អានតួអត្ថបទ

តុលាការ​កំពូល​សម្រេចឲ្យ​សកម្មជន​បឹង​កក់វ័យ​៨៣ឆ្នាំ​រួចពី​បទចោទ​ប្រកាន់

នៅថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤នេះ ​តុលាការ​កំពូល​បាន​សម្រេច​ឲ្យ​សកម្មជន​ដីធ្លីមកពី​សហគមន៍បឹង​កក់​២នាក់ បាន​រួចផុត​ពី​បទចោទប្រកាន់​។​ ​ការសម្រេច​របស់តុលាការ​កំពូលបានធ្វើឡើង​បន្ទាប់ពី​សកម្មជនបឹងកក់​ទាំងពីររូប​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ពីបទ​គំរាម​កំហែង​ថានឹង​សម្លាប់​នៅក្នុង​ខែមីនា ​ឆ្នាំ​២០១២​ទៅលើ​ភាគីម្ខាងទៀត​ដែលជា​សកម្មជនដូចគ្នា​។

តុលាការ​កំពូល​សម្រេចឲ្យ​សកម្មជន​បឹង​កក់វ័យ​៨៣ឆ្នាំ​រួចពី​បទចោទ​ប្រកាន់
លោកយាយ ង៉ែត ឃុន ហៅយាយម៉ាមី ត្រូវតុលាការកំពូលកាត់ឲ្យរួចបទចោទ © LICADHO
ផ្សាយពាណិជ្ជកម្ម

លោកយាយ​ ង៉ែត​ ឃុន​ អាយុ​៨​៣​ឆ្នាំ​(ហៅ​យាយ​ម៉ាមី​) ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​អាយុ​៥​៨​ឆ្នាំ​ ដែលគេស្គាល់ថាជាស្ត្រី ​ដែលតែងតែតវ៉ារឿងវិវាទ​ដីធ្លីនៅបឹងកក់​កាលពីជាង១០​ឆ្នាំមុន ត្រូវបាន​តុលាការ​កំពូលភ្នំពេញ​សម្រេចឲ្យ​រួចពី​បទចោទ​ប្រកាន់។

តាមអង្គការការពារ​សិទ្ធិមនុស្សលីកាដូ ​ការចោទប្រកាន់​នេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​មាន​ក្រដាស​សរសេរ​ជាច្រើន​សន្លឹក​ ​គំរាម​ថា​នឹង​សម្លាប់​អតីត​សមាជិក​សហគមន៍​ម្នាក់ទៀត​ឈ្មោះ​ ​លី​ ​មុំ​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រាយប៉ាយ​នៅ​ខាងមុខ​ផ្ទះ​របស់​នាង​។​ ​អ្នកស្រី​ ​លី​ ​មុំ​ ​បាន​ដាក់ពាក្យបណ្ដឹង​ទៅលើ​សមាជិក​សហគមន៍​បឹង​កក់៦​នាក់​ ​ដែល​ក្នុង​នោះ​រួម​ទាំង​ ​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ផង​ដែរ​។​ ស្រ្ដី​ទាំង​ប្រាំមួយ​នាក់​នោះ​បានបដិសេធការចោទនេះ។

​​​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៦ អ្នកស្រី​ លី ​មុំ​ ​បាន​ដក​ពាក្យបណ្ដឹង​ ក៏ប៉ុន្តែស​មា​​ជិ​ក​សហគមន៍​ទាំង៦នាក់​ ​នៅតែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៨​។ ​ប៉ុន្តែ​ទោសដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៦​ខែ​ត្រូវ​បាន​ព្យួរ​។​

​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​គឺជា​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ​ដែល​ប្ដឹង​សាទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ បន្ទាប់ពីសកម្មជន​បឹងកក់ទាំងពីររូបបានប្តឹងទៅឧទ្ធរណ៍ ហើយឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូង​ទុកជាបានការ​កាលពីខែកញ្ញា ​ឆ្នាំ២០២៣។

សូមរំលឹកថា សមាជិក​សហគមន៍​បឹង​កក់​ បាន​ប្រឈម​នឹង​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ជួល​បឹង​កក់​ ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ឆ្នាំ​​២​០​០​៧​។​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ជាបន្តបន្ទាប់​ ​និង​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​ទាក់ទង​នឹង​ការ​ការពារ​ផ្ទះ​របស់​ពួកគេ​ ​និង​ហ៊ាន​និយាយ​តវ៉ា​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​។​ នេះបើតាមអង្គការលីកាដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ