អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពសកលថ្កោលទោសការចាប់ខ្លួនលោក ជា ចាន់ ដែលប្តឹងដោយថៅកែចិន

សហជីពសកល IndustriALL Global Union បានចេញលិខិតថ្កោលទោសការឃុំខ្លួនលោកជា ចាន់ បេក្ខជនជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ។ លោកជា ចាន់ ត្រូវ បានថៅកែចិនប្តឹងកាលពីខែមករាកន្លងទៅក្នុង បទ «សមគំនិតក្នុងអំពើលួច» សម្ភារៈរោងចក្រកាលពីឆ្នាំ២០២២។ សហជីពសកល IndustriALL Global Union ច្រានចោលចំពោះបទចោទប្រកាន់នេះ និងថា លោក ជា ចាន់ ត្រូវបានចាប់ខ្លួនព្រោះលោកបានបដិសេធទទួលយកការបញ្ចូលឱ្យបោះបង់ការបង្កើតសហជីពនៅរោងចក្រពីថៅកែចិន។  

សហជីពសកលថ្កោលទោសការចាប់ខ្លួនលោក ជា ចាន់ ដែលប្តឹងដោយថៅកែចិន
សហជីពសកលថ្កោលទោសការចាប់ខ្លួនលោក ជា ចាន់ ដែលប្តឹងដោយថៅកែចិន © ប្រភព
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតផ្ញើទៅលោក Chiu Ching TING អគ្គនាយកក្រុមហ៊ុនរោងចក្រវីងស្តារស៊ូ ចុះថ្ងៃទី១៩កុម្ភៈឆ្នាំ២០២៤ សហជីពសកល IndustriALL Global Union ថ្កោលទោសចំពោះការឃុំខ្លួន លោក ជា ចាន់ បេក្ខជនជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រវីងស្តារ ស៊ូ ពីបទ «សមគំនិតក្នុងអំពើលួច» សម្ភារៈរោងចក្រកាលពីឆ្នាំ២០២២។ សហជីពសកលចាត់ទុកបទចោទនេះ ជាបទចោទក្លែងក្លាយដែលថៅកែរោងចក្រវីងស្តារស៊ូ ប្រើដើម្បី «គាបសង្កត់» ក្នុងគោលបំណងរំសាយសហជីពឯករាជ្យក្នុងរោងចក្រតែប៉ុណ្ណោះ។

គួររម្លឹកថា កាលពីខែមករាឆ្នាំ២០២៤កន្លងទៅ កម្មករនិយោជិតនៅរោងចក្រ វីងស្តារស៊ូដែលស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំតំណាងសហជីព ដែលមានលោក ជា ចាន់ ជាប្រធានសហជីព និងកម្មករនិយោជិតចំនួន៩នាក់ផ្សេងទៀត។ សហជីពសកលអះអាងថាពេលនោះ ក្រុមហ៊ុន វីងស្តារស៊ូបានបញ្ចុះបញ្ចូល និងផ្ញើសារបំភិតបំភ័យស្ថាបនិកសហជីពទាំង១០នាក់ ឱ្យ បោះបង់ការបង្កើតសហជីពនៅក្នុងរោងចក្រ។ តែសំណើរបស់ក្រុមហ៊ុន កាលណោះត្រូវបានពួកគេបដិសេធ។  

តំណាងឱ្យកម្មករ៥០លាននាក់ក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរនៅទូទាំងពិភពលោក សហជីពសកល IndustriALL Global Union ទាមទារឱ្យរោងចក្រ វីងស្តារស៊ូ ដោះលែងលោក ជា ចាន់ ឱ្យមានសេរីភាពវិញ និងបញ្ឈប់ជាបន្ទាន់នូវរាល់ការរំលោភសិទ្ធិកម្មករជាមូលដ្ឋាននៅក្នុងរោងចក្រវីងស្តារស៊ូ។ 

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហជីពកម្ពុជារំពឹងថា ការចូលរួមរបស់សហជីព​អន្តរជាតិ​នេះជាការជួយជំរុញដ៏មានប្រសិទ្ធភាពដើម្បីដោះស្រាយអំពើរំលោភសិទ្ធិសេរីភាពសហជីពយ៉ាងច្បាស់។ តាមអ្នកស្រី យ៉ាង សោភ័ណ្ឌ សហជីពកម្ពុជា និងដៃគូពាក់ព័ន្ធកំពុងដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅអ្នកបញ្ជាទិញទាំងអស់របស់រោងចក្រវីងស្តារស៊ូ ដើម្បីឱ្យមានការដោះលែង លោក ជា ចាន់។ 

គួរជ្រាបថា លោក ជា ចាន់ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធធនាគារខេត្តកំពង់ស្ពឺចាប់ពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៤។ នៅថ្ងៃបន្ទាប់ សហព័ន្ធសហជីពកម្ពុជា (CATU) ចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា លោក ជា ចាន់ ត្រូវបានស្នងការនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនយ៉ាងកំរោល ដោយគ្មានប្រាប់ពីមូលហេតុ និង មិនមានបង្ហាញដីការចាប់ខ្លួន។ គឺទើបនៅថ្ងៃទី១៧ខែកុម្ភៈដែលតុលាការបានចោទលោក ជា ចាន់ ពីបទសមគំនិតក្នុងអំពើលួច សំណុំរឿងព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ក្នុងពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ