អានតួអត្ថបទ

កម្ពុជា និងម៉ាឡេស៊ី បង្ហាញសុទិដ្ឋិនិយមពីការរីកចម្រើនទ្វេភាគី

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ទស្សន​កិច្ច​របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ​។​ តាម​រយៈទស្សន​កិច្ច​នេះ កម្ពុជា និង​ម៉ាឡេស៊ី បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ឲ្យ​ធំ​ជា​លំដាប់​។​ មាន​ទំហំ​ពាណិជ្ជ​កម្ម​រវាង​គ្នា​ជាង​៦០០​លានដុល្លារ​ក្នុង​មួយ​ឆ្នាំ កម្ពុជា គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​លំដាប់​ទី​៩​ របស់​ម៉ាឡេស៊ី​ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​។

នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងសន្និសីតកាសែត
នាយករដ្មឋន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម 27/2/2024 © Hun Sen
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីប្រកាសព័ត៌មាន  ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី បានលើកឡើងពីគម្រោងចំនួន៣ទៅលោក ហ៊ុន ម៉ាណែត ទី១ បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់  ទី២ គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាស់។

គួរបញ្ជាក់ថា កម្ពុជាជាដៃគូពាណិជ្ជធំទី៩របស់ម៉ាឡេស៊ីនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០  ដោយមានទំហំពាណិជ្ជកម្មជាង៦០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមសារព័ត៌មានម៉ាឡេស៊ី The Star។

តែរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា  លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីនៅតូចនៅឡើយ បើធៀបនឹងទំហំពាណិជ្ជកម្ពុជា-ថៃ ដែលមានជិត ៨ពាន់លានដុល្លារនៅឆ្នាំ២០២២ ដូចគ្នា។

តាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ នេះមកពីកម្លាំងសេដ្ឋកិច្ចកម្ពុជា និងម៉ាឡេស៊ីនៅមិន ទាន់ស៊ីសង្វាក់គ្នាល្អ។ ឧទាហរណ៍ ម៉ាឡេស៊ីពឹងផ្អែកជាពិសេសលើការនាំចេញ ប្រេងដូង និងគ្រឿងអេឡនិកត្រូនិក ខណៈកម្ពុជានៅបន្តពឹងផ្អែកជាពិសេសលើវិស័យកសិកម្ម និងឧស្សាកម្មកាត់ដេរ។

ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា និងម៉ាឡេស៊ីក៏បានអះអាងពីការពង្រីកកិច្ចប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ  និងសន្តិសុខផងដែរ។

ទាក់ទងនឹងវិស័យនយោបាយ ម៉ាឡេស៊ីក្នុងអំណាចរបស់លោក វ៉ាន់ អ៊ីប្រាហ៊ីមដែលជាអតីតមេបក្សប្រឆាំងមានការផ្លាស់ប្តូរជំហមកធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាច្រើនជាងមុន ទោះម៉ាឡេស៊ីធ្លាប់បានអនុញ្ញាតឲ្យអ្នកនយោបាយប្រឆាំងរបស់កម្ពុជាអាចធ្វើសកម្មភាពបាននាពេលកន្លងមកក៏ដោយ។ នេះបើតាម លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យផ្នែកនយោបាយ។

ជាការកត់សំគាល់ មិនមានការធ្វើបាតុកម្មណាមួយប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែតពីសំណាក់សកម្មជនប្រឆាំងរបស់កម្ពុជានៅម៉ាឡេស៊ីក្នុងអំឡុងពេលបំពេញទស្សនកិច្ចក្នុងថ្ងៃទី២៧ កុម្ភៈទេ។ មិនមានបាតុកម្មដោយសារតែសមាជិកបក្សប្រឆាំងរបស់កម្ពុជាមួយចំនួនដែលភៀសខ្លួននៅប្រទេសនេះត្រូវបានប៉ូលិសម៉ាឡេស៊ី ហៅទៅសួរនាំ និងគំរាមចាប់បញ្ជួនមកកម្ពុជាវិញ នៅមុនទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការអះអាងរបស់សកម្មជនបក្សប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ