អានតួអត្ថបទ

អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំស្ដីពីការបាត់ខ្លួននៅកម្ពុជា

គណៈ​កម្មា​ធិ​ការ​ប្រ​ឆាំង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ នឹង​បើក​សម័យ​ប្រជុំ​លើក​ទី២៦ របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី​១៩ កុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ២០២៤ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ពិនិត្យ​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា និង​ករណី​បាត់​ខ្លួន​នៅ​ប្រទេស​ចំនួន​ពីរ​ទៀត​។​ នេះ​បើ​តាម​សេច​ក្តីប្រកាស​ព័ត៌​មាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ​។

វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលបាត់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី៤មិថុនា២០២០
វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលបាត់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី៤មិថុនា២០២០ © FB
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មិន​បាន​លំអិត​ពី​ករណី​បាត់​ខ្លួន​នៅ​កម្ពុជា​ ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជឿ​ថា ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​២៦​នេះ​ អង្គការ​សហ​ប្រជា​ជាតិ​ នឹង​ពិនិត្យ​លើ​ករណី​បាត់​ខ្លួន​សកម្ម​ជន​សិទ្ធិ​មនុស្ស​ថៃ លោក វ៉ាន់​ឆាឡឺម សាត​ស័ក្តិ​សិទ្ធ​។​ សកម្ម​ប្រឆាំង​ថៃ​រូប​នេះបាន​បាត់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០២០​ បន្ទាប់​ពី​ជន​មួយ​ក្រុម​បាន​ចាប់​បង្ខំ​​ឲ្យ ចូល​ក្នុង​រថយន្ត​មួយ​ដឹក​យក​ទៅ​បាត់ នៅ​មុខ​អគារ​ខុនដូ មេគង្គ ហ្គាដីនក្នុង​ខណ្ឌជ្រោយ​ចង្វារ។

 បើតាម​សេចក្តី​ប្រកាស​ដដែល​ អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​ឯករាជ្យ​ចំនួន​ ១០​នាក់​ នៃ​គណៈកម្មាធិការ​ប្រឆាំងការបាត់​ខ្លួន​ដោយ​បង្ខំ​ នឹង​ពិនិត្យ​ករណី​បាត់ខ្លួន​នោះ ដោយ​អនុវត្ត​ទៅ​តាម​អនុសញ្ញា និង​អនុសាសន៍​ដែល​បាន​ផ្តល់​ដោយ​គណៈកម្មាធិការ ក្នុង​សម័យ​ប្រជុំ​កាល​ពី​ឆ្នាំមុន។ ​គណៈ​កម្មាធិការ​នេះ​បាន​ទទួល​របាយការណ៍​ ដែល​បាន​ដាក់​ជូន​ដោយ​គណៈ​ប្រតិភូ​មក​ពី​បី​ប្រទេស​គឺ​កម្ពុជា បូគីណា ហ្វាសូ និង​​ហុងឌុយរ៉ាស់។ សម្រាប់ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើមប្រជុំមុនគេ នៅ​ថ្ងៃទី​១៩ និង​២០ ខែ​កុម្ភៈ នៅ​ប្រទេស​ស្វីស។

កាលពីរំឭកខួប៣ឆ្នាំ​នៃការ​បាត់​ខ្លួន​សកម្មជនថៃអាវក្រហម កាលពីថ្ងៃទី៤មិថុនាឆ្នាំ២០២៣ ក្រុម​សកម្មជនចំនួន២១នាក់​ដែលពាក់ស្រោម​មុខ​រូបវ៉ាន់ឆាឡឺម នៅតែ​បន្ត​ស្នើ​អាជ្ញាធរកម្ពុជាបន្តការស៊ើបអង្គេតពីការបាត់ខ្លួននេះ និង​ផ្តល់​យុត្តិធម៌​នៅក្នុងករណីនេះ។

ជាការ​ឆ្លើយតបអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃកម្ពុជា បានអះអាងថា សមត្ថកិច្ច​កម្ពុជា​នៅមិនបិទ​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿងនេះនៅឡើយ ខណៈអាជ្ញាធរក៏​យល់ថា ​ការ​បាត់​ខ្លួន​នេះអាចជារឿងនយោបាយ។

សូមបញ្ជាក់ថា វ៉ាន់ឆាលឺម ដែលបាត់​ខ្លួន​នៅអាយុ៣៧ឆ្នាំ ត្រូវ​គេ​ស្គាល់​ថា​ជាសកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប ដែល​ហ៊ាន​រិះគន់​វាយ​ប្រហារ​ដោយ​ចំ​ៗ​ទៅលើ​រដ្ឋាភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក ប្រាយុទ្ធ ចាន់អូឆារ​។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោកវ៉ាន់ឆាលឺម​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយ​មក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ ក្រោម ការចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹង​​បទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

មួយ​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ពង្រត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា លោក​វ៉ាន់ឆាលឺម បាន​បង្ហោះ​នូវ​វីដេអូ​ដ៏​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ខ្លឹមសារជេរ​ប្រមាថ​អតីតនាយករដ្ឋ​មន្ដ្រី​ថៃ ​ប្រាយុទ្ធ ចាន់អូឆារ ថា​ជា​មេ​ដឹក​នាំ​ដែល​ល្ងង់​ខ្លៅ បាន​តែ​និយាយ តែ​ដឹក​នាំ​ប្រទេស​មិន​កើត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ