អានតួអត្ថបទ

លោក ​កឹម សុខា ​ស្នើតុលាការ​ឲ្យ​បន្ធូរ​ការរឹតត្បិត​សេរីភាព​លោក​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ

នៅថ្ងៃ​ទី​២១ ខែ​មីនា ​ឆ្នាំ​២០២៤​នេះ ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើកទី​៥​ លើ​សំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ពាក់ព័ន្ធនឹង​លោក ​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​។ ​ក្រៅពី​បន្ត​សួរនាំ​រឿងធ្វើ​បាតុកម្ម​ដដែល​ៗ ​លោក​ កឹម សុខា​ បានស្នើ​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​ឲ្យបន្ធូរ​ការ​រឹតត្បិត​សេរីភាព​របស់លោក​នៅអំឡុង​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ នេះបើតាម​អ្នក​សង្កេតការណ៍​មកពី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​។

សាលាឧទ្ធរណ៍បើកសវនាការលើកទី៥ លើសំណុំរឿង លោក កឹម សុខា មេដឹកនាំបក្សប្រឆាំង
សាលាឧទ្ធរណ៍បើកសវនាការលើកទី៥ លើសំណុំរឿង លោក កឹម សុខា មេដឹកនាំបក្សប្រឆាំង © សហការី
ផ្សាយពាណិជ្ជកម្ម

លោក ​យី សុខសាន្ត​ មន្ត្រីជាន់ខ្ពស់​នៃអង្គការ​ការពារសិទ្ធិមនុស្ស​អាដហុក​ ដែលបាន​ចូលរួម​ស្តាប់​សវនាការនៅ​សាលាឧទ្ធរណ៍​បានប្រាប់​អ្នកកាសែតថា ​សវនាការ​ពេញមួយព្រឹក​ថ្ងៃទី​២១ ខែ​មីនានេះ​មិនសូវ​មានភាព​ជឿនលឿនទេ ​ព្រោះចៅក្រម​បន្តសួរនាំ​រឿងដដែលៗ​ពាក់ព័ន្ធនឹង​ការធ្វើបាតុកម្ម​នៅផ្លូវ​វេងស្រេង​។ តាម​លោក យី សុខសាន្ត​ ក្រៅពីឆ្លើយនឹង​សំណួររបស់​ចៅក្រម ​លោក កឹម សុខា ​បានស្នើទៅ​​ក្រុមប្រឹក្សា​ជំនុំជម្រះឲ្យ​ផ្តល់សេរីភាពដល់​លោក​បន្តិច​ ដើម្បី​ជួបជុំ​ប្រពន្ធកូន ​និង​ក្រុមគ្រួសារ​នៅរដូវ​ចូលឆ្នាំខ្មែរ​ខាងមុខ​។ តែសំណើ​របស់​លោក កឹម សុខា នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណាពី​សាលាឧទ្ធរណ៍​នៅឡើយទេ​។

ជាមួយគ្នានេះ ​លោកស្រី ​ម៉េង សុភារី ​សហមេធាវី​ការពារក្តីឲ្យ​លោក កឹម សុខា ក៏បាន​ប្រាប់​អ្នកកាសែតដែរ​ថា ​ការសួរ​ដេញដោល​របស់ក្រុមប្រឹក្សា​ជំនុំជម្រះ​បានផ្តោតលើ​រឿងបាតុកម្ម​ ដែលកូនក្តី​របស់​លោកស្រីបាន​ឆ្លើយបំភ្លឺ​អស់ហើយ​នៅដំណាក់កាល​សាលាដំបូង​។

​តាមសហមេធាវី​រូបនេះ​ដដែល ​លោក ​កឹម សុខា ​ទទួលស្គាល់ថា ​លោកបាន​ធ្វើ​បាតុកម្ម​ស្របច្បាប់​នៅទីលាន​ប្រជាធិបតេយ្យ​ ដើម្បីទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​អំឡុងឆ្នាំ ​២០១៤​។ លោកស្រី ​ម៉េង សុភារី បានបន្ថែមថា ​លោក កឹម សុខា ​គ្មានបំណង​ណាមួយធ្វើបាតុកម្ម​ ដើម្បី​បង្កើត​អំពើហិង្សា​ជាលេសក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាលឡើយ។

សូមរំលឹកថា​កាលពីថ្ងៃទី៣ ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានីភ្នំពេញ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹម សុខា ​ឲ្យជាប់​ពន្ធនាគារ​ចំនួន ២៧ឆ្នាំ​ នៅក្នុងផ្ទះ ​ហាមធ្វើ​នយោបាយ​អស់មួយជីវិត ​និងហាម​ទទួលភ្ញៀវណា​មួយ​លើកលែងតែ​សាច់ញាតិ​។ តែលោក​បានបន្ត​ប្តឹង​ឧទ្ធរណ៍ ​ហើយ​សវនាការ​សាលាឧទ្ធរណ៍​បានចាប់ផ្តើមកាលពី​ថ្ងៃទី៣០ ​ខែ​មករា ឆ្នាំ​២០២៤ ​ដោយ​កំណត់ធ្វើឡើង​នៅ ២​សប្តាហ៍ម្តង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ