អានតួអត្ថបទ
កម្ពុជា-សង្គម

តំណាងអយ្យការ៖សមត្ថកិច្ចកំពុងវែកមុខជនល្មើសពាក់ព័ន្ធការទន្រ្ទានដីរដ្ឋជាង២ពាន់ហិកតា

សមត្ថកិច្ចជំនាញ កំពុងបន្តស៊ើបអង្កេតស្វែងរកមុខជនល្មើស ដែលជាប់ពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានព្រៃឈើ ដើម្បីយកដីរដ្ឋជាង២ពាន់ហិកតា នៅក្នុងភូមិភាគឥសាននៃប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ តាមព្រះរាជអាជ្ញារងរូបនេះ ដំណើរការតាមចាប់ជនល្មើសអាចនឹងពិបាក ត្បិតភូមិសាស្ត្រនៃ​ការទន្រ្ទានដីព្រៃឈើនោះធំ និងស្មុគស្មាញ។

ព្រៃឈើរាប់ពាន់ហិកតាក្នុងខេត្តមណ្ឌលគិរីត្រូវបានកាប់បំផ្លាញនិងដុតកម្ទេចចោល
ព្រៃឈើរាប់ពាន់ហិកតាក្នុងខេត្តមណ្ឌលគិរីត្រូវបានកាប់បំផ្លាញនិងដុតកម្ទេចចោល © រដ្ឋបាលខេត្តមណ្ឌលគិរី
ផ្សាយពាណិជ្ជកម្ម

ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី២៣ ខែ មីនា លោក ស៊ាវ ងីណាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ថ្លែងថា ជំហានដំបូង មន្ត្រីជំនាញកំពុងតម្លើងផែនទីកំណត់ទីតាំងដែលត្រូវបានកាប់ទន្ទ្រានដីព្រៃ​ រួមនឹងពិនិត្យពីផលប៉ះពាល់ ខណៈមន្ត្រីជំនាញនឹងបន្តចុះធ្វើប្រតិបត្តិការរាល់ថ្ងៃរហូតអាចគ្រប់គ្រងបទល្មើសបានទាំងស្រុង។

ព្រះរាជអាជ្ញារងរូបនេះបន្តថា សមត្ថកិច្ចក៏កំពុងបើកការស៊ើបអង្កេតរកមុខជនល្មើសមកដាក់ទោសតាមច្បាប់ ទោះបីលទ្ធភាពតាមរកអាចនឹងពិបាកនិងស្មុគស្មាញ ដោយហេតុថា ជនល្មើសបានរត់គេចខ្លួនអស់មុនពេលសមត្ថកិច្ចបានចុះទៅដល់ទីតាំងប្រព្រឹត្តិបទល្មើសនោះ។

គួរជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរីបានចុះបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋរាប់សិបកន្លែងស្ថិតនៅ ឃុំប៊ូស្រា ស្រុក ពេជ្រាដា។ ក្នុងប្រតិបត្តិបង្ក្រាបនោះ សមត្ថកិច្ចបានរាយការណ៍ថា ឈើធំៗលើផ្ទៃដីជាង២ពាន់ហិកតាត្រូវបានក្រុមជនល្មើសកាប់ផ្តួល និងដុតចោល មានផ្សេងហុយពេញអាកាស។

ពលរដ្ឋរស់នៅក្បែរតំបន់នោះ បានដាក់ការសង្ស័យថា អ្នកដែលពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានដីព្រៃខុសច្បាប់នេះមានការជាប់ពាក់ព័ន្ធនឹងបុគ្គលមានអំណាច ពីព្រោះថាទីតាំងកាប់រានដីព្រៃរដ្ឋនោះ មិននៅឆ្ងាយប៉ុន្មានពីប្រជុំជនស្រុកពេជ្រាដាដែលជាបណ្តុំស្ថាប័នកម្លាំងសមត្ថកិច្ចចម្រុះរបស់ស្រុកនោះឡើយ។ 

ជុំវិញយុទ្ធនាការបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់នេះដែរ កាលពីថ្ងៃទី២០ ខែមីនា នៅឯខេត្តពោធិ៍សាត់ កងកម្លាំងចម្រុះបានឃ្លុំដីជាង១៧០០ហិកតា ឃាត់មនុស្សបានចំនួន៣នាក់ និងដកហូតបានរណារយន្តតូចធំចំនួន៤គ្រឿង។ បន្ថែមពីនេះ សមត្ថកិច្ចក៏ដកហូតបានម៉ាស៊ីកាត់ស្មៅ ១គ្រឿង ធុងបាញ់ថ្មាំចាស់១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ២គ្រឿង កាំភ្លើងកែឆ្នៃឆ្នុកចាស់១ដើម អង្គប់១៦ និងអាយកូម២គ្រឿង។

បើយោងតាមការចុះផ្សាយដោយក្រសួងបរិស្ថាន សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ក៏បានរឹបអូសវត្ថុតាងមួយចំនួនទៀតដែរ​ដូចជា ផ្ទះ១ខ្នង ខ្ទមបណ្តោះអាសន្ន២៧ខ្ទម ឈើក្តារ និងគ្រឿងធ្វើផ្ទះចំនួន៣,៥ម៉ែត្រគីប ដំឡូងមី២៧៥០បាច់ រួមនឹងដើមដំឡូងមីចំនួន១,៣៥០បាច់ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ