អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យពិនិត្យឡើងវិញលើការផ្សព្វផ្សាយគ្រឿងស្រវឹង

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិនិត្យ​ឡើង​វិញ​ អំពី​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​ពិសេស​ការ​ផ្សាយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​តាម​ទី​សាធារណៈ ​ដោយ​ត្រូវ​ឲ្យ​កម្រិត​ឲ្យ​បាន​សម​រម្យ​។​ វិធានការ​នេះ បើ​តាម​ប្រមុខ​រដ្ឋាភិបាល ​គឺ​ជា​ការ​រួម​ចំ​ណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​អ្នក​បើក​បរ​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រ​វឹង​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © RFI
ផ្សាយពាណិជ្ជកម្ម

បទ​បញ្ជា​ផ្ទាល់​មាត់​របស់​លោក ​ហ៊ុន​ ម៉ាណែត ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅថ្ងៃ​ទី​២​កុម្ភៈ​ឆ្នាំ​២០២៤ ​ដោយ​ប្រមុខ​រដ្ឋា​ភិបាល​ក៏​បាន​ណែនាំ​ដល់​ក្រសួងព័ត៌​មាន​សហការ​ជា​មួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាណិជ្ជ​កម្ម​ ដឹក​នាំ​បង្កើត​ក្រម​ប្រតិបត្តិ​មួយ​ជាក់​លាក់​ដើម្បី​អនុវត្ត​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។

 

សម្រាប់ លោក យង់ គឹមអេង លើសពីការត្រួតពិនិត្យការផ្សាយពាណិជ្ជកម្ម រដ្ឋាភិបាល​គួរតែទម្លាក់​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹងដែលកំពុងរីកដុះដាលនោះចេញឲ្យអស់ពីទីសាធារណៈ នោះទើបទទួលបានការ​សារទពីពលរដ្ឋ។

បើតាម នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ការពន្លឿនចេញច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងការតម្លើងពន្ធលើគ្រឿងស្រវឹង ក៏ជាកត្តាចាំបាច់ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ផងដែរ។

 

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បានកើនឡើងគួរឲ្យកត់សម្គាល់នាដើមឆ្នាំ២០២៤នេះ។

ករណីថ្មីៗមួយ គឺមានមនុស្ស៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រង់ស្ពានឬស្សីកែវ កាលពីយប់ថ្ងៃទី២០ខែមករា ដែលបង្កឡើងដោយបុរសម្នាក់ជាមន្ត្រីក្រសួងសេដ្ឋកិច្ច។ សមត្ថកិច្ចរកឃើញថា បុរសវ័យ៥៦ឆ្នាំរូបនោះ បើកបរដោយមានជាតិស្រវឹង០.៥៤mg/L។

ករណីនេះត្រូវគេទម្លាក់កំហុសលើកការទឹកចិត្តឲ្យមនុស្សងប់ងល់នឹងការ​សេពគ្រឿងស្រវឹង តាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈ។

 

បើតាម លោក យង់ គឹមអេង ថ្វីបើប្រាក់​ចំណូលរបស់​ក្រុម​ហ៊ុន​គ្រឿង​ស្រវឹងមាន ១ ៣៦០ លានដុល្លារក្នុងមួយឆ្នាំ ​តែ​ចំណូលចូលរដ្ឋបានតែជាង២០០លានដុល្លារប៉ុណ្ណោះ។ លោកថា បើ​ធៀប​នឹង​ការ​ខាត​បង់​ដោយសារតែ​គ្រោះថ្នាក់​បណ្តាលមកពីគ្រឿង​ស្រវឹង​មានរហូតដល់ជាង៥០០លានដុល្លារឯណោះ។ នេះនៅមិនគិតដល់គ្រោះថ្នាក់ដល់សុខភាព នាំឲ្យកើតជំងឺច្រើនមុខ​ដោយសារតែ​ការសេពគ្រឿ​ង​ស្រវឹង​ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ