អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

Mongabay៖គម្របព្រៃឈើជិត៣ពាន់ហិកតាក្នុងដែនជម្រកបឹងពែរប្រឈមនឹងកាប់បំផ្លាញ

ព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងតំបន់សហគមន៍ជីអោកបឹងព្រៃក្នុងខេត្តព្រះវិហារប្រមាណ ៣១០០ហិកតាអាចនឹងប្រឈមនឹងការបាត់បង់ក្រោមរូបភាពកាប់បំផ្លាញយ៉ាងសកម្មដោយក្រុមហ៊ុនស្វាយចន្ទីរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ។ នេះបើតាមរូបភាពផ្កាយរណប និងការចុះផ្សាយលម្អិតពីកាសែត Mongabay ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ់នៅក្នុងតំបន់សហគមន៍ការពារជីអោកបឹងព្រៃ
ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ់នៅក្នុងតំបន់សហគមន៍ការពារជីអោកបឹងព្រៃ © Gerald Flynn / Mongabay
ផ្សាយពាណិជ្ជកម្ម

 

ក្នុងរយៈពេលមិនដល់ ៣ឆ្នាំ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងតំបន់សហគមន៍ជីអោកបឹងព្រៃក្នុងខេត្តព្រះវិហាររិចរិលកាន់តែខ្លាំងក្រោមការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់លោកអ៊ុក គឹមសាន និងសម្រាប់បើករោងចក្រកែឆ្នៃស្វាយចន្ទីដែលមានឈ្មោះថា សានតាណា អាហ្គ្រោ ( Santana Agro Factory)។ នេះបើតាមការចុះផ្សាយរបស់កាសែត Mongabay នៅថ្ងៃទី២០ កុម្ភៈ។ រោងចក្រស្វាយចន្ទីនេះមានទីតាំងជិតចម្ការកៅស៊ូរបស់អ្នកឧកញ៉ា ទ្រី ភាពដែលធ្លាប់មានទំនាក់ទំនងជាមួយលោកអ៊ុក គឹមសាន មុនពេលលោកឡើងជាអភិបាលរងខេត្តព្រះវិហារ។ 

ប្រជាសហគមន៍រស់នៅក្នុងតំបន់ជីអោកបឹងព្រៃបានប្រាប់ Mongabay ថា រោងចក្រកែឆ្នៃស្វាយចន្ទីរបស់លោក អ៊ុក គឹមសានជាកន្លែងរក្សាទុកឈើដែលកាប់ចេញពីតំបន់ការពារទាំងពីរ មិនថាឈើប្រណិតៗ ឬឈើមិនសូវមានតម្លៃខ្ពស់។ កន្លងមក រោងចក្រដដែលនេះធ្លាប់ត្រូវបានប្រជាសហគមន៍ការពារតំបន់ជីអោកបឹងព្រៃចោទពីបទបានរំលោភយកដីរបស់ពួកគេ និងរកស៊ីខុសច្បាប់តាមរយៈការយកអាជីវកម្មកែឆ្នៃស្វាយចន្ទីបិទបាំងឲ្យការកាប់បំផ្លាញ់ព្រៃឈើ។

មួយវិញទៀត រោងចក្រសានតាណា អាហ្គ្រោរបស់លោក អ៊ុក គឹមសានក៏ធ្លាប់មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការកាប់ឈើ និងរំលោភយកដីខុសច្បាប់ក្នុងតំបន់ការពារទាំងពីរខាងលើ។ បច្ចុប្បន្នជាអភិបាលរងខេត្តព្រះវិហារ លោកអ៊ុក គឹមសានបានបញ្ជាក់ពីការមិនដែលប្រើសិទ្ធិអំណាចទៅធ្វើរឿងខុសច្បាប់ និងថា ក្រុមហ៊ុនរបស់លោកក៏គ្មានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញ់ព្រៃឈើអ្វីដែរ។ តាមលោក គឹមសាន ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ការពារបឹងពែរក្នុងខេត្តព្រះវិហារមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់លោក និងថា លោកច្រានចោលរាល់ការចោទប្រកាន់ទាំងអស់។

វិទ្យុបារាំងអន្តរជាតិបានទូរស័ព្ទសុំការឆ្លើយបំភ្លឺពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេនាព្រឹកថ្ងៃទី២០ កុម្ភៈ តែគ្មានអ្នកទទួល។  

ចំណែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាកត់សម្គាល់ឃើញថាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែនជម្រកសត្វព្រៃបឹងពែរត្រូវបុគ្គលអ្នកមានឥទ្ធិពល ពិសេសអាជ្ញាធរខេត្តនាំគ្នាឈូសឆាយយ៉ាងកំហុក។ លោក គឹមហុងបារម្ភខ្លាំងពីការបាត់បង់ដែនជម្រកសត្វព្រៃដ៏ចំណាស់មួយនេះ ខណៈដែលរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនដើម្បីការពារ។

តាមលោក ហេង គឹមហុង បញ្ហាដែលកើតមានក្នុងដែនជម្រកសត្វព្រៃបឹងពែរជាគំរូអាក្រក់ និងស្តែងឱ្យឃើញពីការកេងចំណេញផលប្រយោជន៍ជាតិរបស់អ្នកមានអំណាចតាមរយៈការបំផ្លិចបំផ្លាញសម្បត្តិជាតិ។

សូមជម្រាបថា ដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីសរុបទំហំជាង២៦ម៉ឺនហិកតា ស្ថិតក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ។ ក្នុងនោះ តំបន់សហគមន៍ការពារជីអោកបឹងព្រៃដែលជាផ្នែកមួយនៃដែនជម្រកបឹងពែរ កំពុងរងការកាប់បំផ្លាញ់ព្រៃឈើច្រើនលើសលប់។ តំបន់សហគមន៍ការពារនេះគឺមានទំហំដៃផ្ទៃសរុប២០៨០ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ