អានតួអត្ថបទ

សង្គម​ស៊ីវិល ​៥៥​អង្គការ​ស្នើសុំ​លោក ​ហ៊ុន ម៉ាណែត​កសាង​ស្តូប​បញ្ចប់​វប្បធម៌​និទណ្ឌភាព

នៅថ្ងៃ​ទី​២២ ខែ​មករា​នេះ ​ក្រុម​អង្គការ​សង្គមស៊ីវិល ​សហជីព​ចំនួន​ ៥៥​ស្ថាប័ន ​បានដាក់​ញត្តិ​មួយ​ជូនលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ដើម្បី​ស្នើសុំ​កសាង​ស្តូប«​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​»នៅ​រាជធានី​ភ្នំពេញ។​ សំណើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ ធ្វើឡើង​នៅក្នុង​ឱកាស​ប្រារព្ធ​ខួប ​២០​ឆ្នាំ នៃ​ឃាតកម្មលើ​លោក ​ជា វិជ្ជា ​មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការប្រារព្ធខួប២០ឆ្នាំ នៃឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ
ការប្រារព្ធខួប២០ឆ្នាំ នៃឃាតកម្មលើលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ © សហជីព
ផ្សាយពាណិជ្ជកម្ម

ញត្តិដែលមាន​រាយឈ្មោះ​អង្គការក្រៅ​រដ្ឋាភិបាល សហជីព ​សហគមន៍​ដីធ្លីចំនួន​៥៥ បានសរសេរ​ត្រង់ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ថា ​ការដែល​មានស្តូប​ «បញ្ឈប់​វប្បធម៌​និទណ្ឌភាព»​ ពិតជាមាន​សារៈសំខាន់​យ៉ាងខ្លាំង​ ដើម្បី​ជាការដាស់តឿន ​និង​ក្រើនរំលឹកដល់​ភាគីពាក់ព័ន្ធ​ឲ្យនាំគ្នាលុប​បំបាត់វប្បធម៌​និទណ្ឌភាព ​លើកកម្ពស់​យុត្តិធម៌សង្គម ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅប្រទេសកម្ពុជា​។

ដោយលើកឡើង​ពី​សំដី​លោក ជា វិជ្ជា ​ដែលថា «​យុត្តិធម៌សង្គម​គឺជាមូលដ្ឋាន​គ្រឹះនៃសន្តិភាព»​ ក្រុមអង្គការ​សង្គមស៊ីវិល​បានរំលឹកដល់​រដ្ឋាភិបាលឲ្យ​បំពេញកាតព្វកិច្ច​លុបបំបាត់​វប្បធម៌និទណ្ឌភាព ​និង​ត្រូវមានភាព​ឯករាជ្យនៃ​ប្រព័ន្ធយុត្តិធម៌​។

ញត្តិសង្គមស៊ីវិល​ក៏បាន​រៀបរាប់ផងដែរ​ពីឃាតកម្ម​លើអ្នកកាសែត​ចំនួន ១៥នាក់ ​ចាប់តាំងពី​ឆ្នាំ១៩៩៤​ ក្នុងនោះមាន ​១២នាក់ បាន​បាត់បង់ជីវិត​ ដោយសារតែ​ការរាយការណ៍​ព័ត៌មានរសើប​នៅក្នុង​ប្រទេសកម្ពុជា​ និងដែលរហូតមក​ទល់ពេលនេះ ​ពុំមានជន​ល្មើសណាម្នាក់​ត្រូវបាន​នាំយក​មកកាត់ទោស​តាមច្បាប់​ឡើយ​។

បញ្ហា​និទណ្ឌភាព​ផ្សេងទៀត​ក៏ត្រូវបាន​រាប់បញ្ចូល​នៅក្នុង​ញត្តិផ្ញើទៅ​ប្រមុខរដ្ឋាភិបាល​ដែរ ដូចជា​អតីតអភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត ​បានបាញ់​ទៅលើកម្មការិនី​កាត់ដេរ​៣នាក់​ឲ្យរងរបួស ​ឃាតកម្មលើលោក​បណ្ឌិត កែម ឡី ​រួមនឹងឃាតកម្ម​លើមេដឹកនាំ​សហជីព លោក ​ជា វិជ្ជា ជាដើម​។ មន្ត្រី​រដ្ឋាភិបាល និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៅមិនទាន់​មានការឆ្លើយតប​យ៉ាងណា​នៅឡើយទៅនឹង​សំណើរ​របស់ក្រុមអង្គការ​សង្គមស៊ីវិល​ពេលនេះ​។

សូមរំលឹកថា​លោក ជា វិជ្ជា ​អតីតប្រធាន​សហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា ​ត្រូវបាន​ជនមិនស្គាល់មុខ​បាញ់ប្រហារ​ឲ្យស្លាប់ភ្លាម​ៗ​នៅខាងមុខ​តូបលក់កាសែត​មួយក្បែរ​វត្តលង្កា ​នៅថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤​។

ចាប់តាំង​ពីថ្ងៃ​នោះមក ​​មេដឹកនាំ ​និង​សកម្មជន​សហជីព សង្គម​ស៊ីវិលតែងនាំគ្នា​ធ្វើពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជារៀងរាល់ឆ្នាំ​ដោយមិនដែល​ខកខាន​នៅមុខ​តូបលក់​កាសែត និង​នៅមុខ​រូបសំណាក​លោក ជា វិជ្ជា ​ធ្វើអំពីថ្ម​។ ជាមួយគ្នា​នោះ សម្រែក​រកយុត្តិធម៌​ក៏បន្លឺ​ឡើង​គ្រប់ពេល​វេលាដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ