អានតួអត្ថបទ

អ្នកឧកញ៉ា គួច ម៉េងលី ស្នើស៊ើបអង្កេតលើក្រុមហ៊ុន CIC រឿងលុយរាប់សិបលានដុល្លារ

អ្នក​ឧកញ៉ា គួច ម៉េងលី បាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ក្រុម​ហ៊ុន ​CIC​ Plc ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ក្លែង​បន្លំ​ប្រាក់​វិនិ​យោគ​រួម​គ្នា​រាប់​សិប​លាន​ដុល្លារ​នៅពេល​កន្លង​មក​នេះ។​ បើ​តាម​អ្នក​ឧក​ញ៉ារូប​នេះ គឺ​មាន​គ្រួសារ ​និង​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​នូវ​ផល​ប៉ះ​ពាល់​ និង​ការ​ឈឺចាប់​ដោយសារ​តែការ​ក្លែង​បន្លំ​របស់​ក្រុម​ហ៊ុន​នេះ​។

អ្នកឧកញ៉ា គួច ម៉េងលី
អ្នកឧកញ៉ា គួច ម៉េងលី © MengLy J. Qouch
ផ្សាយពាណិជ្ជកម្ម

ការ​ចេញមុខ​របស់​អ្នកឧកញ៉ា គួច ម៉េងលី គឺ​ស្របពេល​ដែល​ក្រុម​អ្នក​ដាក់​ប្រាក់​វិនិយោគជាមួយ​ក្រុម​ហ៊ុន CIC Plc បាន​នាំគ្នា​តវ៉ា​តាម​បណ្តាញ​សង្គមជាយូរមកហើយ ប៉ុន្តែហាក់ដូចជាមិនទាន់​មានដំណោះស្រាយ ខណៈ​ លោក ព្រាប កុល កន្លងមក បាន​ចេញ​មុខ​បដិសេធថា លោកមិនបានពាក់ព័ន្ធ​ក្នុង​រឿងនេះទេ។

នៅក្នុងសំណេរទាំងភាសាខ្មែរ និងភាសាអង់គ្លេស​នៅលើ​ហ្វេសប៊ុក នៅថ្ងសទី២៣ខែមីនា ឆ្នាំ​២០២៤ ​អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវ ដោយកាត់ទោសតាមផ្លូវច្បាប់។

 

លោកវេជ្ជបណ្ឌិត គួច ម៉េងលី អះអាងថា ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ខណៈ ឧក្រិដ្ឋជននៅតែមានសេរីភាព ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ។

លោក គួច ម៉េងលី យល់ថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គម ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងថាការវិនិយោគផ្ទាល់ពីបរទេសក៏រងផលប៉ះពាល់កាន់តែខ្លាំង។

 

កាលពីថ្ងៃទី១៥មករា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen បានសរសេរថា លោក ព្រាប កុល ត្រូវបានគេសង្ស័យជាអ្នកទទួលខុសត្រូវធំបំផុត និងជាមេគំនិតនៃប្រតិបត្តិការ យកលុយចេញពីក្រុមហ៊ុន CIC ប្រមាណ ៨០លានដុល្លារ ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លា។

ប៉ុន្តែ ២ថ្ងៃក្រោយមក លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញមុខ​បដិសេធការចោទប្រកាន់នេះ និងឲ្យម្ចាស់ហ្វេសប៊ុក Chivann Pen សុំទោសជាសាធារណៈ។ តែម្ចាស់គណនីរូបនេះបានអះអាងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធក្នុងការកិបកេងលុយជាង៨០លានដុល្លារដោយ លោក ព្រាប កុល។

ប៉ុន្មានថ្ងៃក្រោយមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ដែលមានឈ្មោះពិត យ៉ង់ ប៉ាក់ ត្រូវបាន​ចាប់​ខ្លួន គឺបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង តាមពាក្យបណ្តឹងរបស់លោក ព្រាប កុល ហើយពេលនេះជនជាប់ចោទ​កំពុងស្ថិតក្នុងការឃុំ​ខ្លួនរង់ចាំសវនាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ