អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមហ៊ុនផលិតស្រាបៀររួមគ្នាប្តេជ្ញារឹតបន្តឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ក្រុមហ៊ុនផលិតស្រាបៀរក្នុងប្រទេសកម្ពុជារួមគ្នាចេញសេចក្តីថ្លែងការណ៍បេ្តជ្ញាលើកកម្ពស់វប្បធម៌ពិសារគ្រឿងស្រវឹងដោយទំនួលខុសត្រូវខ្ពស់។ កម្មវត្ថុចម្បងរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង គឺទប់ស្កាត់ការពិសារគ្រឿងស្រវឹងក្នុងបរិមាណលើសលុបហួសកម្រិត និងទប់ស្កាត់ការបង្កហានិភ័យណាមួយ។ ការបេ្តជ្ញារួមគ្នារបស់វិស័យឧស្សាហកម្មគ្រឿងស្រវឹងពេលនេះធ្វើឡើងក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ភាគច្រើន បង្កឡើងដោយអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹងជោកជាំ។

ស្លាកប៉ាណូស្រាបៀរដាក់ជិតគ្នានៅម្តុំស្ពានអាកាសចោមចៅ
ស្លាកប៉ាណូស្រាបៀរដាក់ជិតគ្នានៅម្តុំស្ពានអាកាសចោមចៅ © Phnom Penh Post
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាចេញផ្សាយថ្ងៃទី១០ កុម្ភៈ ក្រុមហ៊ុនផលិតស្រាបៀរចំនួន២០សម្រេចអនុវត្តនូវសកម្មភាពចំនួន៣ រួមមាន ការទទួលខុសត្រូវលើផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដោះស្រាយបញ្ហាអាយុទទួលទានគ្រឿងស្រវឹង និងការគាំទ្រគំនិតផ្តួចផ្តើមស្តីពីសុវត្ថិភាពចរាចរណ៍ក្នុងការកាត់បន្ថយឧបទ្ទវហេតុបង្កដោយឥទ្ធិពលនៃគ្រឿងស្រវឹង។

ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវបានក្រុមហ៊ុនផលិតស្រាបៀរបញ្ជាក់ថា ពួកគេនឹងបង្កើតក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដោយទំនួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងពីបណ្តាក្រុមហ៊ុនហត្ថលេខីទាំងអស់។ ក្នុងនោះ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មមិនត្រូវលើកទឹកចិត្ត ឬអូសទាញអ្នកប្រើប្រាស់ឱ្យពិសារលើសកម្រិតទេ។

ចំណែកការកំណត់អាយុទទួលទានគ្រឿងស្រវឹងវិញ ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅកម្ពុជាកំពុងពិភាក្សាពីកិច្ចការពារអនីតិជនអាយុក្រោម១៨ឆ្នាំ រួមនឹងបន្តរឹតបន្តឹងគោលការណ៍ស្តីពី ការពិសារគ្រឿងស្រវឹង សូមកុំបើកបរ ឱ្យបានម៉ត់ចត់ជាងមុន។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាសាទរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅកម្ពុជា។ តែអ្វីដែលលោកចង់បាន គឺស្នើឱ្យក្រុមហ៊ុនផលិតស្រាបៀរមានឆន្ទៈអនុវត្តនូវសកម្មភាពផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងស្រវឹងឱ្យជាប់ជាប្រចាំ រួមនឹងការដាក់ចេញនូវយុទ្ធនាការទប់ស្កាត់ការពិសារស្រាដោយខ្វះការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ លោកមិនចង់ឃើញការអនុវត្តតែមួយឆាវឱ្យល្អមើលដែលគ្មានប្រសិទ្ធិភាពយូរអង្វែង។

សូមជម្រាបថា ទីផ្សារស្រាបៀរកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៣ ដោយរកប្រាក់ចំណូលបានចំនួន ១, ៣៦០ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Ziemann Holvrieka។ ដោយឡែក តាមការស្រាវជ្រាវមួយផ្សេងទៀតរបស់ក្រុមហ៊ុនជប៉ុនឈ្មោះថា Kirin ពលរដ្ឋខ្មែរម្នាក់បានផឹកស្រាបៀរជាមធម្យមចំនួន ៧២លីត្រក្នុងមួយឆ្នាំ។ បើគិតជាលុយ ពលរដ្ឋខ្មែរត្រូវចំណាយប្រាក់ប្រមាណជា ២៣០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់តែស្រាបៀរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ