អានតួអត្ថបទ

តំណាង​អយ្យការ​បង្គាប់ឲ្យ​លោក​ រ៉ុង ឈុន​ បង់ប្រាក់​ពិន័យ​ឲ្យបាន​មុន​ថ្ងៃ​ទី​៤ ​មីនា

កាលពី​ថ្ងៃទី​១៩​ កុម្ភៈ ​ឆ្នាំ ​២០២៤ ​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​បានចេញលិខិត​ជូនដំណឹង​មួយ​ដោយ​បង្គាប់ឲ្យ​លោក ​រ៉ុង ឈុន ​អ្នកនយោបាយ​ជាន់ខ្ពស់​បក្សប្រឆាំង​បង់ប្រាក់​ពិន័យ​ចំនួន​ ២លានរៀល ​(៥០០ដុល្លារ) ​ឲ្យបាន​មុនថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២៤​។ តែគឺទើបនៅថ្ងៃ​ទី​២៨ កុម្ភៈ​ដែលលោក រ៉ុង ឈុន បាន​ទទួលលិខិតនោះ​។ ការបង្គាប់ឲ្យ​លោក រ៉ុង ឈុន ​បង់ប្រាក់​ពិន័យនេះ​ធ្វើឡើង បន្ទាប់ពី​តុលាការផ្តន្ទាទោស​លោក​ដាក់ពន្ធនាគារ​ជាង១ឆ្នាំ​ពីបទ ​«ញុះញង់​បង្កឲ្យមានភាព​វឹកវរដល់​សន្តិសុខសង្គម​» កាលពី​ឆ្នាំ​២០២២​។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ © FB
ផ្សាយពាណិជ្ជកម្ម

អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​បានព្រមានថា ​នឹងចេញដីកា​បញ្ជាឲ្យបង្ខំ ​និងឲ្យ​ឃុំខ្លួន​តាមនីតិវិធី ​ប្រសិនបើ​លោក រ៉ុង ឈុន ​ដែលបច្ចុប្បន្ន​ជាទីប្រឹក្សាគណបក្ស​កម្លាំងជាតិ​មិនបានបង់ប្រាក់​ពិន័យចំនួន ២​លានរៀល​ឲ្យបាន​មុនថ្ងៃទី០៤ ​ខែមីនា ឆ្នាំ​២០២៤ ទេនោះ​។

ឆ្លើយតបទៅនឹង​អយ្យការអមសាលា​ដំបូងរាជធានី​ភ្នំពេញនេះ​ លោក រ៉ុង ឈុន ​បានប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃព្រហស្បតិ៍ ទី​២៩ កុម្ភៈ​នេះថាលោក​មិនទាន់សម្រេចចិត្ត​យ៉ាងណានៅឡើយ​ ដោយរង់ចាំ​ពិគ្រោះយោបល់​ជាមួយមេធាវី ​និង​ក្រុមការងាររបស់​លោកសិន​។

តាមលោក​ រ៉ុង ឈុន ដីការបស់​តុលាការហាក់មាន​យុទ្ធសាស្ត្របន្តិច​ព្រោះបានចេញ​តាំងពីថ្ងៃទី​១៩ ​កុម្ភៈ តែបែរជា​ទើបប្រគល់​ឲ្យលោក​ដល់ដៃ​នៅថ្ងៃទី​២៨ កុម្ភៈ​។ ទីប្រឹក្សា​គណបក្សកម្លាំងជាតិ​រូបនេះ​យល់ថា ​ទង្វើនេះ​ជារូបភាពចាប់បង្ខំ ​ព្រោះវា​កៀកថ្ងៃកំណត់​ដែលត្រូវ​បង់ប្រាក់​។ គួររម្លឹកថា ​ជាប់ចោទ​ពីបទញុះញង់បង្ក​ឲ្យមានភាព​វឹកវរ​ដល់សន្តិសុខ​សង្គម ​លោក រ៉ុង ឈុន​ ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​កាលពីខែ​កក្កដា ​ឆ្នាំ២០២០ ​ក្រោយពីលោក​បានចុះទៅកាន់​ព្រំដែនកម្ពុជា​-វៀតណាម ​ខេត្តត្បូងឃ្មុំ​។

អំឡុង​ពេលនោះ លោក ​រ៉ុង ឈុន បាន​ចេញសេចក្តីថ្លែងការណ៍​ទៅកាន់សាធារណជន​ថា ការ​បោះបង្គោលព្រំដែន​ថ្មី រវាង​កម្ពុជា-វៀតណាម ​បានចូលដី​កម្ពុជាប្រហែល​៥០០ម៉ែត្រ​។ សំណុំរឿងមួយនេះ ​បាន​ដំណើរការចាប់ពី​សាលាដំបូង​រហូតដល់សាលាឧទ្ធរណ៍​ដោយសាលា​ជំរះក្តីទាំងពីរ​ថ្នាក់នេះ​បានដាក់ទោស​លោក រ៉ុង ឈុន​ ឲ្យជាប់ពន្ធនាគារ​រយៈពេល២ឆ្នាំ។​ ក្រោយមក ​ទម្ងន់ទោសនេះ​ត្រូវបានកែមក​នៅត្រឹម ១​ឆ្នាំ ៣ខែ និង១១​ថ្ងៃ និង​ពិន័យជាប្រាក់​ចំនួន ២​លានរៀលវិញ​។

ដូចគ្នាដែរ​ តុលាការកំពូល​នៅខែសីហា ​ឆ្នាំ​២០២២ បានចេញសាល​ដីកាតម្កល់ការ​សម្រេចរបស់​សាលាឧទ្ធរណ៍ ​ហើយទោស​ដែលនៅសល់​ត្រូវព្យូរទោស​សាកល្បងដោយ​កំណត់រយៈពេល​៣​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ