អានតួអត្ថបទ
កម្ពុជា-បារាំង

រដ្ឋមន្ត្រីសុខាភិបាលទទួលមេដាយខ្ពស់បំផុតពីរដ្ឋាភិបាលបារាំង

នៅថ្ងៃព្រហស្បតិ៍ទី១ កុម្ភៈ រដ្ឋាភិបាលបារាំងតាមរយៈស្ថានទូតប្រចាំទីក្រុងភ្នំពេញ បានប្រគល់គ្រឿងឥស្សរិយយសដល់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ការប្រគល់មេដាយដល់រដ្ឋមន្ត្រីសុខាភិបាលកម្ពុជារូបនេះដោយបារាំងយល់ថា លោក ឈាង រ៉ា បានរួមចំណែកនៅក្នុងទំនាក់ទំនងផ្នែកសុខាភិបាល រវាងបារាំងនិងកម្ពុជា។

រដ្ឋមន្ត្រីសុខាភិបាលទទួលមេដាយខ្ពស់បំផុតពីរដ្ឋាភិបាលបារាំង
រដ្ឋមន្ត្រីសុខាភិបាលទទួលមេដាយខ្ពស់បំផុតពីរដ្ឋាភិបាលបារាំង © France au Cambodge
ផ្សាយពាណិជ្ជកម្ម

គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោយនើរ ថ្នាក់អស្សឫទ្ធិ ត្រូវបានឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេបំពាក់ជូនលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយផ្ទាល់ នៅក្នុងបរិវេណស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ការបំពាក់គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោយនើរ ថ្នាក់អស្សឫទ្ធិ ជូនរដ្ឋមន្ត្រីសុខាភិបាលទើបឡើងអាណត្តិនេះដោយសារលោក ឈាង រ៉ា មានស្នាដៃនៅក្នុងទំនាក់ទំនងស្អិតរមួតរវាងបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិបាល។ វិស័យសុខាភិបាល ដែលលោក ឈាង រ៉ា បានបំពេញតួនាទីនៅមន្ទីរពេទ្យកាល់ម៉ែត្រ រយៈពេលជាង២៥ឆ្នាំកន្លង ទៅ។ 

តាមលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ឈាង រ៉ា ជាតួអង្គសំខាន់ម្នាក់នៅក្នុងជោគជ័យនៃវិស័យសុខាភិបាលកម្ពុជា តាមរយៈការខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា វិស័យសុខាភិបាលកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានគ្រូពេទ្យមានបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្ត្រ។

លោក ឈាង រ៉ាបញ្ជាក់ថា ការទទួលបានមេដាយពីបារាំងពេលនេះជាលទ្ធផលរួមនៃការប្រឹងប្រែងរវាងបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិបាលខ្មែរ។ រដ្ឋមន្ត្រីសុខាភិបាលថ្មីរូបនេះក៏សង្ឃឹមថា បារាំងនឹងបន្តជួយកម្ពុជាក្នុងវិស័យសុខាភិបាលជាបន្តទៀត។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោយនើរ ថ្នាក់អស្សឫទ្ធិ ដែលលោក ឈាង រ៉ា ទទួលបាន គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តមបំផុតរបស់បារាំងដែលបង្កើតឡើងនៅឆ្នាំ១៨០២ ដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត។ បើតាមភាគីបារាំង គ្រឿងឥស្សរិយយសនេះត្រូវ បានបារាំងប្រគល់ជូនជនបរទេសដែលបំពេញការងារសម្រាប់បារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលបារាំងការពារ។

គួរជម្រាបថា ក្រៅពីលោក ឈាង រ៉ា នៅមានមន្ត្រី និងឥស្សជនខ្មែរផ្សេងទៀត ដែលទទួលបានមេដាយ និងគ្រឿងឥស្សរិយយសពីប្រទេសបារាំង រួមមាន លោក ម៉ក់ រ៉េមីហ្សា អ្នកថតរូបអាជីព លោកស្រី នាង ផល្លា គ្រូបង្រៀនកុមារគថ្លង់ និងលោកស្រី ព្រំ សេងដែលជាចុងភៅស្ថានទូតបារាំង។ ល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ