អានតួអត្ថបទ

លោក អំ សំអាត៖ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ស្រប​នឹង​បរិបទ​បច្ចុប្បន្ន

នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូបាន​លើក​ឡើង​ថា ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែងស៊ីសងឆ្នាំ​១៩៩៦ គឺសម​ស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន។ ស្ថានការណ៍​បច្ចុប្បន្ន​ដែល​មន្ត្រី​អង្គការសង្គម​ស៊ីវិល​រូបនេះ​មើល​ឃើញ​ថា ការ​លេង​ល្បែងស៊ីសង់​និងល្បែង​តាមអនឡាញ​កំពុង​ក្លាយ​ជា​រូបភាព​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម។   

ប្រភេទល្បែងសុីសងនៅតាមមូលដ្ឋាន
ប្រភេទល្បែងសុីសងនៅតាមមូលដ្ឋាន © Internet
ផ្សាយពាណិជ្ជកម្ម

ការ​លើកឡើង​របស់ លោក អំ សំអាត ធ្វើឡើង​ស្របពេល​ដែល​ក្រសួងមហាផ្ទៃ កំពុងរៀបចំ​ធ្វើវិសោធនកម្មច្បាប់ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ១៩៩៦។ ក្រសួងមហាផ្ទៃបាន​អះអាង​ថា ការរៀបចំ​ធ្វើ​វិសោធនកម្មច្បាប់​មួយ នេះ​មាន​កម្មវត្ថុ​ធ្វើ ឲ្យ​ស៊ី​ចង្វាក់​ជាមួយ​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​ល្បែងពាណិជ្ជកម្ម​ឆ្នាំ២០២០​ក្នុង ការធានា​ឱ្យមាន​ការបង្ក្រាប និងការ​លុបបំបាត់​ល្បែងស៊ីសងខុស​ច្បាប់​គ្រប់ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព។ តាម​ក្រសួងមហាផ្ទៃ ច្បាប់​ស្ដីពី​ការបង្ក្រាបល្បែង​ស៊ីសង​ឆ្នាំ ១៩៩៦ មិនអាច​ឆ្លើយតប​ទៅ​នឹង​បរិបទ​នៃ​ការរីក​ចម្រើន​បច្ចេកវិទ្យា​ក្នុង​សម័យឌី​ជីថល​បានទេ។

គួរបញ្ជាក់ថា ច្បាប់​ស្ដីពី​ការ​បង្ក្រាបល្បែង​ស៊ីសងឆ្នាំ​១៩៩៦ មាន៤​ជំពូកនិង​១៣មាត្រា។ មាត្រាទី ៥ បានបញ្ជាក់ថា អ្នក​បើក​កន្លែង​លេងល្បែង​ស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នក​ចាត់​ចែង និង​ភ្នាក់​ងារ​លេងល្បែងស៊ី​សង​នឹង​ត្រូវផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល និង​ដាក់​គុក​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។ 

ចំណែកមាត្រាទី ១០ បានបញ្ជាក់ថា ក្រៅពីរដ្ឋាភិបាល អាជ្ញាធរណា​ក៏ដោយ​ក៏គ្មាន​សិទ្ធិ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​បើកលេងល្បែង​ស៊ីសង​នៅ​កន្លែង​ណាជា​ដាច់​ខាត។ ចំពោះ​មន្ត្រី ឬភ្នាក់​ងារ​រាជការ​ណា​ដែលនៅ​តែ​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​បើក​ល្បែង​ស៊ីសង នឹង​ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។

លោក អំ សំអាត នាយកទទួល​បន្ទុក​កិច្ចការទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​យល់​ស្រប​ថា  ល្បែង​ស៊ីសង់​នា​ពេល បច្ចុប្បន្ន​កាន់​តែ​មាន​លក្ខណៈ​ទំនើប និង​សម្បូរបែប​ដែល​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្មច្បាប់​សព្វថ្ងៃដើម្បី​ដាក់​បន្ទុក​លើ​ជន​ប្រព្រឹត្ត។ តែ​លោក អំ សំអាត ក្រើន​រំឮក​ថា បើ​មាន​ច្បាប់​ល្អ តែ​ការ​អនុវត្ត ច្បាប់គ្មាន​ប្រសិទ្ធិ​ភាព​ក៏​មិន​អាច​ទប់​ស្កាត់​បទល្មើស​បាន​ដែរ។

គួររម្លឹកថា ក្នុងរយៈពេល ៣​សប្ដាហ៍​នៃ​ខែមករា​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ទីតាំង​ល្បែង​ស៊ីសង​ខុស​ច្បាប់រហូត​ដល់ ៤៣ទីតាំង​ក្នុង​ភូមិ​សាស្រ្តរាជ​ធានី​ភ្នំពេញ និង​ចាប់ជន​សង្ស័យ​សរុប ៧២នាក់​បញ្ជូន​ទៅ តុលាការ នេះ​បើតាម​របាយការណ៍​របស់ក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ