អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

អ្នកជំនាញការអាមេរិក៖វត្តមានកងទ័ពចិនលើទឹកដីកម្ពុជាចាប់ផ្តើមជាផ្លូវការ

នាវាចម្បាំងចិនចំនួន២គ្រឿងត្រូវបានប្រទះឃើញនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែកន្លងមក។ រូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានបង្ហាញថា នាវាចម្បាំងចិនចំនួន ២គ្រឿងបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ អ្នកជំនាញការអាមេរិកបានអះអាងថា នេះជាជំហានដំបូងដែលបញ្ជាក់ពីការចាប់ផ្តើមមានវត្តមានកងទ័ពចិនជាផ្លូវការលើទឹកដីកម្ពុជា។

នាវាចម្បាំងចិនពីរគ្រឿង ដែលប្រទះឃើញនៅកំពង់រាមតាំងពីថ្ងៃទី០៣ធ្នូរហូតដល់បច្ចុប្បន្ន
នាវាចម្បាំងចិនពីរគ្រឿង ដែលប្រទះឃើញនៅកំពង់រាមតាំងពីថ្ងៃទី០៣ធ្នូរហូតដល់បច្ចុប្បន្ន © CSIS
ផ្សាយពាណិជ្ជកម្ម

ការចុះផ្សាយរបស់ទស្សនាវដ្តី Newsweek របស់សហរដ្ឋអាមេរិកក្នុងថ្ងៃទី២៦ ខែមេសាដែលបានដកស្រង់សម្តីរបស់លោក Gregory Poling បានឲ្យដឹងថា នាវាចម្បាំងរបស់ចិនចំនួន ២គ្រឿងដែលបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅមិនទាន់ចាកចេញវិញនៅឡើយទេ។ លោក Gregory Poling គឺជាសមាជិកជាន់ខ្ពស់នៃក្រុមអ្នកសញ្ជឹងគិតនៅទីក្រុងវ៉ាស៊ីនតោន ហើយការហ៊ានលើកឡើងដូចនេះដោយលោក Gregory Poling បានសំអាងលើរូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។

សូមរំលឹកថា វត្តមាននាវាចម្បាំងចិនចំនួន ២គ្រឿងនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាក្នុងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហាបញ្ជាក់នាពេលនោះថា ជាការហ្វឹកហ្វឺនរវាងកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកកម្ពុជា។ អ្វីជាការកត់សម្គាល់ ការធ្វើទំនើបកម្មកំពង់ផែរាមបានក្លាយជារឿងចម្រូងចម្រាសខ្លាំងក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាបានវាយកម្ទេចអគារចំនួន ២ខ្នងដែលជាជំនួយរបស់រដ្ឋបាលអាមេរិក។ អាមេរិកបានដាក់ការសង្ស័យថា ទំនើបកម្មកំពង់ផែរាមនឹងក្លាយជាទីដែលកងទ័ពចិនអាចឈរជើងក្នុងទឹកដីកម្ពុជាដែលជាកង្វល់ដល់បញ្ហាសន្តិសុខក្នុងតំបន់។

ទោះជាយ៉ាងណា អតីតប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀ បាញ់ រួមទាំងបណ្តាមន្ត្រីជាន់ខ្ពស់កម្ពុជាតែងចេញមុខអះអាងថា ទំនើបកម្មកំពង់ផែរាមមិនមែនជាសិទ្ធិប្រើប្រាស់ផ្តាច់មុខរបស់កងទ័ពចិនឡើយ។ លោកហ៊ុន សែនធ្លាប់បញ្ជាក់ថា ការអភិវឌ្ឍន៍កំពង់ផែរាមសម្រាប់ទទួលនាវាទាំងអស់ដែលចង់ចូលចត។ តែបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ មាននាវាចម្បាំង ២គ្រឿងរបស់ជប៉ុនមិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែរាមឡើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកម្ពុជាកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ផ្ទុយទៅវិញ នាវាចម្បាំងជប៉ុនទាំង ២គ្រឿងនោះត្រូវបង្វែរឲ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ