អានតួអត្ថបទ

ក្រសួងសុខាភិបាលព្រមានពីការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី

ក្រសួង​សុខាភិបាល​ព្រមាន​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​កម្ពុជា ​ខណៈជំងឺ​នេះ​ត្រូវ​បាន​រកឃើញ​​ឆ្លង​​ទៅលើ​កូនក្មេង​​ម្នាក់អាយុ៣ឆ្នាំនៅស្រុក​កំពង់​ត្របែក​ខេត្ត​ព្រៃវែង​នៅថ្ងៃទី២៥មករា​ឆ្នាំ២០២៤។ បើតាម​ក្រសួង​សុខាភិបាល អំឡុងពេល១០ថ្ងៃមុនពេលមានករណី​នេះកើតឡើង គឺមានសត្វមាន់ ទា នៅក្នុង​ភូមិ និង​ជុំ​វិញ​ផ្ទះ​របស់​កុមាររងគ្រោះបានកើតជំងឺផ្តាសាយបក្សីនេះ។

មន្ត្រីចុះដុតសំណាកដែលមានករណីផ្តាសាយបក្សី នៅខេត្តព្រៃវែង​២០២៣
មន្ត្រីចុះដុតសំណាកដែលមានករណីផ្តាសាយបក្សី នៅខេត្តព្រៃវែង​២០២៣ © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ប្រកាស​នៅថ្ងៃទី២៦​មករា ក្រសួង​សុខាភិបាលបាន​រំឭកឲ្យប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ពីជំងឺផ្តាសាយ​បក្សីនេះ ដោយ​ព្រមានថា ជំងឺH5N1នៅតែ​បន្ត​គំរាម​កំហែងដល់​សុខភាព​ប្រជាជនកម្ពុជា។

នៅចំពោះមុខនេះ បើតាម​ក្រសួង​ដដែល គឺមាន​មន្ត្រីជំនាញចុះទៅ​អង្កេត​ស្រាវជ្រាវ និង​បន្ត​ស្វែង​រក​ប្រភព​ចម្លង​ទាំង​លើ​សត្វ​និង មនុស្ស ដើម្បី​ទប់​ស្កាត់​ការ​ចម្លងទៅ​ក្នុង​សហគមន៍ រួមទាំង​អប់រំ​ផ្ស​ព្វ​ផ្សាយ​ផងដែរ។

សូមបញ្ជាក់ថា ជំងឺផ្តាសាយ​បក្សី H5N1 គឺជាប្រភេទជំងឺ​ដែល​ឆ្លង​ពីសត្វ​បក្សីឈឺទៅ​សត្វ​បក្សី​ផ្សេងទៀត​ ប៉ុន្តែ​ជួនកាលវាឆ្លងពីបក្សីឈឺទៅមនុស្សតាមរយៈ​ប៉ះពាល់​សត្វ​ដែលឈឺឬងាប់។ ផ្តាសាយ​បក្សី H5N1 ជាជំងឺ​ធ្ងន់​ធ្ងរដែល​តម្រូវ​ឲ្យមានការ​ព្យាបាលនៅមន្ទីរពេទ្យទាន់ពេល។

កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ ​២០២៣ ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញថា ​ជំងឺ​ផ្តាសាយ​បក្សី បាន​សម្លាប់​​ក្មេង​ស្រី​ម្នាក់ ​អាយុ​២​ឆ្នាំ ​នៅខេត្តព្រៃវែង និង​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ ​នៅ​ខេត្តស្វាយរៀង។ បន្ទាប់មកនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដដែល ជំងឺនេះបានកើតលើស្រ្តី​អាយុ ២១ ឆ្នាំម្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត។

បើតាមប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លង​ជំងឺផ្តាសាយបក្សី H5N1 ជិត៦០ ករណី ធ្វើឲ្យមានមនុស្សស្លាប់សរុប ៣៨នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ