អានតួអត្ថបទ

ក្រសួងសុខាភិបាល៖ជំងឺ​ផ្តាសាយបក្សី​ប្រភេទ H5N1 សម្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​៩ឆ្នាំ

ក្រសួងសុខាភិបាលបាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃទី៩ ខែកុម្ភៈនេះ​ថា មាន​ស្លាប់ក្មេងប្រុសម្នាក់អាយុ៩ឆ្នាំដោយសារជំងឺផ្ដាសាយបក្សីប្រភេទ(H5N1) កាលពីថ្ងៃទី៨ ខែកុម្ភៈ។ មរណៈភាពក្មេងប្រុសម្នាក់នេះ​កើត​ឡើង​បន្ទាប់​អ្នកផ្ទះបាន​យកមាន់ ទាងាប់ចំនួន​៨​ក្បាល​ទៅ​ធ្វើ​ម្ហូប។ នេះ​ជា​ករណីគ្រោះថ្នាក់​លើកទី១ ក្នុង​ឆ្នាំ ២០២៤ តែ​បើ​រាប់​តាំង​ពីឆ្នាំ ២០២៣ ក្មេងប្រុសម្នាក់នេះជា​មនុស្សទី៤ ដែលបានស្លាប់ដោយ​ជំងឺ​ផ្លូវដង្ហើម H5N1។ 

រូបតំណាងៈជំងឺផ្តាសាយបក្សីប្រភេទ H5N1 សម្លាប់ក្មេងប្រុសម្នាក់អាយុ៩ឆ្នាំម្នាក់ទៀតកាលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤នៅខេត្តក្រចេះ
រូបតំណាងៈជំងឺផ្តាសាយបក្សីប្រភេទ H5N1 សម្លាប់ក្មេងប្រុសម្នាក់អាយុ៩ឆ្នាំម្នាក់ទៀតកាលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤នៅខេត្តក្រចេះ © Internet
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលបានអះអាងថា ទោះមានការយកចិត្តទុកដាក់ថែទាំ និង​ជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចជួយក្មេងប្រុសម្នាក់នេះបានដែរ។ មិន​អាច​ជួយ​បាន​ព្រោះស្ថានភាពរបស់គេធ្ងន់ធ្ងរខ្លាំងពិបាកដកដង្ហើម ហត់ ក្អក សន្លប់រហូតដល់ស្លាប់។ ​​ក្រោយពីការស្លាប់ក្មេងប្រុសម្នាក់នេះ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងក្រសួងបរិស្ថានកំពុងធ្វើការរួម​គ្នា​យ៉ាងសកម្មស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

 

នៅចំពោះមុខការស្លាប់ជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នជានិច្ចព្រោះជំងឺផ្ដាសាយបក្សី(H5N1)នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជន។ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អកហៀរសំបោរ ពិបាកដកដង្ហើម ឬមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយទាមាន់ឈឺ ឬងាប់ គឺ កុំចេញទៅទីប្រជុំជនដែលមានមនុស្សច្រើន។

 

ក្រសួងលើកឡើងថា តាម​ធម្មតា ជំងឺផ្តាសាយបក្សី H5N1​បានចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត។ តែ​ពេល​ខ្លះ វា​អាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។

 

គួរ​រម្លឹក​ថាចាប់តាំងពីដើមឆ្នាំ២០២៣ មក អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន៤ករណី ក្នុង​នោះ ករណីទីមួយកើតលើក្មេងស្រីអាយុ១១ឆ្នាំក្នុងខេត្តកណ្តាល ករណីទីពីរកើតលើក្មេងស្រីអាយុ ២ឆ្នាំក្នុងខេត្តព្រៃវែង ករណីទីបីកើតលើបុរសអាយុ ៥០ឆ្នាំក្នុងខេត្តព្រៃវែងដដែល និងករណីចុងក្រោយកើតលើក្មេងប្រុសអាយុ៩ឆ្នាំក្នុងខេត្តក្រចេះ។  ​

បើគិតក្នុងករណីស្លាប់ចុងក្រោយនេះ កម្ពុជាបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1សរុបចំនួន៥៩ករណីឆ្លងលើមនុស្ស ក្នុងនោះមានស្លាប់ចំនួន៤០នាក់គិតតាំងពីឆ្នាំ២០០៥ ដែលកម្ពុជារកឃើញករណីឆ្លងដំបូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ