អានតួអត្ថបទ

មន្ត្រី​ជាន់ខ្ពស់​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អូស្ត្រាលី​ទេ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​លោក ​សូ ណារ៉ូ ​បានថ្លែងថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អូស្ត្រាលី​ទេ ​គឺ​គ្រាន់តែ​ធ្វើតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប៉ុណ្ណោះ​។ ការលើកឡើង​របស់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋខ្មែរ​ នៅក្នុង​ប្រទេស​អូស្ត្រាលី ​ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយពី​រដ្ឋាភិបាល​កម្ពុជា​ បានលើកឡើង​ថា​មនុស្ស​របស់​រដ្ឋាភិបាលកម្ពុជា ​បានធ្វើការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អូស្ត្រាលី​។

ពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសអូស្ត្រាលី
ពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសអូស្ត្រាលី © FB
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​កាលពីយប់​ថ្ងៃ​ពុធ ទី០៦ ​ខែ​មីនា ​ឆ្នាំ២០២៤ ​លោក សូ ណារ៉ូ ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ​បានថ្លែងថារដ្ឋាភិបាល​កម្ពុជា និងសមាជិក​គណបក្សកាន់អំណាច​មិនបាន​ជ្រៀតជ្រែកចូល​កិច្ចការផ្ទៃក្នុង​របស់អូស្ត្រាលីទេ​។

ផ្ទុយទៅវិញ​រដ្ឋាភិបាលកម្ពុជា​គ្រាន់តែ​អនុវត្តតាមរដ្ឋធម្មនុញ្ញ ​និងច្បាប់របស់​កម្ពុជាតាមថែរក្សា ​គាំពារពលរដ្ឋខ្មែរ​ទាំងអស់​នៅក្រៅប្រទេស​។ នេះបើតាម​លោក សូ ណារ៉ូ។ ​ដោយសំដៅទៅលើ ​លោក តាក់ ម៉េងហ៊ាន ​តំណាងរាស្ត្រអូស្ត្រាលី​ដើមកំណើតខ្មែរនៃរដ្ឋវិចតូរីយ៉ា ​រដ្ឋមន្ត្រីប្រតិភូរូបនេះ​បញ្ជាក់ថា ​ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​អូស្ត្រាលីលុះត្រាតែ​ពលរដ្ឋខ្មែរនៅក្រៅ​ប្រទេសព្រមលះបង់​សញ្ជាតិខ្មែរ ​ហើយនៅតែមាន​អ្នកតាមទៅ​ទាក់ទងពួកគាត់​ទៀត​។

នៅក្នុង​បទសម្ភាសជាមួយ​សារព័ត៌មាន ក៏ដូចជា​ថ្លែងនៅក្នុង​បាតុកម្មនានាកន្លងទៅ​របស់សហគមន៍​ខ្មែរក្នុងប្រទេស​អូស្ត្រាលី ​លោក តាក់ ម៉េងហ៊ាង ​តែងលើកឡើងថា​រដ្ឋាភិបាលក្រុងភ្នំពេញ​បានបញ្ចូនក្រុមមនុស្ស​របស់ខ្លួនទៅក្នុង​ប្រទេសអូស្ត្រាលី ​ហើយធ្វើសកម្មភាព​ហួសបន្ទាត់ច្បាប់​រដ្ឋាភិបាលសហព័ន្ធ​។ ហួសបន្ទាត់ច្បាប់​តាមរូបភាព​រៀបចំអង្គការចាត់តាំង​នៅតាមរដ្ឋនានា​របស់អូស្ត្រាលី ​ដើម្បីរាយការណ៍​ពីអ្នករិះគន់​រដ្ឋាភិបាល​ក្រុងភ្នំពេញ។ ​នេះបើតាម​លោក តាក់ ម៉េងហ៊ាង​។

សមាជិកសភា​អូស្ត្រាលី​ដើមកំណើតខ្មែរ​រូបនេះ​លើកឡើងថា ​រដ្ឋាភិបាលអូស្ត្រាលី​ក៏បានដាក់​កម្ពុជាជាប្រទេស​ដែលត្រូវពិនិត្យ​មើលនៅក្នុង​បញ្ជីសកម្មភាព​របស់ក្រុមអង្គការ​ចាត់តាំង​ដែលបានទៅធ្វើ​សកម្មភាពនៅក្នុង​ប្រទេស​អូស្ត្រាលីផងដែរ​។

ក៏ប៉ុន្តែលោក​ សូ ណារ៉ូ ​យល់ឃើញថា ​លោក តាក់ ម៉េងហ៊ាង ​គឺជាអ្នក​នយោបាយជ្រុលនិយម​ជំនាន់ថ្មី ក្រោយ​លោក ហុង លីម ​ចូលនិវត្តន៍ ​ដែលសូម្បីតែ​លោក សម រង្ស៊ី ​ក៏មិនហ៊ាន​ដឹកនាំ​បាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដោយផ្ទាល់​នៅអូស្ត្រាលី​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ