អានតួអត្ថបទ

កម្ពុជានិងម៉ាឡេស៊ី​ព្រមព្រៀងគ្នា​ពិនិត្យឡើងវិញ​នូវសហប្រតិបត្តិការ​ទ្វេភាគីលើ​វិស័យ​សំខាន់​ៗ

កម្ពុជា និងម៉ាឡេស៊ី ​បានព្រមព្រៀងគ្នាក្នុងការពន្លឿនដំណើរការពិនិត្យឡើងវិញ​នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ​មួយចំនួនតាមរយៈគណៈកម្មការចម្រុះមួយហៅកាត់ថា(JCBC)។ ការព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង​លោកនាយករដ្ឋមន្ត្រីកម្ពុជា ​ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម​ អំឡុងពេលលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅម៉ាឡេស៊ីរយៈពេល១ថ្ងៃក្នុងថ្ងៃអង្គារទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងសន្និសីតកាសែត
នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម់ាណែត និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម © STPM
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានឡើងកាន់អំណាច​កាលពីខែសីហា ឆ្នាំ២០២៣ នេះជាលើកទី១ ដែលនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតបានទៅបំពេញ​ទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនេះ លោក ហ៊ុន ម៉ាណែត ​និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់ វ៉ាអ៊ីប្រាហ៊ីម បានផ្តោតសំខាន់ទៅលើការពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមក។

វិស័យសំខាន់ៗ ដែលលោក អាន់វ៉ា អ៊ីប្រាហ៊ីម​ បានលើកឡើងរួមមាន​បញ្ហាសន្តិសុខស្បៀង កិច្ចសហការក្នុងការ​ស្រាវជ្រាវពាណិជ្ជកម្ម និងវិនិយោគ ​ឧស្សាហកម្មអាហារហាឡាល់ ​សន្តិសុខថាមពល និងបច្ចេកវិទ្យាសិប្បនិម្មិត(AI)ជាដើម។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់នៅក្នុង​សន្និសីទសារព័ត៌មាន​ក្រោយជំនួបទ្វេភាគីថា​ រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ត្រូវបានណែនាំឲ្យកំណត់​ពេលវេលាសម្រាប់កិច្ចប្រជុំ JCBC​ ឲ្យបានលឿនជាងការរំពឹងទុក។

ជាមួយគ្នានេះ ការចុះអនុស្សារណៈយោគយល់គ្នាស្តីពី​ កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ រវាងធនាគារជាតិនៃកម្ពុជា​ និងធនាគាកណ្ដាលម៉ាឡេស៊ី ដែលអាចជួយកាត់បន្ថយបន្ទុកនៃការពឹងផ្អែកតែ​លើប្រាក់ដុល្លារអាមេរិក ក៏ត្រូវបាន​ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច​របស់មេដឹកនាំកម្ពុជា​ នៅម៉ាឡេស៊ីពេលនេះដែរ។

សូមបញ្ជាក់ថាទំហំពាណិជ្ជកម្ម​រវាងកម្ពុជា និងម៉ាឡេស៊ី​នៅឆ្នាំ២០២៣ មាន​ប្រមាណជាង ៦៣០លានដុល្លារ​ ហើយកម្ពុជាជាប់ចំណាត់ថ្នាក់​ជាដៃគូពាណិជ្ជកម្មធំជាងគេទី៩​ របស់ម៉ាឡេស៊ីនៅក្នុង​តំបន់អាស៊ាន។ នេះបើតាមស្ថិតិ​នៃអគ្គនាយកដ្ឋានគយ ​និងរដ្ឋករកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ