អានតួអត្ថបទ

គណបក្សកម្លាំងជាតិ៖ការចាប់ខ្លួនលោកមឺ សេងហ៊ ជារូបភាពបំភ័យមុនបោះឆ្នោត

គណបក្សកម្លាំងជាតិបានហៅការចាប់ខ្លួនសមាជិកមា្នក់របស់ខ្លួនកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ ថាជារូបភាពបំភិតបំភ័យ និងបង្កបរិយាកាសនយោបាយអាប់អួនៅក្នុងដំណើរការបោះឆ្នោតអសកលនាពេលខាងមុខ។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សជំទាស់ថ្មី ខណៈដែលលោក មឺ សេងហ៊ ហៅគា វិសាល ដែលត្រូវបានចាប់ខ្លួនក៏ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិនៅខេត្តកំពង់ចាម។

លោក មឺ សេងហ៊ ហៅគា វិសាល និងលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ
លោក មឺ សេងហ៊ ហៅគា វិសាល និងលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ © SUN Chanthy
ផ្សាយពាណិជ្ជកម្ម

 នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ មីនា គណបក្សកម្លាំងជាតិបានអំពាវនាវឲ្យដោះលែងលោក មឺ សេងហ៊ ហៅគា វិសាល ដើម្បីបង្កឲ្យមានបរិយាកាសល្អសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។

គួរបញ្ជាក់ថា លោក មឺ សេងហ៊ ជាអនុប្រធានក្រុមការងារបណ្តោះអសន្នរបស់គណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាមលោក ហេង វុទ្ធីបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ មីនានេះថា សមត្ថកិច្ចខេត្តគ្រាន់តែអនុវត្តទៅតាមដីកាចាប់ខ្លួនដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញតែប៉ុណ្ណោះ។

នៅក្នុងដីកាដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក មឺ សេងហ៊ ហៅគា វិសាល ចូលបំភ្លឺនៅការិយាប្រឆាំងបទល្មើសបច្ចេកវិទ្យា ឲ្យបានមុនថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ ពីបទញុះញង់ឲ្យមានការរើសអើង និងជេប្រមាថជាសាធារណៈ។

 ទោះជាយ៉ាងណា គណបក្សកម្លាំងជាតិតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានចាត់ទុកការចាប់ខ្លួនលោក មឺ សេងហ៊ ហៅ គា វិសាលថាទាក់ទងនឹងរឿងនយោបាយ ខណៈគណបក្សប្រឆាំងថ្មីមួយនេះប្រកាសចូលរួមបោះឆ្នោតអសកលនៅខែឧសភាខាងមុខ។

 បច្ចុប្បន្ននេះ មេដឹកនាំក្បាលម៉ាស៊ីគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធីកំពុងរងបណ្តឹងនៅតុលាការពីបទឆបោកប្រាក់ដោយទាមទារសំណងចំនួន ១២ ៨០០០០០រៀល ឬស្មើប្រមាណជាង៣ពាន់ដុល្លារ។ គឺជាបណ្តឹងដែលធ្វើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនរបស់គណបក្សភ្លើងទៀននៅខេត្តកំពង់ធំ។ ចំណែកលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានតុលាការបង្គាប់ឲ្យសងប្រាក់ពិន័យ២លានរៀលពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» កាលពីឆ្នាំ២០២២ ក្នុងសំណុំរឿងព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ