អានតួអត្ថបទ

ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីចេញសារស្វាគមន៍លោក ហ៊ុន ម៉ាណែត ខណៈក្រុមប្រឆាំងត្រៀមបាតុកម្ម

ដូច​រាល់​ដង​ដែរ​ ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​តែង​ចេញ​សារ​ស្វាគមន៍​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​នៅមុន​ពេល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​មក​ដល់​។​ នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​ចេញ​សារ​ជាបន្ត​បន្ទាប់ ​ស្វាគមន៍​លោក ​ហ៊ុន ម៉ាណែត ​ដែល​នឹង​ទៅ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ ​សប្តាហ៍​ក្រោយ​នេះ។ ពី​ខាង​ក្រុម​ប្រឆាំង​វិញ​ អះ​អាង​ថា ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​សមត្ថកិច្ច​ម៉ាឡេស៊ី ​បន្ទាប់ពី​បាន​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​មេ​ដឹក​នាំ​វ័យ​ក្មេង​របស់​កម្ពុជា​រូប​នេះ​។

លោក ហ៊ុន ម៉ាណែត និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម
លោក ហ៊ុន ម៉ាណែត និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម © ទីស្តីការគណៈរដ្ឋមន្ត្រី
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសាររបស់ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីដែល​ប្រកាស​ស្វាគមន៍​ដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅតាម​តេឡេក្រាម​ជាច្រើន​ថ្ងៃមកហើយ។ ពលរដ្ឋខ្មែរទាំងនោះ មានភាគច្រើនជា និស្សិត ជាអ្នករកស៊ី និងខ្លះជាពលករទៅបម្រើ​ការ​នៅម៉ាឡេស៊ី។ ពួកគេចេញសារខ្លីៗក្នុងទម្រង់ស្រដៀងគ្នា ដោយ​ប្រកាសស្វាគមន៍វត្តមានលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូរបស់កម្ពុជាដែលនឹងទៅម៉ាឡេស៊ីនៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ​២០២៤។

 

ជាការកត់សំគាល់ សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ អះអាងថាពួកគេ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ប្រទេស​នេះ​កោះ​ហៅ​ទៅ​សាកសួរ​ទាក់ទង​គម្រោងធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

បើតាមសមាជិកបក្សប្រឆាំងរបស់កម្ពុជានៅ​ប្រទេស​ម៉ាឡេស៊ី គឺប៉ូលិស​ម៉ាឡេស៊ី​បាន​តាមដាន​សកម្មភាព និង​កំណត់​មុខសញ្ញា ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន និង​ពលករ​ខ្មែរ​ដែល​គ្រោង​ប្រមូលគ្នា​ចេញ​តវ៉ា និង​ដាក់​ញត្តិ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត។

ជាមួយគ្នានោះ ពួកគេអះអាងថា ប៉ូលិស​​ម៉ាឡេស៊ី​ក៏បាន​គំរាម​ឱ្យពួកគេ​លុប​សារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ហ្វេសប៊ុក​ទាំងអស់។ គឺជាសារដែលសកម្មជនទាំងនោះ ប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត សារទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់​មក​លើ​អ្នក​មាន​និន្នាការ​ប្រឆាំង។

 សកម្មជនប្រឆាំងរបស់កម្ពុជា ​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ម៉ាឡេស៊ី ដែល​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​ពិតប្រាកដ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។

​ក្រុមអ្នកតាមដានសង្គម មើលឃើញថា ចំណាត់ការទប់ស្កាត់​របស់ម៉ាឡេស៊ីមិនឲ្យសកម្មជនប្រឆាំង​របស់​កម្ពុជាធ្វើសកម្មភាពនៅពេលនេះ គឺដូចនឹងអ្វី​ដែល លោក ហ៊ុន សែន កន្លងមកអះអាង​ថា ម៉ាឡេស៊ី​បាន​សន្យា​ជាមួយលោកថា មិន​ឱ្យ​ក្រុមប្រឆាំង​របស់​កម្ពុជា​ប្រើប្រាស់​ទឹក​ប្រទេស​នេះ​ ដើម្បីប្រឆាំងនឹង​​រដ្ឋាភិបាលកម្ពុជា​ឡើយ។

បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​ខ្មែរ​ប្រមាណ ៣០​នាក់​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ​មាន​ពីរ​នាក់​ត្រូវ​បាន​​ម៉ាឡេស៊ី​ចាប់ខ្លួន​បម្រុង​បញ្ជូន​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក សេង សៀងលាង និង​កញ្ញា ងឹម គាថា។ តែ​ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ អន្តរាគមន៍នឹង​បាន​បញ្ជូនអ្នកទាំងពីរ​ទៅ​ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ