អានតួអត្ថបទ
កម្ពុជា-​នយោបាយ

Amnesty International ស្នើតុលាការទម្លាក់បទចោទ«ក្បត់ជាតិ» លោកកឹម សុខា

អង្គការលើកលែងទោសអន្តរជាតិ Amnesty International ទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់បទចោទ«ក្បត់ជាតិ»លើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រួមនឹងសកម្មជនយោបាយផ្សេងទៀត។ អង្គការអន្តរជាតិមួយនេះយល់ថា ការផ្តន្ទាទោសលោក កឹម សុខាឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ សរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពសិទ្ធិមនុស្ស និងដើរផ្ទុយពីនីតិរដ្ឋ។ 

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃមុនសវនាការរបស់លោក កឹម សុខា​ Amnesty International បន្តជំរុញឱ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងឥតលក្ខខណ្ឌ រួមទាំងត្រូវទម្លាក់រាល់ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។ ទន្ទឹមគ្នានេះ​ អង្គការអន្តរជាតិដដែលក៏តម្រូវឱ្យរដ្ឋាភិបាលកម្ពុជា គោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសឱ្យបានពេញលេញ​ ក្នុងនោះរួមមាន សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងត្រូវបញ្ឈប់ការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។

ក្រៅពីអង្គការ​ Amnesty International គេនៅមិនទាន់ឃើញមានអង្គការអន្តរជាតិណាផ្សេងចេញមកជំរុញឱ្យតុលាការដោះលែងលោក កឹម សុខានៅមុនសវនាការបស់លោកទេ។ តែកន្លងមក នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) លោក Phil Robertson បានសរសេរសារខ្លីមួយលើបណ្តាញសង្គម​Xថា លោក កឹម សុខាគួររួចទោស ព្រោះការចោទប្រកាន់របស់រដ្ឋាភិបាលជារឿងនយោបាយ។

សូមជម្រាបថា នៅថ្ងៃទី៣០ មករាស្អែក សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខាទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យលោកជាប់ពន្ធនាគារ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ សវនាការរបស់លោក កឹម សុខានឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសំណុំរឿងនេះ។ 

គួររំឭកបន្តិចថា កាលពីថ្ងៃទី ០៣ មីនា​ ឆ្នាំ២០២៣ លោក កឹម សុខាត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬឃុបឃិតជាមួយបរទេសដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។  កាលនោះ គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការសម្រេចរំលាយចោលតបតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែរ។ លោក កឹម សុខាត្រូវតុលាការដាក់បម្រាមមិនឱ្យធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យមានជំនួបជាមួយបរទេស ឬជនណាមួយក្រៅពីក្រុមគ្រួសារ។ រាល់ជំនួបរបស់លោកត្រូវមានការអនុញ្ញាតពីតុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ