អានតួអត្ថបទ

កម្ពុជាប្រកាសត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយលោកពូទីន

ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជាលោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតបានប្រកាសត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក វ៉្លាឌីមៀ ពូទីនដែលទើបជាប់ឆ្នោតអាណត្តិថ្មីជាប្រធានាធិបតីរុស្ស៊ី នាការបោះឆ្នោតរយៈពេល៣ថ្ងៃ កន្លងទៅ។ តែ អ្នកវិភាគ  លោក ឯម សុវណ្ណារ៉ា ហាក់មិនបានភ្ញាក់ផ្អើលនឹងលិខិតអបអរលោកពូទីនរបស់កម្ពុជាពេលនេះទេ។

លោក ហ៊ុន សែន និង​ លោក ពូទីន
លោក ហ៊ុន សែន និង​ លោក ពូទីន © AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតចុះថ្ងៃទី១៩  ខែមីនា លោកហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា អស់រយៈពេលជិត  ៧ទសវត្សរ៍ កន្លងមកដែលកម្ពុជា និងរុស្ស៊ីបានរក្សាទំនុក ចិត្តនយោបាយគ្នាទៅវិញទៅមក។ នេះហើយជាអ្វីដែលប្រមុខគណបក្សកាន់អំណាចនៅកម្ពុជាចាត់ទុកជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងរដ្ឋទាំងពីរ និងបានសាយភាយនៅលើគ្រប់ វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងនាមគណបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកពូទីនដែលទើបជាប់ឆ្នោតអាណត្តិថ្មីជាប្រធានាធិបតីរុស្ស៊ី។ ចំណែកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសដូចគ្នាតាមរយៈលិខិតជាភាសាអង់គ្លេស ចេញថ្ងៃទី២០  ខែមីនា។

 

លោក ហ៊ុន ម៉ាណែត មានការជឿជាក់ថា ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។

 គួរកត់សំគាល់ថា ក្រៅពីកម្ពុជា  ការសាទរជ័យជម្នះរបស់លោកពូទីនក៏មានពីប្រទេសផ្សេងដែរ  ពិសេស វៀតណាម និងចិនដែលជាប្រទេសកុម្មុយនិស្តដូចគ្នា។

 

ទោះយ៉ាងណា ការចេញលិខិតអបអររបស់កម្ពុជាទៅកាន់លោកពូទីនត្រូវបានសាស្ត្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ជាការគាំទ្រគ្នាទៅ វិញទៅមករបស់អ្នកកុម្មុយនីស្ត និងអតីតអ្នកកុម្មុយនីស្ត។ តាមអ្នកវិភាគរូបនេះ កម្ពុជាក៏ត្រូវការឱ្យមានការគាំទ្រពីរុស្ស៊ីនៅលើឆាកអន្តរជាតិដែរ គ្រាន់តែថា  កម្ពុជានឹងមិនបានផលចំណេញអ្វីទេក្នុងពេលដែលបស្ចិមលោកមិនដែលគាំទ្ររុស្ស៊ីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ