អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

Nikkie Asia៖ ព្រែកជីកហ្វូណនរបស់កម្ពុជាបង្កផលប៉ះពាល់ដល់ទន្លេមេគង្គ

គម្រោងព្រែកជីកហ្វូនណនតេជោរបស់កម្ពុជា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់លំហូរទឹក និងដីសណ្តរទន្លេមេគង្គ។ នេះបើយោងតាមអះអាងអ្នកជំនាញផ្នែកទន្លេមេគង្គ និងអ្នកជំនាញផ្នែកធនធានទឹករបស់វៀតណាម ដែលចុះផ្សាយដោយកាសែតជប៉ុនNikkie Asia កាលពីថ្ងៃទី១២ ខែមីនា។ ពួកគេ ក៏ស្នើឱ្យកម្ពុជាបង្ហាញព័ត៌មានលម្អិតទៅកាន់ប្រទេសជាសមាជិកនៃគណៈកម្មាធិការទន្លេមេគង្គអំពីលក្ខខណ្ឌបច្ចេកទេស និងការគ្រប់គ្រងផលប៉ះពាល់របស់កម្ពុជាលើគម្រោងព្រែកជីកហ្វូណននេះ។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនដែលជាជំនួយរបស់ចិនត្រៀមបើកការដា្ឋនសាងសង់នាចុងឆ្នាំនេះ ក្តីកង្វល់និងការរិះគន់បានធ្លាក់មកជាហូរហែ។ ជាក់ស្តែងថ្មីៗនេះ កាសែតជប៉ុនNikkie Asia បានសរសេរថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា នឹងជះផលប៉ះពាល់ខ្លាំងដល់លំហូរទឹកទន្លេមេគង្គ ការហូរចូលនៃទឹកប្រៃពីសមុទ្រចូលក្នុងតំបន់ដីសណ្តរទន្លេ និងកង្វះដីល្បាប់ក្នុងទន្លេជាដើម។

ចំណែកអ្នកជំនាញផ្នែកធនធានទឹករបស់វៀតណាមវិញបានអះអាងថា គម្រោងព្រែកជីកនេះ អាចនឹងបង្កការរាំងស្ទះដល់ទឹកជំនន់ធម្មជាតិ ពិសេសធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្ម។ ដោយឡែក ក្រសួងការបរទេសវៀតណាមស្នើឱ្យកម្ពុជាចូលរួមសហការឱ្យបានជិតស្និតជាមួយប្រទេសជាសមាជិក តាមរយៈការចែករំលែកនូវព័ត៌មានស្តីពីផលប៉ះពាល់ដល់ទន្លេមេគង្គដោយធ្វើយ៉ាងណាធានាឱ្យបាននូវផលប្រយោជន៍នៃប្រទេសជាប់ទន្លេមេគង្គ និងពលរដ្ឋក្នុងតំបន់។

ការព្រួយបារម្ភទាំងនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញកត់សម្គាល់ឃើញថា កម្ពុជាមិនបានបង្ហាញឱ្យច្បាស់លាស់នូវព័ត៌មានស្តីពីរបៀបនៃការកាត់បន្ថយផលប៉ះពាល់ដល់ទន្លេមេគង្គ និងផលប៉ះពាល់ពីការបណ្តេញពលរដ្ឋរស់នៅតាមដងព្រែក។ តាមកាសែតNikkie Asia គណៈកម្មាធិការទន្លេមេគង្គ(MRC)បញ្ជាក់ថា ខ្លួនក៏កំពុងស្នើសុំ និងរង់ចាំព័ត៌មានបន្ថែមពីភាគីកម្ពុជាដែរ។

សូមរំលឹកថាកន្លងមកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានចេញមកអះអាងថា គម្រោងនេះនឹងមិនបង្កផលប៉ះពាល់ដល់របបលំហូរទឹកទន្លេមេគង្គ​រួមនឹងទន្លេផ្សេងទៀតនោះទេ។ ក្រៅពីមិនប៉ះពាល់ដល់លំហូរទឹកទន្លេ គម្រោងព្រែកជីកនេះក៏រក្សាបាននូវស្ថិរភាពបរិស្ថានអេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវចម្រុះគ្រប់ប្រភេទ រួមនឹងបង្កើនផលប្រយោជន៍ផ្នែកពាណិជ្ជកម្មរបស់កម្ពុជាទៅថ្ងៃខាងមុខ។ 

ចំណែកលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាវិញយល់ថា វៀតណាមមិនមែនព្រួយបារម្ភរឿងផលប៉ះពាល់ដល់ទន្លេមេគង្គឡើយ។ ផ្ទុយមកវិញ វៀតណាមមិនពេញចិត្តនឹងគម្រោងព្រែកជីករបស់កម្ពុជាដែលវៀតណាមយល់ថា ខ្លួននឹងបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFI លោកបណ្ឌិត សុខ ទូចលើកឡើងថា វៀតណាមតែងកេងចំណេញលើកម្ពុជាគ្រប់រូបភាព ខណៈវៀតណាមខ្លួនឯងមិនដែលផ្តល់ព័ត៌មានពីផលប៉ះពាល់ណាមួយមកកម្ពុជា នៅពេលវៀតណាមអភិវឌ្ឍន៍ព្រែកជីករបស់ខ្លួន។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះនឹងត្រៀមសាងសង់ឡើងនៅចុងឆ្នាំ២០២៤នេះ ក្រោមទុនវិនិយោគសរុបរបស់ចិនប្រមាណ១,៧ពាន់លានដុល្លារ។ ព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្តាល តាកែវ កំពត កែប រួមនឹង ទន្លេមេគង្គ ទន្លេបាសាក់ រហូតដល់សមុទ្រខេត្តកែប៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ