អានតួអត្ថបទ

លោករ៉ុង ឈុនថានឹងស្នើទៅរដ្ឋាភិបាលឲ្យចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបឹងតាមោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នឹងដាក់សំណើរទៅរដ្ឋាភិបាលដើម្បីឲ្យចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍សំរោងខាងត្បូងជាប់បឹងតាមមោក។ ការអះអាងបែបនេះរបស់លោក រ៉ុង ឈុន ធ្វើឡើងក្រោយពីលោកចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយពលរដ្ឋរស់នៅក្នុងសហគមន៍សំរោងខាងត្បូងដែលកំពុងមានបញ្ហាដីធ្លី។

លោករ៉ុង ឈុនថានឹងស្នើទៅរដ្ឋាភិបាលឲ្យចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបឹងតាមោក
លោករ៉ុង ឈុនថានឹងស្នើទៅរដ្ឋាភិបាលឲ្យចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបឹងតាមោក © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ជាក់ថា ពេ​លលោកចុះសួរសុខទុក្ខពលរដ្ឋរស់សហគមន៍សំ​រោងខាងត្បូង ពួកគាត់បានត្អូញត្អែរពីផលលំបាកប្រាប់រូបលោកអំពីជីវភាពប្រចាំថ្ងៃ​ ជាពិសេសគឺការរំលោភបំពានដីធ្លី និងការរស់នៅរបស់ពួកគាត់សព្វថ្ងៃ។ តាមលោក រ៉ុង ឈុន ផលលំបាកនេះ រាលដាលទៅដល់ក្មេងៗដែលជាកូនៗរបស់ពួកគាត់ ហើយធ្វើឲ្យកុមារទាំងនេះបាត់បង់ការសិក្សាជាដើម។

នៅចំពោះមុខ ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះដដែលបានអះអាងថា បាននិងកំពុងរៀបចំដាក់សំណើទៅរដ្ឋាភិបាល ដើម្បីស្នើសុំឲ្យចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ អមដោយ​ឯកសារ និងទុក្ខកង្វល់ផ្សេងៗរបស់ពួកគាត់ផងដែរ។

ជាកត់សម្គាល់ ការចុះសួរសុខទុក្ខពលរដ្ឋខាងលើពីសំណាក់លោក រ៉ុង ឈុននេះ ធ្វើឡើងក្រោយពីមានផ្ទុះហេតុការណ៍ប្រតាយប្រតប់គ្នារវាងកងកម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ និងសហ​គមន៍សំរោងខាងត្បូងដែលនៅជាប់បឹងតាមោកកាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ហេតុការណ៍នេះ បន្ទាប់ពីពលរដ្ឋចុះទៅហាមឃាត់អេស្កាវ៉ាទ័រឲ្យបញ្ឈប់សកម្មភាពកាយដីរបស់ពលរដ្ឋដើម្បីធ្វើប្រឡាយបង្ហូរទឹក។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមសង្គមស៊ីវិលដែលរួមមានសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្ដែងការព្រួយបារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង។ តាមសង្គមស៊ីវិល ប្រជាសហគមន៍សំរោងត្បូងបានតាំងទីលំនៅ ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៦ និងដែលបច្ចុប្បន្នមានផ្ទះ៧៦ខ្នង។

ប៉ុន្តែរឿងរ៉ាវពលរដ្ឋរស់សហគមន៍សំ​រោងខាងត្បូងដដែលនេះ ​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំង​អន្តរ​ជាតិ​ថា ពលរដ្ឋ​រស់នៅ​សហគមន៍​សំរោងត្បូង​កំពុងរស់​នៅ​លើ​សំណង់​មិនរៀបរយ​ ទើប​អាជ្ញាធរ​រក​ទីតាំងថ្មី​ដើម្បី​ឲ្យពួកគាត់​រស់​នៅ​សមរម្យ។ តាមលោក ម៉េត មាសភក្ដី ទីតាំង​ថ្មី​នោះនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​តាំង​ចាស់ ពោល​ស្ថិត​នៅបណ្ដោយ​ផ្លូវ១៥១​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ