អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត ព្រមានដកមន្ត្រីពុករលួយរំលោភយកដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី៣០មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានព្រមានដកតំណែងមន្ត្រីពុករលួយណាដែលឃុបឃិតជាមួយជនទុច្ចរិតរំលោភយកដីអភិរក្សនៅបឹងទន្លេសាប។ ទន្ទឹមគ្នានេះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តទាំង៦នៅតាមបឹងទន្លេសាបពង្រឹងការគ្រប់គ្រងដីអភិរក្សនោះឡើងវិញ ដោយសុក្រិត្យភាពនិងប្រសិទ្ធភាព។

លោក ហ៊ុន ម៉ាណែត ព្រមានដកមន្ត្រីពុករលួយរំលោភយកដីអភិរក្សនៅបឹងទន្លេសាប
លោក ហ៊ុន ម៉ាណែត ព្រមានដកមន្ត្រីពុករលួយរំលោភយកដីអភិរក្សនៅបឹងទន្លេសាប © អាជ្ញាធរទន្លេសាប Tonle Sap Authority
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីពុករលួយ ដែលរួមគំនិតទន្ទ្រានយកដីអភិរក្សនៅបឹងទន្លេសាប។ សម្រាប់លោក ហ៊ុន ម៉ាណែត ការប្រើអំណាចចុងប៊ិចជារឿងចាំបាច់ដើម្បីទប់ស្កាត់ការរំលោភទន្ទ្រានយកដី ដែលមិនត្រឹមតែបំផ្លាញជីវៈចម្រុះ និងបង្រួញផ្ទៃដីបឹងទន្លេសាបប៉ុណ្ណោះទេ តែវាក៏បំផ្លាញមុខមាត់កម្ពុជាទាំងមូលដែរ។ ការថ្លែងរបស់លោកបានធ្វើឡើង នៅក្នុងវេទិកាសារធារណៈមួយនៅថ្ងៃទី៣០ មករា ឆ្នាំ២០២៤។ 

នៅចំពោះមុខនៃការទន្ទ្រានដីអភិរក្សបឹងទន្លេសាបឥតឈប់ឈរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តនៅតាមបឹងទន្លេសាបទាំងអស់ ពង្រឹងការគ្រប់គ្រងដីអភិរក្សនោះឡើងវិញដោយសុក្រិត្យភាពនិងប្រសិទ្ធភាព។ តាមការអះអាងរបស់លោក ហ៊ុន ម៉ាណែត វិធានការកាត់ឆ្វៀលដីបឹងទន្លេសាបរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក​មិនមែនសម្រាប់ប្រយោជន៍បុគ្គលកាងដោយមន្ត្រីពុករលួយទេ តែសម្រាប់ឱ្យពលរដ្ឋមួយចំនួនក្នុងការអាស្រ័យផលនៅលើដីនោះឡើងវិញ។ 

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យគូសផែនទីតំបន់ការពារបឹងទន្លេសាបនិងបោះបង្គោលការពារនៅតំបន់នោះឡើងវិញផងដែរ។ ដោយឡែកក្នុងថ្ងៃទី៣០មករាដដែល គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ បានបើកកិច្ចប្រជុំមួយ ដើម្បីកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីធ្វើការចុះបញ្ជីដីធ្លីឲ្យមានលក្ខណៈជាប្រព័ន្ធ។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០២១​ បានដាក់ចេញវិធានការក្តៅ​ទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបនៃខេត្តទាំង៦ គឺខេត្តពោធិ៍សាត់ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។​ តាមរបាយការណ៍​របស់ក្រសួងដែនដី គិតត្រឹម​ដំណាច់ខែកក្កដាឆ្នាំ​២០២៣ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែប្រែទំហំដីបឹងទន្លេសាបប្រមាណជិត ៥៥០ ០០០ហិកតា និង​ផ្តល់ជាកម្មសិទ្ធិជូន​ប្រជាពលរដ្ឋចំនួន​​សរុប៩២៧៨៩ គ្រួសារ​។

តាមរយៈ​វិធានការនេះដែរ រដ្ឋាភិបាលកម្ពុជាបានរកឃើញ​ករណី​រំលោភ​បំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបជាច្រើនហិកតា​។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នោះ អង្គភាពប្រឆាំងអំពើពុករលួយបាន​ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ