យូនីសេហ្វ៖កុមារជាង១៦ម៉ឺននាក់នៅកម្ពុជារងការបង្ខំឱ្យចូលរួមសកម្មភាពផ្លូវភេទ
កុមារអាយុចន្លោះពី១២ ទៅ១៧ឆ្នាំ ប្រមាណ១៦ម៉ឺននាក់ ទទួលរងការគំរាមកំហែងឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ តាមរយៈការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗ។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ខណៈអង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច បើកយុទ្ធនាការឌីជីថល នៅថ្ងៃទី២១ខែមីនា ដើម្បីទប់ស្កាត់ និងការពារ ក្មេងជំទង់ពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានដាក់ការរំពឹងថា យុទ្ធនាការឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលចាប់ផ្តើម កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នឹងជួយកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។
របាយការណ៍ដែលចេញដោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ រួមទាំងអង្គការ យូនីសេហ្វ បង្ហាញថាក្នុងឆ្នាំ២០២២ មានកុមារ ១១ ភាគរយដែលប្រើអ៊ីធើណេត ទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ។
នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា បញ្ជាក់ថា កុមារអាយុចន្លោះពី១២ ទៅ១៧ឆ្នាំ ប្រមាណ១៦ម៉ឺននាក់ បានទទួលរងការគំរាមកំហែងឱ្យចូលរួមពាក់ព័ន្ធសកម្មភាពផ្លូវភេទ តាមរយៈការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗ។
អ្នកនាង អ៊ឹម ស្រីកែវ អ្នកវិភាគមាតិកា និងប្រឹក្សាយោបល់នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថាយុទ្ធនាការឌីជីថលរបស់ យូនីសេហ្វ និងក្រសួងសង្គមកិច្ចនេះ នឹងអាចជួយផ្ដល់ភាពងាយស្រួលដល់ជនរងគ្រោះ ក្នុងការរាយការណ៍ និងបង្កការភ័យខ្លាចដល់ជនល្មើសដែលបំពានសិទ្ធិកុមារ ព្រោះនេះជាបញ្ហាសកលដែលត្រូវធ្វើរួមគ្នា។
បើតាមមន្ដ្រីនៃអង្គការ APLEរូបនេះ នៅកម្ពុជាបច្ចុប្បន្ន កុមារនៅតែរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដោយសារបណ្ដាញសង្គមមួយចំនួនមិនសហការទប់ស្កាត់សកម្មភាពការរំលោភបំពាននេះ ក្នុងនោះ មានតេឡេក្រាម ជាដើម ខណៈយុវវ័យភាគច្រើននិយមប្រើបណ្ដាញសង្គមនេះ ដើម្បីចែករំលែករូបភាព និងវីដេអូអាសអាភាស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ