អានតួអត្ថបទ

លោក រ៉ុង ឈុន៖ បើត្រូវការចាប់ខ្លួនខ្ញុំគឺមិនចាំបាច់ប្រើកម្លាំងទៅព័ទ្ធផ្ទះខ្ញុំទៀតទេ

លោក ​រ៉ុង​ ឈុន ​បាន​អះអាង​ថា ​ប្រសិន​បើ​តុលា​ការ​ចង់​ចាប់​លោក​គឺ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​សមត្ថិច្ច​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​ទាំង​យប់​ ដូច​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​កក្កដា​ឆ្នាំ​២០២០​នោះ​ទេ​ ដោយ​គ្រាន់​តែ​ចេញ​ដីកា​មួយសន្លឹក ​នោះ​លោក​នឹង​ដើរ​ចូល​ទៅកាន់​ទី​កន្លែង​ណាមួយ​ដែល​តុលាការ​បាន​កំណត់​។​ ការ​ថ្លែង​បែប​នេះ​របស់​អតីត​ទណ្ឌិត​ក្នុង​សំណុំរឿង​ព្រំ​ដែន ​ដោយ​សារ​តែ​​តុលា​ការ​បាន​ព្រ​មាន​ចាប់​បង្ខាំង​រូប​រាង​កាយ​ លោក​ រ៉ុង​ ឈុន ​ប្រសិន​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ទៅតាម​កាល​កំណត់​របស់​តុលា​ការ ខណៈ​លោក ​រ៉ុង ឈុន ​អះ​អាង​ថា ​លោក​ទើប​ទទួល​បាន​ដីកានៅ​ថ្ងៃទី​២៨​កុម្ភៈ​ តែ​ត្រូវ​ដល់​ឱសាន​វាទ​នៅ​ត្រឹម​ថ្ងៃ​ទី​៤​មីនា​។

លោក រ៉ុង ឈុន ពេលចុះមើលបង្គោលព្រំដែនកន្លងមក
លោក រ៉ុង ឈុន ពេលចុះមើលបង្គោលព្រំដែនកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​រូប​នេះ ​គឺ​នៅ​ពេល​ដែល​លោក រ៉ុង​ ឈុន ​បាន​នាំ​យក​ក្រដាស​ប្រាក់​៥០០​រៀល ​និង​១០០រៀល ​ ​សរុប​២​លាន​រៀល ​បង់​ទៅ​ឲ្យ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​១​មីនា​។

 

សូមបញ្ជាក់ថា គណបក្សកម្លាំងជាតិ បានរ៉ៃអង្គាសប្រាក់សរុបចំនួន២លានរៀល បង់ទៅឲ្យសាលា​ដំបូង​រាជធានី​ភ្នំពេញនៅថ្ងៃទី១មីនា ទៅតាមការបង្គាប់​របស់​តុលាការដែលបញ្ជាឲ្យលោក រ៉ុង ឈុន បង់​ប្រាក់​ពិន័យ​ក្នុង​សំណុំរឿងព្រហ្មទណ្ឌ។ អតីតប្រធានសមាគមគ្រូបង្រៀន​រូបនេះ ត្រូវបាន​តុលាការផ្តន្ទាទោស​​ដាក់ពន្ធនាគារ​២ឆ្នាំ​ពីបទ ​«ញុះញង់​បង្កឲ្យមានភាព​វឹកវរដល់​សន្តិសុខសង្គម​» កាលពី​ឆ្នាំ​២០២២  បន្ទាប់ពីលោក​និយាយពីរឿងព្រំដែន​។

 

ការរ៉ៃអង្គាសប្រាក់ជួយ លោក រ៉ុង ឈុន នេះត្រូវបាន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ​ពន្យល់ថា ដោយសារតែ​ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បាន​លះលង់​គ្រប់​បែបយ៉ាង​ដើម្បី​សង្គមជាតិ ប៉ុន្តែលោក រ៉ុង ឈុន នៅសល់​តែសម្បក​ខ្លួនប៉ុណ្ណោះ។

 

អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​បានព្រមានថា ​នឹងចេញដីកា​បញ្ជាឲ្យបង្ខំ ​និងឲ្យ​ឃុំខ្លួន​តាមនីតិវិធី ​ប្រសិនបើ​លោក រ៉ុង ឈុន ​​មិនបានបង់ប្រាក់​ពិន័យចំនួន ២​លានរៀល​ឲ្យបាន​មុនថ្ងៃទី០៤ ​ខែមីនា ឆ្នាំ​២០២៤ ទេនោះ​។

ដីកានេះ ត្រូវបាន លោក​ រ៉ុង ឈុន យល់ថា ​តុលាការហាក់មាន​យុទ្ធសាស្ត្របន្តិច​ព្រោះបានចេញ​តាំងពីថ្ងៃទី​១៩ ​កុម្ភៈ តែបែរជា​ទើបប្រគល់​ឲ្យលោក​ដល់ដៃ​នៅថ្ងៃទី​២៨ កុម្ភៈ​។

គួររម្លឹកថា ​​លោក រ៉ុង ឈុន​ ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​កាលពីយប់​ថ្ងៃទី៣១ខែ​កក្កដា ​ឆ្នាំ២០២០ និងឃុំខ្លួនអស់រយៈពេល ១​ឆ្នាំ ៣ខែ និង១១​ថ្ងៃ ​ពីបទញុះញង់បង្ក​ឲ្យមានភាព​វឹកវរ​ដល់សន្តិសុខ​សង្គម។

ចំណាត់​នេះ គឺ​ក្រោយពីលោក​បានចុះទៅកាន់​ព្រំដែនកម្ពុជា​-វៀតណាម ​ខេត្តត្បូងឃ្មុំ​ ដែលពេលនោះ លោក ​រ៉ុង ឈុន បាន​ចេញសេចក្តីថ្លែងការណ៍​ទៅកាន់សាធារណជន​ថា ការ​បោះបង្គោលព្រំដែន​ថ្មី រវាង​កម្ពុជា-វៀតណាម ​បានចូលដី​កម្ពុជាប្រហែល​៥០០ម៉ែត្រ​។ ប៉ុន្តែគណៈកម្មាធិការព្រំដែនកម្ពុជាបានទាត់ចោលការលើកឡើង​របស់​លោក រ៉ុង ឈុន នាពេលនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ