អានតួអត្ថបទ

លោក ឡុង ឌីម៉ង់៖ការឃាត់ខ្លួនសួរនាំអ្នកកាសែតចំនួន៣នាក់ដើម្បីបញ្ចៀសការផ្សាយមិនពិត

អ្នកសារព័ត៌មានសាន្តព្រហ្មចំនួន ៣នាក់ត្រូវបានអធិការនគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុឃាត់ខ្លួនសួរនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យា រួចដោះលែងទៅវិញ។ ការឃាត់ខ្លួនសួរនាំនេះបានធ្វើឡើង ក្រោយពីពួកគេបានចុះទៅយកព័ត៌មានរឿងទំនាស់ដីធ្លីមួយកន្លែងនៅខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថា ការឃាត់ខ្លួនសួរនាំអ្នកកាសែតទាំង ៣រូបគឺដើម្បីបញ្ចៀសការផ្សាយព័ត៌មានមិនពិតតែប៉ុណ្ណោះ។ តែអ្នកធ្វើកិច្ចការងារលើវិស័យសារព័ត៌មានបានចាត់ទុកការឃាត់ខ្លួនសួរនាំនេះជាអំពើខុសច្បាប់។

អ្នកសារព័ត៌មានដែលសមត្ថកិច្ចស្រុកស្ទឹងហាវឃាត់ខ្លួន
អ្នកសារព័ត៌មានដែលសមត្ថកិច្ចស្រុកស្ទឹងហាវឃាត់ខ្លួន © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដែលសមត្ថកិច្ចស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានឃាត់ខ្លួនសួរនាំអ្នកសារព័ត៌មានទាំង ៣រូបដោយសារតែពួកគេបានចុះទៅយកព័ត៌មានរឿងដីធ្លី នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមលោក ឡុង ឌីម៉ង់ ដីនៅតំបន់នោះជាដីសម្បទានសង្គមកិច្ច និងជាកន្លែងធ្វើហេដ្ឋារចនាសម្ព័ន្ធដែលមានប្រជាពលរដ្ឋខ្លះបានទៅចាប់យកដីនៅតំបន់នោះដោយខុសច្បាប់។

អភិបាលរងខេត្តព្រះសីហនុរូបនេះដដែលបានបន្ថែមថា ក្រោយឃាត់ខ្លួន និងសួរនាំ សមត្ថកិច្ចស្រុកស្ទឹងហាវបានឲ្យអ្នកកាសែតទាំង ៣នាក់ធ្វើកិច្ចសន្យាមិនផ្សាយព័ត៌មាននេះ មុនដោះលែងពួកគេវិញ។ លោក ឡុង ឌីម៉ង់បានបញ្ជាក់ទៀតថា ការហាមមិនឲ្យអ្នកសារព័ត៌មានទាំង ៣នាក់ធ្វើការផ្សព្វផ្សាយព័ត៌មាននេះ គឺដើម្បីបញ្ចៀសការផ្សាយខុសការពិតដែលនាំឲ្យមានការភាន់ច្រឡំ។

តែលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានចាត់ទុកការឃាត់ខ្លួនសួរនាំ និងតម្រូវឲ្យអ្នកសារព័ត៌មានធ្វើកិច្ចសន្យាជារឿងផ្ទុយនឹងច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា ៤១ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ ត្រង់ចំណុចនេះ លោកណុប វីបានស្នើឲ្យអាជ្ញាធរសហការជាមួយអ្នកសារព័ត៌មានដើម្បីចុះយកព័ត៌មាន ថតរូប និងផ្សាយព័ត៌មានពិត។

សូមបញ្ជាក់ថា បុរសអ្នកសារព័ត៌មានសាន្តព្រហ្មទាំង ៣នាក់ដែលមានឈ្មោះ ហ៊ុយ ឧត្ដម គង់ កាន និងពាត់ ពន្ធរិនត្រូវបានអធិការនគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុឃាត់ខ្លួនសួរនាំកាលពីថ្ងៃទី១៧ ខែកុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ