អានតួអត្ថបទ

លោកយ៉ង់សាំងកុមារបដិសេធលើការចោទប្រកាន់រឿងលុយជាង ៣០លានដុល្លារ

លោក យ៉ង់សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មបង្ហាញការហួសចិត្តនឹងការលើកឡើងរបស់គណនីអនាមិកមួយកាលពីថ្ងៃទី១៨មករា ដែលថា លោកមានជាប់ពាក់ព័ន្ធនឹងលុយប្រមាណជាង៣០លានដុល្លារ។ តែលោកនៅមិនទាន់សម្រេចថានឹងឆ្លើយតប ឬដាក់ពាក្យបណ្ដឹងនៅឡើយទេ ព្រោះមិនដឹងគណនីអនាមិកមួយនោះចង់និយាយពីអ្វី។

លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម
លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃសុក្រ ទី១៩ មករានេះ លោកយ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់យ៉ាងខ្លីថា ការចោទប្រកាន់បង្ហោះតាមបណ្ដាញសង្គមដែលថាលោកជាប់ពាក់ព័ន្ធនឹងលុយកាក់ប្រមាណ៣០លានដុល្លារជារឿងប្រឌិតទាំងស្រុង។ ទន្ទឹមនឹងការទាត់ចោលនេះ លោកក៏បានបង្ហាញពីការហួសចិត្តដែរចំពោះការចោទប្រកាន់យ៉ាងដូចនេះមកលើរូបលោក។

សូមជម្រាបថា លោកយ៉ង់សាំងកុមារត្រូវបានគេស្គាល់ជាប្រធានអង្គការកសិកម្មសេដាក និងជាសហស្ថាបកនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុននឹងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០២២។

ដោយឡែក និងក្រៅពីចោទប្រកាន់លើលោកយ៉ង់សាំងកុមារ  គណនីដដែលមួយនេះក៏បានចោទប្រកាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោក ព្រាប កុលពាក់ព័ន្ធនឹងការកិបកេងលុយរាប់សិបលានដុល្លារដែរ។ គណនីអនាមិក Chivann Pen ចេញផ្សាយថ្ងៃទី ១៥ មករាអះអាងថា លោកព្រាប កុលដែលជាអតីតអ្នកតស៊ូមតិសង្គមបានរៀបចំយកលុយចេញប្រមាណ៨០លានដុល្លារពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគមួយហៅកាត់ថា CIC។ យ៉ាងណា លោកព្រាប កុលបានបញ្ចេញប្រតិកម្មភ្លាមៗដោយទាត់ចោលការចោទប្រកាន់នេះ និងព្រមានចាត់ការតាមផ្លូវច្បាប់ ដោយតម្រូវឲ្យម្ចាស់គណនីនេះលុប និងសុំទោសជាសាធារណៈ។

តែទោះមានការព្រមានពីលោកព្រាប កុលក្ដី ម្ចាស់គណនីអនាមិកក្រោមឈ្មោះ Chivann Pen មកដល់ថ្ងៃទី១៩មករានេះ នៅតែរក្សាជំហរចោទប្រកាន់ដដែល និងអះអាងពីការរៀបរាប់រឿងលោកយ៉ង់ សាំងកុមារជាបន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ