អានតួអត្ថបទ
ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ

លោក ហ៊ុន ម៉ាណែត ថាករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រាប់នៅបន្ទាយទាហាន នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងលើកឡើងឡើយ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ។ លោក សម រង្ស៊ី និយាយសំដៅដល់ករណីផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤។

សកម្មភាពរបស់ក្រុមអ្នកដោះមីន ក្រោយផ្ទុះគ្រាប់នៅយោធភូមិភាគ៣
សកម្មភាពរបស់ក្រុមអ្នកដោះមីន ក្រោយផ្ទុះគ្រាប់នៅយោធភូមិភាគ៣ © RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិ ពន្យល់ពីបញ្ហាផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ ដើម្បីជៀសវាងការយល់ច្រឡំរបស់ពលរដ្ឋ ដូចអ្វីដែលត្រូវបានលើកឡើងដោយក្រុមប្រឆាំង ។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ករណីផ្ទុះគ្រាប់នៅបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាការបះបោរកងទ័ព ដូចក្រុមប្រឆាំងលើកឡើងឡើយ។ នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៨មេសា លោក សម រង្ស៊ី បានលើកឡើងថា ករណីផ្ទុះគ្រាប់នេះ គឺជាការផ្ទុះឡើងនៃចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធប្រឆាំងលោក ហ៊ុន សែន។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅប្រទេសន័រវេស លោក ម៉ែន ណាត បាននិយាយប្រាប់សារព័ត៌មានមួយចំនួនថា នៅក្នុងករណីផ្ទុះគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ គេត្រូវមានគណៈកម្មាការឯករាជ្យមួយស៊ើបអង្កេត រកការពិត ព្រោះថា ការផ្ទុះគ្រាប់បែបនេះគឺមិនអាចចេះតែកើតឡើងដោយងាយៗនោះទេ។

បើតាមអ្នកឃ្លាំមើលរូបនេះ មានតែការស៊ើបអង្កេតដោយឯករាជ្យទេ ទើបអាចជម្រះការសង្ស័យពីមូលហេតុពិតប្រាកដនៃការផ្ទុះឃ្លាំងគ្រាប់ដែលបានសម្លាប់យោធាដល់ទៅ២០នាក់ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក។

យោងតាមរបាយការណ៍បឋម របស់កងទ័ពជើងគោក ក្នុងចំណោមឡានទាហានដឹកអាវុធទាំង ៥គ្រឿង មកពីខេត្តកោះកុង មាន១គ្រឿង ត្រូវផ្ទុះឆេះទាំងស្រុង ទាំងរថយន្តនិងទាំងគ្រាប់, ឡាន១គ្រឿងទៀត ខូចខាតធ្ងន់ធ្ងរ ក៏ប៉ុន្តែ គ្រឿងសព្វាវុធ ពុំខូចខាតទេ។ ឡាន ៣ គ្រឿងទៀត នៅមិនទាន់បានដាក់អាវុធចុះនៅឡើយ។ នេះបើតាមរបាយការណ៍ដំបូងរបស់ ឧត្តមសេនីយ៍ឯក យឿន សុខុន នៅប៉ុន្មានម៉ោងក្រោយកើតហេតុផ្ទុះគ្រាប់នៅកំពង់ស្ពឺ។ មន្ត្រីយោធារូបនេះបានឲ្យដឹងដែរថា នៅទីបញ្ជាការភូមិភាគទី៣ មានអគារ ៤ ខ្នងត្រូវឆេះខូចខាតធ្ងន់ធ្ងរ។ ក្នុងចំណោមនោះ មាន ៣ អគារ ជាឃ្លាំងផ្ទុកគ្រាប់ ដែលត្រូវផ្ទុះឆេះខូចខាតទាំងស្រុង ហើយអគារ ១ ខ្នងទៀត ជាកន្លែងស្នាក់នៅ។ ទន្ទឹមនឹងគ្នានេះ ការិយាល័យកន្លែងធ្វើការ របស់ទីបញ្ជាការយោធា ក៏ខូចខាតដែរ ជាអាទិ៍ បែកកញ្ចក់ បាក់ទ្វារ ធ្លុះធ្លាយដំបូល ដោយអន្លើ។

យោងតាមប្រភពមន្ត្រីជាន់ខ្ពស់កងទ័ពជើងគោកដដែល នៅក្បែរៗបន្ទាយយោធាកំពង់ស្ពឺនេះ ផ្ទះសម្បែងរបស់ប្រជាជន ចំនួន ២៥ខ្នង ក៏រងការខូចខាតដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ