អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

សមាជិកសភាអូស្ត្រាលី ព្រមានមេដឹកនាំកម្ពុជាមិនឱ្យលូកលាន់សកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅអូស្តា្រលី

សមាជិកសភាសហព័ន្ធអូស្ត្រាលីលោក Julian Hill បានព្រមានមកកាន់មេដឹកនាំកម្ពុជាមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ថា មិនត្រូវធ្វើសកម្មភាពបំភិតបំភ័យដល់ពលរដ្ឋខ្មែរសញ្ជាតិអូស្រ្តាលីដែលកំពុងចេញមកតវ៉ានោះទេ។ ការព្រមានពីសមាជិកសភារូបនេះ ធ្វើឡើងក្រោយពលរដ្ឋខ្មែររស់នៅអូស្ត្រាលីមួយចំនួនអះអាងពីករណីតាមឃ្លាំមើលដោយអ្នកគាំទ្ររបស់បក្សកាន់អំណាច និងក្តីកង្វល់ពីការសងសឹកចំពោះសកម្មភាពតស៊ូមតិរបស់ពួកគេនៅក្រៅប្រទេស។

ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីចេញមកតវ៉ាចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនៅប្រទេសអូស្ត្រាលី
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីចេញមកតវ៉ាចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនៅប្រទេសអូស្ត្រាលី © Internet
ផ្សាយពាណិជ្ជកម្ម

លោក Julian Hill បានថ្លែងប្រាប់សារព័ត៌មានរបស់រដ្ឋាភិបាលអូស្ត្រាលីABC Newsថា ទីភ្នាក់ងារស៊ើបអង្កេតការណ៍សម្ងាត់ និងប៉ូលីសអូស្ត្រាលីកំពុងតាមដានក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងដិតដល់ ដើម្បីឃ្លាំមើលពីសកម្មភាពគំរាមកំហែងទៅកាន់ក្រុមអ្នកតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែតនៅអូស្ត្រាលី។

តាមសមាជិកសភារូបនេះ រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះបុគ្គលណាដែលពាក់ព័ន្ធនឹងការបំភិតបំភ័យក្រុមអ្នកតវ៉ា ដោយលោកយល់ថា ការចេញតវ៉ារបស់សហគមន៍ខ្មែររស់នៅប្រទេសអូស្តា្រលី គឺជាសិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្ម។

ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាមិនបានប្រតិកម្មទៅនឹងអ្វីដែលសមាជិកសភាសហព័ន្ធអូស្ត្រាលីព្រមានឡើយ។ តាមការបញ្ជាក់មកវិទ្យុ​បារាំងអន្តរជាតិRFI​នៅព្រឹកថ្ងៃទី០៤ មីនា លោក ប៉ែន បូណាអះអាងថា ពលរដ្ឋ គាំទ្រវត្តមានរដ្ឋាភិបាលមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងនោះទេ។

ផ្ទុយមកវិញ លោកសង្កេតឃើញក្រុមអ្នកប្រឆាំងវត្តមានរបស់ប្រមុខរដ្ឋាភិបាលទេ ដែលបំពានមកលើក្រុមអ្នកគ្រាំទ្រ និងដោយបានចោទរដ្ឋាភិបាលថា បានជួលមនុស្សមកសម្តែងផង។ ទង្វើទាំងនេះ សម្រាប់លោក ប៉ែន បូណា គឺជាការចោទប្រកាន់ទាំងបំពានដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរអ្នកគាំទ្ររាជរដ្ឋាភិបាល។ តាមអ្នកនាំពាក្យរូបនេះ មានតែរដ្ឋាភិបាលអូស្ត្រាលីប៉ុណ្ណោះដែលដឹងច្បាស់។

សូមរំលឹកថា កាលពីថ្ងៃទី០២ មីនា ប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅប្រទេសអូស្ត្រាលីបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅពីមុខវិមានរដ្ឋសភាអូស្ត្រាលី ប្រឆាំងនឹងវត្តមានរបស់ លោក ហ៊ុន​ ម៉ាណែតដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីដែលចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ មីនា។

កម្មវត្ថុនៃការធ្វើបាតុកម្ម ពលរដ្ឋខ្មែរទាំងនោះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារលទិ្ធប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ និងបើកលំហរសេរីភាពបញ្ចេញមតិនៅកម្ពុជា។

កាលពីយប់ថ្ងៃអាទិត្យ ទី០៣ មីនា លោក ហ៊ុន​ ម៉ាណែតបានជួបសំណេះសំណាលជាមួយសហគមន៍ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់ ដែលពួកគេសុទ្ធសឹងជាអ្នកគាំទ្រលោក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ