​បិទ​ជិត

បើ​តាម​អ្នកស្រាវជ្រាវ​​អាមេរិកនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ​ម៉ាសាហ្ស៊ូសេត​ Massachussetts Institute of Technology (MIT)  រយៈ​ពេល​នៃ​ការ​ជួប​​ជុំគ្នា ជា​កត្តា​ដ៏​សំខាន់​មួយ​ទៀត ដែល​មិន​ត្រូវ​មើល​រំលង​ឡើយ ប្រសិន​បើ​គេ​ចង់​កំរិត​ហានិភ័យ​នៃការ​ចម្លងកូវីដ​១៩ នៅ​ក្នុង​ទី​កន្លែង​បិទ​ជិត។ នៅ​ក្នុង​ការ​សិក្សា​ចេញ​ផ្សាយ​កាលពីថ្ងៃ​ទី ១៣​មេសា ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ  PNASអ្នក​ស្រាវជ្រាវ​បាន​ផ្តល់​ ​មគ្គុទេសក៏​​នៃការ​រស់​នៅ​ល្អ សម្រាប់​កាត់​បន្ថយ​គ្រោះ​ចម្លងកូវីដ​១៩។

ដើម្បី​កំណត់​​រយៈ​ពេល​មាន​ហានិភ័យ​នៃការ​ចម្លង​កូវីដ​១៩បាន​ គេ​ត្រូវ​គណនា​តាម​បែប​គណិតវិទ្យា ដោយ​គុណ​គិត​ជាមួយ​នឹង​ទំហំ​នៃ​ទីកន្លែង​បិទ​ជិត​ ចំនួន​មនុស្ស​​ មាន​​​ពាក់​ម៉ាស ឬ​អត់​ពាក់​ និង​អត្រា​ខ្យល់​ធម្មជាតិ​ក្នុង​បន្ទប់​នោះ ព្រមទាំង​សកម្មភាព​របស់​មនុស្ស ថា​កំពុង​ធ្វើ​អ្វី (និយាយ​គ្នា ច្រៀង ឬ​បរិភោគអាហារ)។ នៅ​ក្នុង​ការ​វិភាគ​ គេសន្មត់​ថា​វីរុស​កូវីដ​១៩​ឆ្លង​​តាម​ខ្យល់​ តាម​រយៈ​ចំហាយ​ទឹក​មាត់ ឬ​ធាតុល្អិត​ឆ្មារៗ​ខ្ទាត​ចេញ​មក​តាម​ច្រមុះ ឬ​តាម​មាត់ តោង​អណ្តែត​ក្នុង​ខ្យល់​បរិយាកាសនៃ​ទី​បិទ​ជិត​ ជា​ភ្នាក់ងារ​ចម្លង​មេរោគ​ចម្បង​គេ។  ចំណែកវីរុសកូវីដ​១៩​បំប្លែង​ខ្លួនថ្មី​ (វីរុសអង់គ្លេស​) មាន​សមត្ថភាព​ចម្លង៦០%​លើស​មេរោគកូវីដ​១៩​ដើម។

ជា​ឧទាហរណ៍ នៅ​ក្នុង​ថ្នាក់​រៀន​មួយ មាន​សិស្ស​ ២៥​នាក់ អាយុ​ក្រោម​១៥ឆ្នាំ និយាយគ្នា​ តែ​ពាក់ម៉ាស ថ្នាក់​រៀន​នោះ​មាន​សុវត្ថិភាព​ រយៈ​ពេល​៣៨​ម៉ោង ពីមេរោគ​កូវីដបំប្លែង​ខ្លួន​អង់គ្លេស។

នៅក្នុង​អាហារដ្ឋានមួយ​ដែល​មាន​ មនុស្ស​ធំពេញ​វ័យ​ អាយុ​ពី ១៥-៦៤ឆ្នាំ ចំនួន​១០នាក់ អង្គុយ​ទទួល​ទាន​ និយាយគ្នា ដោយ​គ្មានពាក់​ម៉ាស ហាង​នោះ​​មានសុវត្ថិភាព​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ។ បើ​ភ្ញៀវ​ក្នុង​អាហារ​ដ្ឋាន​ឡើង​ដល់​ ២៥​នាក់ រយៈ​ពេល​សុវត្ថិភាព​ធ្លាក់​មក​ត្រឹម​តែ​៥១​នាទី និង​ត្រឹម​តែ​១៥នាទី បើ​មាន​ភ្ញៀវ​ដល់​១០០នាក់។

នៅក្នុង​ទីអារាម ជា​វិហារ​សាសនា​ដែល​មាន​មនុស្ស​ចាស់​ចាប់​ពីអាយុ​៦៥ឆ្នាំ​ កំពុង​សូត្រ​ធម៌ ដោយ​គ្មានពាក់​ម៉ាស់​វិញ​ រយៈ​ពេល​មាន​សុវត្ថិភាព​មិន​ឆ្លង​កូវីដ​១៩ មាន​តែ​៧​នាទី​ បើ​មាន​​សូត្រ​​១០នាក់​ ៤នាទីបើ​មាន​អ្នកសូត្រ​ធម៌​២៥នាក់ និង​តែ​ពីរនាទី​ប៉ុណ្ណោះ បើ​មាន​យាយតា​នៅ​សូត្រធម៌​ដល់​១០០នាក់។

indoor-covid-safety.herokuapp.comនេះ​ជា​វេបសាយ​ ដែល​លោក​អ្នក​អាច​ចូលទៅ​សាកល្បង​គណនា​អំពី​រយៈ​ពេល​សុវត្ថិភាព ពេលនៅ​កន្លែងបិទ​ជិត​ណាមួយ ដូច​ជា នៅ​ក្នុង​ថ្នាក់​រៀន អាហារដ្ឋាន នៅក្នុ​ង​ផ្សារ វិហារ​សាសនា ការិយាល័យ​ធ្វើការ​ ឬ​នៅ​ក្នុង​យន្តហោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ