អានតួអត្ថបទ

រយៈពេល​៣០​ឆ្នាំ ​កម្ពុជា​រំដោះ​ដី​ពី​ចំការ​មីន​បាន​ជាង​៣​ពាន់​គីឡូម៉ែត្រ​ការ៉េ

ចាប់តាំង​ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ​២០២៣ ​ប្រទេស​កម្ពុជា​បាន​ប្រកាសថា ​មាន​ផ្ទៃដី​ចំនួន​ជាង ​៣ពាន់​គីឡូម៉ែត្រ​ការ៉េ​ ត្រូវបាន​បោសសម្អាត​គ្រាប់មីន ​និង​យកទៅ​ប្រើប្រាស់ ​ដើម្បី​បង្កបង្កើន​ផល​។ ​តែ​ប្រទេសនេះ ​នៅតែ​បន្ត​ការងារ​ដោះមីន​បន្ថែមទៀត​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ ​«​កម្ពុជា​គ្មានមីន​ឆ្នាំ​២០២៥​»។​ នេះបើតាម​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​នៅក្នុង​ឱកាស​ខួប​លើកទី​២៥ ​នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ​២៤ ​កុម្ភៈ ​២០២៤​។

គ្រាប់មីន ត្រូវបានអង្គភាពកំចាត់មីន CMAC​រកឃើញ និងបំផ្លាញចោល
គ្រាប់មីន ត្រូវបានអង្គភាពកំចាត់មីន CMAC​រកឃើញ និងបំផ្លាញចោល © CMAC
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​ផ្ទៃដី​ដែល​រំដោះបាន​ពីចំការមីន​ចំនួន​ជាង ​៣​ពាន់គីឡូម៉ែត្រ​ការ៉េ ​៧៦% ​ត្រូវបាន​យកទៅប្រើប្រាស់​នៅក្នុង​វិស័យកសិកម្ម​។ ផ្ទៃដី​៥​% ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​និង​មាន ១៩% ​ត្រូវបាន​យកទៅប្រើប្រាស់​ក្នុងការសាងសង់​លំនៅឋាន ​ភូមិករ ​សាលារៀន ​ឬ​មណ្ឌលសុខភាព​ជាដើម​ដោយប្រជាជន​ជិត​ ១២លាន​នាក់ ​ទទួលផល​ពីដី​គ្មានមីន​ទាំងនេះ​។

តាម​សារលិខិត​ដែលមាន​ចុះហត្ថលេខា​ដោយលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​គ្រាប់មីន និង​គ្រាប់មិនទាន់​ផ្ទុះ​ចំនួនជាង​ ៤លានគ្រាប់ ​ត្រូវបាន​រកឃើញ ​និង​បំផ្លាញចោល​ក្នុងរយៈពេល ​៣១ឆ្នាំ​កន្លងទៅ។​ ក្នុងចំណោមគ្រាប់មីន​ដ៏ច្រើនសន្ធឹកសន្ធាប់​នេះ មីនប្រឆាំង​មនុស្សមាន​ចំនួនជាង ​១,១លានគ្រាប់ ​មីនប្រឆាំង​រថក្រោះ​មានជាង​ ២៦ ០០០គ្រាប់ ​និង​គ្រាប់មិនទាន់ផ្ទុះ​មានជាង ​៣លានគ្រាប់​។

ដោយឡែក​ចំនួនជនរងគ្រោះ​ដោយសារគ្រាប់មីន​បានថយចុះពី​ ៤ ៣២០នាក់ ​ក្នុងឆ្នាំ១៩៩៦​ មកនៅត្រឹម ៣២​នាក់ ក្នុងឆ្នាំ​២០២៣។ ​ជាមធ្យម ចំនួន​អ្នករងគ្រោះ​ដោយគ្រាប់មីន​ធ្លាក់មកនៅក្រោម​ ១០០នាក់ ​ក្នុងរយៈពេល​១០ឆ្នាំ និង​មកនៅត្រឹម​៥០នាក់ ​ក្នុងរយៈពេល​៥ឆ្នាំ​ចុងក្រោយ​។

ទោះយ៉ាងណា ​ដើម្បី​សម្រេចឲ្យ​បាននូវ​ចក្ខុវិស័យ ​«កម្ពុជាគ្មាន​មីនឆ្នាំ​២០២៥» ​ប្រទេសដែល​ញ៉ាំញី​ដោយសង្គ្រាម​ជាច្រើនទសវត្សរ៍​មួយនេះ ​ត្រូវការ​បោសសម្អាត​ផ្ទៃដី ដែលមាន​មីនសេសសល់​ចំនួន ​៥៣៣គីឡូម៉ែត្រ​ការ៉េ និង​សំណល់ជាតិផ្ទុះ ​រួមទាំងគ្រាប់បែក​ចង្កោមជាង ​១៣០០​គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ