អានតួអត្ថបទ

ឪពុកបន្តរកយុត្តិធម៌ឲ្យកូនដែលស្លាប់ក្រោយប្រសូត ខណៈពេទ្យសម្ពពសោភាបន្តមិនទទួលខុសត្រូវ

មន្ទីរពេទ្យសម្ពពសោភាបានរងការចោទប្រកាន់ពីជនរងគ្រោះក្នុងបទអនុវត្តការងារគ្មានវិជ្ជាជីវៈពេទ្យច្បាស់លាស់បណ្តាលឱ្យស្លាប់ទារិកាម្នាក់នៅក្រោយការប្រសូតកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ មន្ទីរពេទ្យសម្ពពសោភាបានចេញមុខ បំភ្លឺនៅថ្ងៃទី១៩ កុម្ភៈនេះថា មរណភាពទារិកាក្រោយប្រសូតនេះបណ្តាលមកពីកូនមានសភាពខ្សោយខ្លាំង។ 

ឪពុកបន្តរកយុត្តិធម៌ឲ្យកូនដែលស្លាប់ក្រោយប្រសូត ខណៈពេទ្យសម្ពពសោភាបន្តមិនទទួលខុសត្រូវ
ឪពុកបន្តរកយុត្តិធម៌ឲ្យកូនដែលស្លាប់ក្រោយប្រសូត ខណៈពេទ្យសម្ពពសោភាបន្តមិនទទួលខុសត្រូវ © សហការី
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាត វិសិដ្ឋ ដែលជាឪពុករបស់ទារិកាស្លាប់ក្រោយសម្រាលនៅមន្ទីរពេទ្យសម្ពពសោភាកំពុងបន្តស្វែងរកយុត្តិធម៌តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងសុខាភិបាល និងបានដាក់ពាក្យស្នើសុំអន្តរាគមន៍ចំនួន ២លើក។ លើកទី១ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៣ និងទី២នៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៤  ថ្មីៗនេះ។ នៅក្នុងលិខិតទាំង៣ដែលវិទ្យុបារាំងអន្តរជាតិទទួលបាន ជនរងគ្រោះបានចោទមន្ទីរពេទ្យសម្ពពសោភាដែលជា ពេទ្យឯកជនពី បទគ្មានវិជ្ជាជីវៈ និងមិនទទួលខុសត្រូវចំពោះការបាត់បង់ជីវិតកូនរបស់លោក។ 

ជនរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា ប្រពន្ធរបស់ខ្លួនបានទទួលសេវាថែទាំផ្ទៃពោះ និងសុខភាពនៅមន្ទីរពេទ្យសម្ពពសោភា វីអាយភី។ រយៈពេលជាង៦ខែនៃការពិនិត្យផ្ទៃពោះនៅទីនោះ លទ្ធផលរបស់អេកូសាស្ត្របាន បង្ហាញពីទារកនិងម្តាយមានសុខភាពល្អ។ បន្ទាប់មកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ប្រពន្ធមានអាការៈធ្លាក់ឈាម និងតម្រូវឱ្យវះកាត់ជាបន្ទាន់។ នៅពេលនោះ លោកបានផ្តឹតមេដៃយល់ព្រមឲ្យវះកាត់នៅមន្ទីរពេទ្យសម្ពពសោភាវេលាម៉ោងជាង ១២កន្លះអធ្រាត្រ។ តែការវះកាត់ត្រូវពន្យារពេលរហូតដល់ម៉ោង ៤ទៀបភ្លឺដោយសារគ្រូពេទ្យវះកាត់ជាប់សម្រាន្ត។ ក្រោយប្រសូត កូនរបស់លោកត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងបានបាត់បងជីវិតនៅទីនោះ ដោយសារមានស្ថានភាពធ្ងន់ធ្ងរពេក។ នេះបើ តាមលោក លោក វ៉ាត វិសិដ្ឋ។ 

នៅក្នុងសំណើអន្តរាគមន៍ទៅកាន់ក្រសួងសុខាភិបាល លោក វ៉ាត វិសិដ្ឋ បានបដិសេធ ដាច់ខាតមិនទទួលយកសំណងជាទឹកប្រាក់ចំនួន២០០០ដុល្លារដែលមន្ទីរពេទ្យសម្ពពសោភាធ្លាប់ផ្តល់ឱ្យដើម្បីបញ្ចប់រឿង។ លោកបន្តអំពាវនាវឱ្យមានការស្រាវជ្រាវ និងស៊ើបអង្កេតម៉ត់ចត់ទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តិខុសវិជ្ជាជីវៈ និងអនុវត្តផ្លូវច្បាប់ចំពោះមន្ទីរពេទ្យសម្ពពសោភា វីអាយភី ។ លើសពីនេះ លោកទាមទារ ឱ្យមន្ទីរពេទ្យសម្ពពសោភា វីអាយភី និងគ្រូពេទ្យដែលលោកចោទថាគ្មានវិជ្ជាជីវៈត្រូវសុំខមាលទោសព្រលឹងរបស់កូនស្រីលោក។ 

តែមកទល់ពេលនេះ មន្ទីរពេទ្យសម្ពពសោភាបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ លោក វ៉ាត វិសិដ្ឋ។ មន្ទីរពេទ្យសម្ពពសោភាបានបំភ្លឺនៅក្នុងលិខិតចុះថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ នេះថា មរណភាពទារិកាក្រោយប្រសូតបណ្តាលមកពីកូនមានសភាពខ្សោយខ្លាំងពេក បូកផ្សំនឹងបរិមាណទឹកភ្លោះម្តាយតិច។ តាមសម្ពពសោភា អ្នកជំងឺបានចូលសំរាកនៅមន្ទីរពេទ្យក្នុងថ្ងៃទី២៥ ឧសភាឆ្នាំ២០២៣ វេលាម៉ោង ២ និង ៣០នាទីទៀបភ្លឺដោយមិនយល់ព្រមទទួលការវះកាត់ភ្លាមៗ។ រហូតដល់ម៉ោងជាង ៤ទៀបភ្លឺទើបទារិកាបានប្រសូតដោយការវះកាត់ និងទទួលបានការសង្គ្រោះភ្លាមៗពីក្រុមគ្រូពេទ្យមានបច្ចេកទេសដោយគ្មានការ យឺតយ៉ាវ។ មន្ទីរពេទ្យសម្ពពសោភាបានលើកឡើងនៅក្នុងសេចក្តីបំភ្លឺដដែលថា ការបញ្ជូនទារិកាទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ឆាធ្វើឡើងក្រោយពីមានរោគវិនិច្ឆ័យត្រឹមត្រូវ និងមានការយល់ព្រមពីជនរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ