អានតួអត្ថបទ

ក្រសួងមហាផ្ទៃ៖បង្រ្កាបល្បែងស៊ីសង១៤៨ករណីក្នុងពេល១សប្តាហ៍

ក្នុងរយៈពេល១សប្ដាហ៍ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់។ ការបង្រ្កាបល្បែងស៊ីសងនេះត្រូវបានគេកត់ សម្គាល់ឃើញថា មានច្រើនករណីនៅក្នុងខេត្តខ្លះ មាន១ករណីនៅក្នុងខេត្តមួយចំនួន និងគ្មាន១ករណីនៅក្នុងខេត្តខ្លះទៀត។

ល្បែងស៊ីសង
ល្បែងស៊ីសង © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

របាយការណ៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា ក្នុងរយៈពេល ១សប្តាហ៍ ពោលពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបើកប្រតិ​បត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់។ ក្នុងចំណោម ១៨៧នាក់ដែលបានឃាត់ខ្លួន មានចំនួន ១៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់។

របាយការណ៍ដដែលបានបង្ហាញទៀតថា ខេត្តបាត់ដំបងបង្ក្រាបបានចំនួន ១៣៦ករណី ខេត្តកំពតចំនួន ៥ករណី ខេត្តតាកែវចំនួន ១ករណី ខេត្តប៉ៃលិនចំនួន ១ករណី និងខេត្តត្បូងឃ្មុំចំនួន ១ករណី។ ចំណែកខេត្តផ្សេងៗទៀតពុំមានករណីលេងល្បែងស៊ីសងឡើយ។

សូមបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត ចេញបទបញ្ជាថ្មីៗនេះឲ្យអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យល្បែងផ្សងសំណាងនៅទូទាំងប្រទេស។ បទបញ្ជានេះត្រូវបានប្រជាពលរដ្ឋសាទរ និងស្នើឲ្យរដ្ឋាភិបាលបិទល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេសតែម្តង។

អ្វីជាការកត់សម្គាល់នៅក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្រ្តី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំមួយចំនួន ដូចជាឲ្យម្ចាស់អាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណត្រូវលើកស្លាកឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា។ ការណែនាំនេះធ្វើឡើងក្រោយសង្កេតឃើញថា ល្បែងផ្សងសំណាងខ្លះលួចបើកដោយគ្មានច្បាប់អនុញ្ញាតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ